បាល់ទាត់៖យោងតាមគេហទំព័រផ្លូវការរបស់ក្លិបចាបលឿង Norwich City បានចុះផ្សាយថា ក្លិបរបស់ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបទូកក្ដោង Everton រួចរាល់អស់ហើយលើការទិញយកខ្សែប្រយុទ្ធ Steven Naismith ក្នុងតម្លៃពលកម្មចំនួន៨.៥លានផោន។
អតីតកីឡាករក្លិប Celtic សញ្ជាតិស្កុតលែនវ័យ២៩ឆ្នាំរូបនេះក៏បានកាន់ប៊ិចចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹង ក្លិប Norwich City រយៈពេល ៣ឆ្នាំកន្លះផងដែរ។
កីឡាករ Steven Naismith ប្រាប់គេហទំព័រផ្លូវការរបស់ក្លិបចាបលឿង Norwich City ថា គាត់ពិតជារីករាយក្នុងការផ្លាស់មកកាន់ក្លិបមមួយនេះ ព្រោះថាក្លិប Norwich City គឺជាក្លិបមួយដែលគាត់គិតថាអាចនឹងធ្វើឲ្យសមត្ថភាពទាត់បាល់ របស់គាត់កាន់តែរីកចម្រើន ហើយគាត់ពិតជាពេញចិត្តនៅពេលដែលគាត់ផ្លាស់មកលេងក្នុងក្លិបមួយនេះ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Steven Naismith គឺជាកីឡាករទី៥ហើយសម្រាប់ក្លិបចាបលឿង Norwich City ដែលទិញយកមកនៅរដូវកាលដោះដូរកីឡាករក្នុងខែមករានេះ ហើយកីឡាករ៤រូបផ្សេងទៀតរួមមាន Matt Jarvis, Ivo Pinto, Timm Klose និង Ben Godfrey៕