កំពង់ស្ពឺ ៖ សង្វៀនបញ្ជល់មាន់លួចលាក់មួយកន្លែងត្រូវបានកម្លាំងនគរបាលក្រុងច្បារមនធ្វើការចុះបង្ក្រាប ប៉ុន្តែអ្នកលេងបានរត់គេចបាត់ស្រមោល ចាប់បានតែកៅអី តង់ប្រក់ និងទ្រុងមាន់ប៉ុណ្ណោះ។
ហេតុការណ៍ចុះបង្ក្រាបសង្វៀនខាងលើនេះកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៨នៅក្នុងដីព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់លោកវរៈសេនីយ៏ឯក អ៊ូច ហៀង អធិការនគរបាលក្រុងច្បារមនបានដឹក កម្លាំអធិការក្រុងច្បារមន ចំនួន១០នាក់ ដឹកនាំដោយចុះទៅបង្ក្រាបកន្លែងជល់មាន់លួចលាក់ក្នុងព្រៃចំណុចដីក្រហមចំងាយប្រហែល ៣គីឡូម៉ែត្រ ពីភូមិត្រពាំលើក សង្កាត់រការធំ ធ្វើការដកហូតវត្ថុតាង កៅអីចំនួន ១៥ កៅអី ជាលក្រុងមាន់ចំនួន២ តង់ប្រក់ចំនួន ២តង់ផងដែរ។
លោកបានបន្តថាបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានក្រុមអ្នកញៀនល្បែងបញ្ជល់មាន់លួចលាក់លេងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រណៃណីចិននេះ លោកបន្ទាប់ពីទទួលបានក៏ដាក់ផែនការចុះបង្ក្រាបតែម្តង ប៉ុន្តែក្រុមអ្នកញៀនល្បែងហាក់បីដូចជាដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានដឹកតាមរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងច្បារមន៕