បាល់ទាត់៖ក្លិបសេះបង្កង់ Juventus ត្រូវបានសារព័ត៌មានរាយការណ៍ថា គ្រោងចំណាយលុយប្រមាណ ២៩លានផោន ដើម្បីទិញយកខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea កីឡាករ Oscar នៅរដូវកាលដោះដូរកីឡាករបើកឡើងវិញនាខែមករាខាងមុខនេះ ។
កីឡាករ សញ្ជាតិប្រេស៊ីល វ័យ២៤ឆ្នាំរូបនេះត្រូវបានគេមើលឃើញថាអាចនឹងចាកចេញពីក្លិបតោខៀវ Chelsea បន្ទាប់ពីរូបគេមិនសូវជាបានជាប់ជម្រើស១១នាក់ដំបូងរបស់លោក គ្រូបង្វឹក Jose Mourinho ចាប់តាំងពីបើករដូវកាលមកម្ល៉េះ ម្យ៉ាងក្លិបមួយនេះក៏កំពុងតែស្ថិតនៅស្ថានភាពដុនដាបយ៉ាងខ្លាំងដោយនៅ ពីលើក្លិបដែលត្រូវគេកាត់ចោលត្រឹមតែមួយពិន្ទុប៉ុណ្ណោះក្នុងតារាង ចំណាត់ថ្នាក់ក្របខ័ណ្ឌ English Premier League ។
យោងតាម ការចុះផ្សាយរបស់គេហទំព័រ Fichajes.net បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus កំពុងតែព្យាយាមទំនាក់ទំនងជាមួយនឹងក្លិបតោខៀវ Chelsea លើកិច្ចព្រមព្រៀងនាំយកកីឡាករ Oscar មកកាន់ទឹកដីនៃប្រទេសអ៊ីតាលីឲ្យទាន់ពេលវេលានៅសប្ដាហ៍នេះ បន្ទាប់ពីក្លិបមួយនេះកំពុងតែត្រូវការកីឡាករបន្ថែមដើម្បីមកពង្រឹង ទាំងក្នុងក្របខ័ណ្ឌ Italy Serie A ក៏ដូចជាក្នុងពានរង្វាន់ UEFA Champions League ។
គួរបញ្ជាក់ថា កីឡាករ Oscar ត្រូវបានក្លិបតោខៀវ Chelsea ទិញយកមកពីក្លិបនៅប្រទេសប្រស៊ីល Internacional ក្នុងតម្លៃពលកម្មចំនួន ១៩.៥លានផោនកាលពីឆ្នាំ២០១២ ៕