ខេត្តព្រះវិហារ ៖ ផ្លូវលំដីសចំនួន៤ខ្សែ ក្នុងភូមិត្រពាំងខាងលិច ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានប្រវែងសរុប៨៣០០ម៉ែត្រ ដោយចំណាយអស់ថវិកាប្រមាណជិត៣ម៉ឺនដុល្លារសហរដ្ឋអាមេរិច ព្រមទាំងសមទ្ធិផលនានាជាច្រើនទៀត ត្រូវបានអាជ្ញាធរមូលដ្ឋានសហការជាមួយប្រជាពលរដ្ឋ រៀបចំពិធីបុណ្យឆ្លងដាក់ឲ្យដំណើរការប្រើប្រាស់ ក្រោមវត្តមានលោក ភីវ ឌៀន អភិបាលរងស្តីទី តំណាងដ៏ខ្ពង់ខ្ពស់លោក ជា គឹមសេង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត។ ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក .ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩មិ្សលមិញ។
យោងតាមរបាយការណ៍របស់លោក មូល ម៉ាប់ មេឃុំកន្ទួតបានឲ្យដឹងថាសមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់រួមមាន ៖ ផ្លូវលំដីសខ្សែទី១ មានប្រវែង២៦០០ម៉ែត្រ, ផ្លូវលំដីសខ្សែទី២ មានប្រវែង១៣០០ម៉ែត្រ, ផ្លូវលំដីសខ្សែទី៣ មានប្រវែង២៦០០ម៉ែត្រ និងផ្លូវលំដីសខ្សែទី៤ មានប្រវែង១៨០០ម៉ែត្រ។
នៅក្នុងរបាយការណ៍លោកមេឃុំបានសរសេរបញ្ជាក់បន្តថា ចំពោះផ្លូវលំដីសទាំង៤ខ្សែខាងលើនេះ បានចំណាយអស់ថវិកាសរុបចំនួន២ម៉ឺនប្រាំបីពាន់ដុល្លាសហរដ្ឋអាមេរិច ដែលមានប្រវែងសរុបចំនួន៨៣០០ម៉ែត្រ។ ចំពោះថវិកាទាំងអស់គឺបានមកពីការជួយឧបត្ថម្ភគាំទ្រជ្រោមជ្រែង របស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជន។ លោកមេឃុំបន្ថែមថា ភូមិត្រពាំងសង្កែខាងលិច ក៏ទទួលបាននូវការជួយឧបត្ថម្ភពីសំណាក់លោក ស្រី ឌឹក និងលោកស្រី នូវអណ្ដូងទឹកស្អាតចំនួន២ មន្ទីរអភិវឌ្ឍន៍ជនបទចំនួន២អណ្តូង មន្ទីរបរិស្ថានចំនួន១អណ្តូង និងអង្គការ CWS អណ្តូងទឹកស្អាតចំនួន២ និងបង្គន់អនាម័យចំនួន១៨ ស្មើនឹង១៨គ្រួសារ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ អភិបាលរងស្តីទីស្រុកជាំក្សាន្ត លោក ភីវ ឌៀន ក៏បានលើកឡើងនូវការគាំទ្រ និងកោតសរសើរខ្ពស់ចំពោះស្នាដៃ នៃកិច្ចការក្នុងការសហការ រវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ ក៏ដូចជាការខិតខំប្រឹងប្រែងគៀងគរនូវសប្បុរសជនជិតឆ្ងាយ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចំរើន កើតឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមម្លប់សន្តិភាព នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក ភីវ ឌៀន អភិបាលរងស្តីទី ក៏បានធ្វើការអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានូវរាល់សមិទ្ធផលទាំងអស់ដែលយើងរួមគ្នាសម្រេចបានឲ្យគង់វង់ និងយូរអង្វែង៕ ដោយ ៖ កូវ ប៊ុនហេង