បាល់ទាត់៖ក្លិបបាល់ទាត់ Los Angeles Galaxy ប្រកាសថា ក្លិបបានចុះហត្ថលេខានាំយកខ្សែការពារស្លាបឆ្វេង Ashley Cole មកកាន់ទឹកដីសហរដ្ឋអាមេរិក ខណៈពេលដែលកីឡាកររូបនេះបានសម្រេចចិត្តចាកចេញពីក្លិបចចកព្រៃ Roma។
ក្នុងការផ្លាស់ទៅកាន់ក្លិប Los Angeles Galaxy អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal និងតោខៀវ Chelsea សញ្ជាតិអង់គ្លេស វ័យ៣៥ឆ្នាំរូបនេះនឹងចូលរួមជាមួយខ្សែប្រយុទ្ធ Robbie Kean និងមិត្តរួមសញ្ជាតិអង់គ្លេស Steven Gerrard បន្ទាប់ពីមានកិច្ចព្រមព្រៀងក្នុងការចាកចេញរបស់ Ashley Cole ជាមួយនឹងក្លិប Roma កាលពីថ្ងៃអង្គារ។
កីឡាករ Ashley Cole បានសម្រេចចិត្តចាកចេញពីក្លិបចចកព្រៃ Roma ដោយសារតែអ្នកចាត់ការដែលទើបតែនឹងត្រូវបានបណ្ដេញចេញគឺលោក Rudi Garcia ដាក់ខ្សែការពាររូបនេះចូលលេងបានត្រឹមតែ ១៦ប្រកួតប៉ុណ្ណោះចាប់តាំងពី Ashley Cole ចាកចេញពីក្លិបតោខៀវ Chelsea កាលពីខែសីហា ឆ្នាំ២០១៤ ។
គួរបញ្ជាក់ថា ខ្សែការពារ Ashley Cole ផ្លាស់ទៅកាន់ក្លិបនៅសហរដ្ឋអាមេរិក Los Angeles Galaxy ដោយមិនមានតម្លៃខ្លួននោះទេ៕