ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ចំនួន​៥៥​ខ្នង​នៅ​ក្រុង​សំរោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2018 ក+ ក-

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ភ្លៀង​កក់ខែ​មួយ​មេ បាន​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ដែល​បាន​បំភ្លេច​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ៥៥​ខ្នង​ផ្ទះ ក្នុងនោះ​ក៏មាន​លំនៅដ្ឋាន ចំនួន​៥ ខ្នង ត្រូវបាន​រង​ការខូចខាត​ទាំងស្រុង ហើយ​ក៏មាន​លំនៅដ្ឋាន​ខ្មែរ​-​ឥស្លាម មួយចំនួនទៀត ក៏​រង​ការវាយប្រហារ ដោយ​គ្រោះមហន្តរាយ​នេះដែរ​។​

​តាម​របាយការណ៍​ពី​អាជ្ញាធរ បានអោយដឹងថា ភ្លៀង​កក់ខែ​ដែល​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ទៅលើ​តំបន់​មួយចំនួន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ៤​លា្ង​ច​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៨ បានធ្វើអោយ​ផ្ទះ​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ខ្មែរ​-​ឥស្លាម ត្រូវ​រំលំ​ខ្ទេច ហើយ​ខ្លះទៀត​ប៉ើង​ដំបូល និង​ជញ្ជាំង អស់​ចំនួន ៥៥​ខ្នង​ផ្ទះ​ស្ថិត នៅ​ភូមិ​កិ​រី​វ័​ន្ត សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ហើយ​ករណីនេះ​មិន​បណ្តាលអោយ​ពលរដ្ឋ​ណា​មា្ន​ក់រង​គ្រោះ​ថា្នក់​ឡើយ​។​

​យោងតាម​របាយការណ៍​របស់លោក ញ៉ើ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានអោយដឹងថា ភ្លៀង​កក់ខែ​ខាងលើនេះ ដែលមាន​កំរិត​ទឹកភ្លៀង ៣៣​ម​ម ហើយ​បាន​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ដោយបាន​វាយប្រហារ​មកលើ​តំបន់​មួយចំនួន​នៃ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បណ្តាលអោយ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រង​ការខូចខាត​អស់​ជាច្រើន​ខ្នង ហើយ​គ្រោះធម្មជាតិ​នេះ មិនបាន​ឆាប​ឆក់យក​ជីវិត​មនុ​ស្សណា​ម្នាក់​ឡើយ​៕​