ជនបរទេសដែលកើតជំងឺ កូវីដ១៩ លើទឹកដីកម្ពុជាអាចទទួលការព្យាបាលដោយមិនបាច់បង់ប្រាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2020 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសចេញនូវវិធានការធំៗ ចំនួនបី ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា គឺការទប់ស្កាត់ការចម្លងមកពីខាងក្រៅ ការទប់ស្កាត់ការចម្លងចូលទៅក្នុងសហគមន៏នៅក្នុងប្រទេស និងខិតខំព្យាបាលអ្នកឆ្លងកូវីដ១៩ ឲ្យជាសះស្បើយ ក្នុងនោះ ជនបរទេស ណាក៏ដោយ ដែលមានផ្ទុកវីរុស កូវីដ ១៩ នៅលើទឹកដីកម្ពុជា រាជរដ្ឋាភិបាលធានាព្យាបាលរហូតជាសះស្បើយ ដោយគ្មានតម្រូវបង់ប្រាក់នោះឡើយ។

សម្តេចតេជោ ក៏បានណែនាំឲ្យមន្ត្រីរាជរដ្ឋា ភិបាលទាំងអស់ ផ្អាកការចូលរួមប្រជុំជាអន្តរជាតិនៅក្រៅប្រទេស ហើយក៏ត្រូវ លុបចោលកម្មវិធីប្រជុំលក្ខណៈអន្តរជាតិនានានៅកម្ពុជាទៀតផង។
ជាមួយនេះ ក៏កំពុងពិចារណាក្នុងការលើកពេលកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបទៅឆ្នាំក្រោយវិញ ក្នុងករណីវីរុសកូវីដ១៩ មិនថមថយឥទ្ធិពលមកលើកម្ពុជា និងពិភពលោក ពិសេសតំបន់អឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃស្ថានភាពកូវីដ១៩។ ក្នុងដំណាក់កាលនេះ កម្ពុជាគ្មានការបិទផ្សារ បិទភោជនីយដ្ឋាន រឺបិទរោងចក្រនោះឡើយ រាជរដ្ឋាភិបាលគ្រាន់តែបិទកន្លែងកំសាន្តសប្បាយ និងការជួបជុំ បែបសាសនាផ្សេងប៉ុណ្ណោះដែលប្រមូលផ្តុំមនុស្សច្រើន ប៉ុន្តែរាជរដ្ឋាភិបាល ក៏គ្មានគោលការណ៏ផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះដែរ ប៉ុន្តែប្រជាពលរដ្ឋខ្មែរអាចជួបជុំសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមផ្ទះរៀងៗខ្លួនបាន៕