ភ្នំពេញ៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានដកស្រង់សំដីមន្ត្រីក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ( Royal Railway ) ថា រថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងខែមករា នេះ។
លោក RUSSEL TIZON មន្ត្រីផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ( Royal Railway ) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ថា ការសាកល្បងលើកដំបូងនៃរថភ្លើងដឹកអ្នកដំណើរនេះ បានធ្វើឡើងពីភ្នំពេញ ទៅកាន់អូរដឹម ក្នុងចម្ងាយ ១២ គីឡូម៉ែត្រ ។លោកបន្តថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានធ្វើការសាកល្បងដឹកភ្ញៀវទេសចរតាមរថភ្លើង ចំនួន ៣ទូ អាចផ្ទុកមនុស្សចំនួន ១៥០នាក់ ហើយទូរថភ្លើងទាំង ៣ទូនោះ មានទូរថភ្លើង សម្រាប់ប្រភេទ VIP និង ២ទូទៀត សម្រាប់ភ្ញៀវទេសចរធម្មតា។ ដំណើរការសាកល្បងនោះ គឺធ្វើឡើងពីភ្នំពេញ ទៅអូរដឹម។
លោកបញ្ជាក់ថា ការចេញដំណើរពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ និងពីខេត្តព្រះសីហនុ មកកាន់ភ្នំពេញប្រើ រយៈពេល ៨ម៉ោង ផ្លូវដែកមានចម្ងាយ ២៦០គីឡូម៉ែត្រ ហើយបើកក្នុងល្បឿន ៣៥គីឡូម៉ែត្រក្នុង ១ម៉ោង។ការបើកដំណើរការឡើងវិញនេះ គឺផ្តោតសំខាន់លើភ្ញៀវទេសចរ ដើម្បីភ្ញៀវទេសចរ មើលឃើញទេសភាពធម្មជាតិស្រស់ស្អាតតាមបណ្តាខេត្តនានាពីភ្នំពេញ ទៅដល់ខេត្ត ជាប់មាត់សមុទ្រ ព្រមទាំងការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិទៀតផង។
លោកបានអះអាងថា ក្បាលរថភ្លើង និងទូរថភ្លើងផលិតឡើងក្នុងទសវត្សរ៍៦០នៅប្រទេសបារាំង បានយកមកប្រើប្រាស់សម័យសង្គមរាស្ត្រនិយម ហើយ ទូរថភ្លើងទាំង៣សម្រាប់ដឹកភ្ញៀវទេសចរ នេះខាងក្នុងតុបតែងយ៉ាងស្អាតនិងបំពាក់ឧបករណ៍ម៉ាស៊ីនត្រជាក់ និងមានអាហារដ្ឋានសម្រាប់បម្រើភ្ញៀវនៅលើរថភ្លើងទៀតផង។
លោកបានលើកឡើងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនទេសចរណ៍ កំពុងមកទំនាក់ទំនងជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេក្នុងការដឹកភ្ញៀវទេសចរ តាមរថភ្លើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ពេលដំណើរការបានល្អហើយ ក្រុមហ៊ុនគ្រោងបើកការដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវរថភ្លើង ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដោយកាត់តាមខេត្តតាកែវ និងខេត្តកំពត។
គួរជម្រាបថា ក្រុមហ៊ុន Toll Royal Railway ដែលជាកិច្ចសហការរវាងក្រុមហ៊ុន Toll អូស្ត្រាលី និងក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិតម៉េង បានទទួលបានកិច្ចសន្យាសម្បទានផ្លូវដែក ក្នុងកុងត្រារយៈពេល ៣០ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើអាជីវកម្មផ្លូវដែកជួសជុល និងថែទាំ។ ក៏ប៉ុន្តែក្រោយមក ក្រុមហ៊ុនអូស្ត្រាលី Toll បានដកខ្លួន ហើយក្រុមហ៊ុនវិនិយោគផ្លូវដែកកម្ពុជានោះ បានប្តូរឈ្មោះមកជា “Royal Railway” ដែលមានលោកឧកញ៉ា គិតម៉េង ជាប្រធាន។
យោងតាមរបាយការណ៍បានបង្ហាញថា កាចំណាយសរុបនៅក្នុងគម្រោងស្ថាបនាផ្លូវដែកកម្ពុជាពីភ្នំពេញទៅកាន់កំពង់ផែក្រុងព្រះសីហនុនេះ មានចំនួន ១៤១,៦ លានដុល្លារ ក្នុងនោះ មាន៨៤ លានដុល្លារ ជាកម្ចីហិរញ្ញប្បទានរបស់ ADB ២១,៥ លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្រា្តលី ១៣លានដុល្លារ ជាជំនួយរបស់ OPEC សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ជំនួយឥតសំណងរបស់រដ្ឋាភិបាលម៉ាឡេស៊ី ប្រហែល ២,៨ លានដុល្លារ និងសម្បទានរាជរដ្ឋាភិបាលកម្ពុជា ចំនួន ២០,៣ លានដុល្លារ៕ដោយ៖រដ្ឋា