ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឲ្យអង្គការសហប្រជាជាតិកម្ពុជា ដាក់អ្នកសង្កេតការណ៍ ឬបង្កើតស្នាក់ការផ្ទាល់ខ្លួននៅក្នុង ទីស្នាក់ការ គ.ជ.ប ផ្ទាល់ ដើម្បីសង្កេតដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ ចៀសវាង ការមន្ទិលសង្ស័យនានានៅក្នុងការបោះឆ្នោតនៅកម្ពុជា។
ការស្នើរបស់លោក ហង្ស ពុទ្ធា បានធ្វើឡើងក្រោយពីបញ្ចប់ជំនួបពិភាក្សាជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅ ទីស្នាក់ការ គ.ជ.ប កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។
ក្នុងជំនួបពិភាក្សាជាមួយ គ ជ ប លោកស្រី រ៉ូណា ស្មីត បានបង្ហាញការព្រួយបារម្ភ ចំពោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខ ដោយលោកស្រីបានជំរុញឲ្យ គ.ជ.ប ត្រូវធានាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើៗគ្នាក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ប្រកបដោយក្តីពេញ ចិត្ត និងបានជំរុញឲ្យ គ.ជ.ប អនុវត្តនូវបទប្បញ្ញត្តិនានាដែលមានចែងស្រាប់ ដើម្បីធានាឲ្យមានការ ប្រកួតប្រជែងដោយស្មើៗភាពគ្នា។
ឆ្លើយតបនឹងក្តីព្រួយបារម្ភនេះ អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ចំពោះការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រខាងមុខនេះ បើទោះបីជាគ្មានការជំរុញពីភាគីណាក៏ដោយ ក៏ គ.ជ.ប បានប្ដេជ្ញាចិត្តរួចជាស្រេចក្នុងការរៀបចំការបោះឆ្នោតមួយ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិ ធម៌ ដែលគណបក្សនយោបាយទាំងអស់ទទួលយកបានដោយការពេញចិត្ត។ ហ
ដើម្បីបង្ហាញ ភាពប្រត្យក្សចំពោះសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិផងនោះ អ្នកនាំពាក្យ ហង្ស ពុទ្ធា បានស្នើឲ្យអង្គការសហប្រជាជាតិ តាមរយៈលោកស្រី រ៉ូណា ស្មីត ដាក់អ្នកសង្កេតការណ៍របស់ខ្លួន ឬបង្កើតស្នាក់ការផ្ទាល់ខ្លួននៅទីស្នាក់ការ គ.ជ.ប ដើម្បីសង្កេតមើលដំណើរការបោះឆ្នោតថ្នាក់ជាតិ នៅកម្ពុជា ដែលនឹងត្រូវដំណើរការឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីឲ្យបាន ច្បាស់លាស់ទាំងអស់គ្នា ប៉ុន្តែលោកស្រី រ៉ូណា ស្មីត មិនទាន់បានការបញ្ជាក់បែបណានៅឡើយ ទេ៕