តុលាការបន្តចូលក្នុងសំណុំរឿងលោក កឹម សុខា ទាក់ទងសម្ងាត់ជាមួយបរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2020 ក+ ក-

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសពីថ្ងៃ សុក្រ ថា សវនាការក្នុងសប្ដាហ៍ទី៥ គឺនៅថ្ងៃពុធ និងព្រហស្បតិ៍ នាសប្ដាហ៍ក្រោយ តុលាការនឹងបន្តសួរដេញដោលលោក កឹម សុខា អតីតប្រធានបក្សប្រឆាំងអំពីអង្គហេតុត្រូវវ៉ូវគ្នាសម្ងាត់ជាមួយបរទេសចាប់តាំងពីពេលបង្កើតគណបក្សសង្គ្រោះជាតិ មុនពេលបោះឆ្នោត និងក្រោយការបោះឆ្នោត២០១៣ រហូតដល់ពេលចាប់ខ្លួន។

លោក កុយ សៅ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងដូចនេះ មុនពេលលោកប្រកាស បិទសវនាការដែលបានធ្វើឡើងរយៈពេលតែ ១ ព្រឹកនៅថ្ងៃទី៧ កុម្ភៈ និងជាសវនាការថ្ងៃទី៨ សប្ដាហ៍ទី៤ ពាក់ព័ន្ធនឹងរឿងសន្ទិដ្ឋភាពជាមួយបរទេសរបស់លោក កឹម សុខា។

សវនាការចាប់ផ្ដើមដំបូងលោក កុយ សៅ ប្រាប់ឱ្យចាក់ខ្សែវីដេអូខ្លីៗជិត ២០ ដែលជាវីដេអូបង្ហាញពីសកម្មភាព និងការថ្លែងរបស់លោក កឹម សុខា។ ក្នុងចំណោមវីដេអូទាំង នោះ មានខ្លះបង្ហាញពីការថ្លែងសារពាក់ព័ន្ធនឹងសិទ្ធិមនុស្សកាលពីលោក កឹម សុខា ធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស។ វីដេអូខ្លះទៀតបង្ហាញពីលោក កឹម សុខា ថ្លែងសារនយោបាយក្នុងពេលធ្វើសមាជបក្ស និងការថ្លែងតាមវេទិកាជួបជាមួយអ្នកគាំទ្រកាលលោកធ្វើជាប្រធាន គណបក្សសិទ្ធិមនុស្ស។

មានវីដេអូមួយបង្ហាញពីសកម្មភាពលោក កឹម សុខា ដឹកនាំការដើរយាត្រាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការចេះប្រើប្រាស់សិទ្ធិផ្សេងៗនៅពេលលោកធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស ហើយសារនយោបាយគឺពាក់ព័ន្ធនឹងគោលជំហររបស់លោកគណបក្សសិទ្ធិ មនុស្ស និងគោលជំហររបស់អតីតគណបក្សសង្គ្រោះជាតិជុំវិញមូលហេតុបង្កើតគណបក្សទាំង ២ នេះ។

សូមជម្រាបថា ក្នុងរយៈពេលសវនាការប៉ុន្មានសប្ដាហ៍មកនេះ តុលាការបានបើកការសួរ ដេញដោលលោក កឹម សុខា អំពីសកម្មភាពរបស់លោកចាប់តាំងពីក្លាយជាតំណាងរាស្ដ្រដំបូងក្នុងឆ្នាំ ១៩៩៣។ ការឈប់ធ្វើនយោបាយមកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងការ បង្កើតគណបក្សសិទ្ធិមនុស្សរហូតដល់ឆ្នាំ២០១២៕