ព្រះវិហារ៖មេបញ្ជាការយោធាការពារព្រំដែនខ្មែរ-ថៃ នៅជិតតំបន់ប្រាសាទព្រះវិហារ បានជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ នេះ ក្នុងបំណងធានាឱ្យស្ថានភាពមិនប្រឈមមុខដាក់គ្នាបានស្ថិតក្នុងសភាពដដែលតទៅទៀត ក្រោយពេលដែលកម្លាំងកម្ពុជា-ថៃព្រមព្រៀងយកសោចាក់បិទទ្វារច្រកព្រំដែនមុខប្រាសាទព្រះវិហារឡើងវិញប្រដាប់អាវុធក្នុងរឿងជម្លោះព្រំដែនជិតប្រាសាទព្រះវិហារបានស្ងប់ស្ងាត់ជាយូរមកហើយ ។
តាមប្រភព RFA បានផ្សាយនៅថ្ងៃនេះថា ការជួបប្រជុំគ្នាជាបន្ទាន់ ធ្វើឡើងបន្ទាប់ពីមានទាហានឈុតខ្មៅ ទាហានប៉ារ៉ា ព្រមទាំងជនស៊ីវិលថៃ ខ្លះទៀត នាំគ្នាទៅកាត់ផ្ដាច់ច្រវាក់សោទ្វារដែលចាក់បិទច្រកព្រំដែន ប្រាសាទព្រះវិហារ អស់រយៈពេល ៧ឆ្នាំមកហើយនោះមក។
មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ៣ ដែលគ្រប់គងកម្លាំងការពារព្រំដែនខ្មែរ ជុំវិញប្រាសាទព្រះវិហារ គឺលោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក។ លោកមានប្រសាសន៍កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃសុក្រ ទី១៨ ខែធ្នូ ថា មេបញ្ជាការទាហានខ្មែរ-ថៃ បានយល់ព្រមជាមួយគ្នាយកសោថ្មីមកចាក់បិទទ្វារព្រំដែនប្រាសាទ ព្រះវិហារវិញហើយ តាំងតែពីព្រឹកព្រលឹមម្ល៉េះ។
លោកឧត្ដមសេនីយ៍ ស្រី ឌឹក បញ្ជាក់ថា មេបញ្ជាការយោធាខ្មែរ បានសំណូមពរទៅមេបញ្ជាការយោធាថៃ កុំឱ្យមានពលទាហានមកធ្វើសកម្មភាពកាត់ផ្ដាច់សោទ្វារព្រំដែនដោយ ឯកតោភាគីបែបនេះតទៅទៀត។
លោក ស្រី ឌឹក មិនហ៊ានប្រើពាក្យធ្ងន់ធ្ងរទៅកាន់ភាគីថៃទេ ប៉ុន្តែលោកថា ប្រសិនបើទាហានថៃ នៅធ្វើបែបនេះតទៀត ហើយបើចូលមកទឹកដីខ្មែរពេលណា គឺកងការពារព្រំដែនខ្មែរនឹងប្រើសិទ្ធិការពារអធិបតេយ្យភាព។
គួរំឭកថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ទាហានឈុតខ្មៅ និងប៉ារ៉ា ព្រមទាំងមានជនស៊ីវិលថៃ ខ្លះទៀត បានបើករថយន្តជាច្រើនគ្រឿងមកឈប់នៅក្បែរច្រកទ្វារព្រំដែនប្រាសាទ ព្រះវិហារ ហើយនាំគ្នាយកកន្ត្រៃធំកាត់ផ្ដាច់ និងយកច្រវាក់ចាក់សោទ្វារព្រំដែន នៃប្រាសាទព្រះវិហារ ទៅបាត់ ដោយមិនបានប្រាប់ឱ្យកងការពារព្រំដែនខ្មែរដឹងជាមុននោះទេ។
សូមរំឭកថា ជម្លោះប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃគឺជាចំណុចល្អក់កករនៃ ទំនាក់ទំនងរវាងប្រទេសក្បែរខាងទាំងពីរក្នុងចំណោមបញ្ហាជាច្រើន ហើយជាជម្លោះដែលធ្លាប់ឈានដល់ការប៉ះទង្គិចប្រដាប់អាវុធកាលពីឆ្នាំ ២០០៨ដល់ឆ្នាំ២០១៣។
បញ្ហាប្រសាទព្រះវិហារនេះ នៅមិនទាន់ត្រូវបានដោះស្រាយឱ្យចប់នៅឡើយទេ បើទោះបីជាតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេកាលពីឆ្នាំ២០១៣ បានសម្រេចឱ្យភាគីថៃដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជម្លោះនៅ ប្រសាទនេះក៏ដោយ ប៉ុន្តែភាគីថៃមិនទាន់បានអនុវត្តសាល ក្រម ដែលបានប្រកាសអស់រយៈ២ឆ្នាំមកហើយនេះ ដែលកាលណោះប្រទេសថៃ បានបញ្ជូនកងទ័ពចូលក្នុងតំបន់ប្រាសាទព្រះវិហារដែលជាអធិបតេយ្យភាព របស់កម្ពុជាហើយទាមទារកាន់កាប់ប្រាសាទបូរាណមួយនេះ ហើយកាលពីថ្ងៃទី១៧ធ្នូម្សិលមិញ មុនដំណើរទស្សនៈកិច្ចមួយថ្ងៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅកាន់ប្រទេសថៃ ទាហានថៃបានចូលទៅកាត់សោច្រកទ្វារចូលមកប្រសាទព្រះវិហារថែមទៀតផង ដែលរឿងនេះបានធ្វើឱ្យមានប្រតិកម្មភ្លាមៗពីខាងភាគីខ្មែរ។
បើទោះបីជាយ៉ាងនេះក្តី ក៏តាមរបៀបវារៈនៃដំណើរទស្សនៈកិច្ចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលខ្មែរលើកនេះ គ្មានបញ្ហាព្រំដែននោះឡើយ។ នៅក្នុងនោះ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំរុះលើកទី២ គឺអនុស្សារណៈស្តីពីការអភិវឌ្ឍន៍ច្រកទ្វារអន្តរជាតិស្ទឹងបត់-ណងអៀន អនុស្សារណៈស្តីពីវិស័យការងារ កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលករ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមធុរៈកិច្ចរវាងប្រទេសទាំងពីរប៉ុណ្ណោះ៕ដោយ៖បូរ៉ាស៊ី
ផែនទីតំបន់ជម្លោះខ្មែរ-ថៃ នៅប្រាសាទព្រះវិហារ RFA