ភ្នំពេញ ៖ ទីតាំងលួចលាក់ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ឆ្លងដែនចំនួន ២កន្លែង ត្រូវបានកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយសមត្ថកិច្ចនិងស្ថានទូតថៃ ចុះឆែកឆេរបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យចំនួន៣៣នាក់ ក្នុងនោះមានជនជាតិថៃ ចំនួន២៥នាក់ ជនជាតិចិន៤នាក់ និងខ្មែរ៤នាក់ ។
ប្រតិបត្តិការនេះធ្វើឡើង តាំងពីម៉ោងប្រមាណ ៦ព្រឹករហូតដល់១១ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នោះ ដឹកនាំ ដោយ លោកឧត្តមសេនីយ៍ ទោ ជាអេង យ៉ុង ស្នងការ សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីប៉ូលិសថៃ និងស្ថានទូតថៃផងដែរ។
ទីតាំងដែលសមត្ថកិច្ចឆែកឆេរ នោះមួយកន្លែង ស្ថិតនៅភូមិរោងចក្រទី១ សង្កាត់គោគឃ្លាង និងមួយកន្លែងទៀត ជាភូមិគ្រឹះស្ថិត នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមព័ត៌មានអោយដឹងថា ទីតាំងទី១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ម្នាក់ ដែលជាអ្នកយាម។ ចំណែកជនសង្ស័យផ្សេងទៀត បានដឹងខ្លួនទាន់គេចខ្លួនបាត់អស់។ដោយ ឡែកទីតាំងទី២ សមត្ថកចិ្ចឃាត់ខ្លួនបានជនសង្ស័យចំនួន៣២នាក់ ដែលសរុបទាំងអស់៣៣នាក់ ក្នុងនោះ មានជនជាតិថៃ២៥នាក់(មានស្រី៨នាក់) ជនជាតិចិន តៃវ៉ាន ៤នាក់ និងជនជាតិខ្មែរ ចំនួន ៤នាក់ (មានស្រី៣នាក់) ។ ទន្ទឹមនោះអ្នកព័ត៌មានក្នុងស្រុកត្រូវបានរារាំង សូម្បីតែថតនៅខាងក្រៅ ក៍ត្រូវបានកងរាជអាវុធហត្ថចាប់ទាញមិនឲ្យថត និងគំរាមអោយលុបរូបចោលទៀតផង ។
តាមព័ត៌មានអោយដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបករណីបទល្មើសឆ្លងដែននេះ សមត្ថកិច្ចដកហូតបានឧបករណ៍ដែលជាមធ្យោបាយធ្វសកម្មភាពចាប់ជំរិតមួយចំនួនធំផងដែរ ។
តាមព័ត៌មានអោយដឹងថា ជនសង្ស័យជាក្រុមចាប់ជំរិតឆ្លងដែនចម្រុះជាតិសាសន៍ ដែលបានធ្វើសកម្មភាពចាប់ជម្រិតតាមប្រពន្ធអ៊ីនធើណែត ទៅប្រទេសថៃ និងចិន ដោយយកប្រទេសកម្ពុជា ជាកន្លែងធ្វើសកម្មភាព។
តាមព័ត៌មានអោយដឹងថា តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចថៃក៍ដឹងពីបណ្តាញ ជនសង្ស័យ ដែលសមត្ថកិច្ចក៍បានទាក់ទងមកកម្ពុជា សហការហើយឈានទៅបង្ក្រាបជនសង្ស័យ តែម្តង ។
តាមព័ត៌មានអោយដឹងថា ការឈានទៅបង្ក្រាបបានជនសង្ស័យបន្ទាប់ពីសមត្ថកិច្ចឆែក ឆេរ បង្ក្រាបបានបក្សពួកមួយចំនួននៅខេត្តព្រះសីហនុ។ ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ទី បញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់៕