ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី៦មីនានេះបានទទួល
ជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រីមួយក្រុម ដែលដឹកនាំដោយលោកជំទាវវេជ្ជ
បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរ ជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ” ដោយសម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះគឺជាឱកាសដ៏ល្អ
ប្រសើរមួយ និងប្រកបដោយអត្ថន័យសម្រាប់ស្ត្រីទាំងអស់ ដើម្បីរំលឹកឡើងវិញនូវស្នាដៃដ៏ មហិមារបស់ស្ត្រីនៅលើពិភពលោក ដែលក្នុងនោះរួមទាំងស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូ លះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូ ដើម្បីបុព្វហេតុស្ត្រី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្ថែមថា ថ្ងៃទី៨ មីនា គឺជាទិវាដែលផ្តល់ កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែលយើងទាំងអស់គ្នា ជាពិសេសបុរសត្រូវតែបន្ត ជម្រុញ និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជាយើងឲ្យកាន់តែមានភាព ប្រសើរ និងថ្លៃថ្លាថែមទៀត។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៌របស់រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈយ៉ាងមោះមុត និងកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងលើកស្ទួយនូវតម្លៃ ឋានៈ តួនាទី សិទ្ធិ និងជីវភាពរបស់ស្ត្រី ដែលឆ្លើយតបទៅនឹងសេចក្តីប្រកាសផែនការសកម្មភាព នៃទីក្រុង ប៉េកាំង ដែលបានដាក់ចេញនៅក្នុងសន្និសីទស្ត្រីពិភពលោកលើកទី៤ ឆ្នាំ១៩៩៥ គោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ និងសេចក្តីសម្រេចលើកទី៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិស្តីពី “ ស្ត្រី សុខសន្តិភាព និងសន្តិសុខ” ហើយថា ការជ្រើសរើសប្រធានបទ
“ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ ” សម្រាប់ទិវា៨ មីនា ឆ្នាំ២០១៨ នេះ ពិតជាមាន សារៈសំខាន់ និងស្របទៅនឹងបរិបទតំបន់ និងសកល ជាពិសេសសម្រាប់កម្ពុជាយើង ដែល ជានិច្ចកាលបានផ្តល់តម្លៃជាសារវ័ន្តនូវតម្លៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីអភិវឌ្ឍសង្គមឆ្ពោះទៅបន្តលើកកម្ពស់សិទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ព្រមទាំងសុខុមាលភាពសង្គម។ សម្តេចថា ជាការពិតណាស់ សន្តិភាព ពិតមាន សារៈសំខាន់ និងមិនអាចខ្វះបាន ហើយវាគឺជាបំណងប្រាថ្នារបស់ទាំងអស់គ្នា ព្រោះបើមាន សុខសន្តិភាព គឺមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ទីកន្លែង ក៏ជាកាលានុវត្ត ភាព របស់ស្ត្រីចូលអភិវឌ្ឍសង្គមជាតិ។ ផ្ទុយទៅវិញ ជម្លោះ និងអំពើហិង្សា គឺជាឧបសគ្គដ៏ ចម្បងនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ហើយធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវកាយ និង ផ្លូវចិត្តបុគ្គល ជាពិសេសអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលជាការរំលោភសិទ្ធិមនុស្ស ហើយផ្តល់ផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្ត្រី និងកូនរបស់ពួកគេ។ ជាក់ស្តែង សង្គ្រាមនៅ កម្ពុជាយើងដែលបានអូសបន្លាយអស់ជាងបីទសវត្សរ៍ បានបង្ករនូវសោកនាដកម្មយ៉ាងជូរចត់ និងបន្សល់ទុកនូវក្តីទុក្ខវេទនា និងការលំបាកដ៏ធ្ងន់ធ្ងរចំពោះស្ត្រីកម្ពុជា ដោយធ្វើឱ្យស្ត្រីជា ច្រើនសែននាក់ត្រូវវិនាស ព្រាត់ប្រាសគ្រួសារ សាច់ញាតិ បងប្អូន និងមិត្តភ័ក្រ ហើយបាន ក្លាយខ្លួនជាស្ត្រីមេម៉ាយ និងរស់ក្នុងសភាពក្រីក្រ ទុរគត និងភ័យខ្លាច រកអ្វីមកប្រៀបផ្ទឹម ពុំបានឡើយ៕
ប្រធានរដ្ឋសភាកម្ពុជាជួបជាមួយប្រតិភូស្ត្រីក្នុង ទិវាអន្តរជាតិនារី ៨មីនា