បាល់ទាត់៖ក្រុមជម្រើសជាតិជប៉ុន U23 បានក្លាយជាជើងឯក AFC U-23 Championship បន្ទាប់វាយបកយកឈ្នះលើក្រុមជម្រើសជាតិកូរ៉េខាងត្បូង U23 ដោយលទ្ធផល ៣-២ វគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងដូហា ប្រទេសកាតារនាកីឡដ្ឋាន Abdullah bin Khalifa។
ត្រឹមនាទីទី២០ កូរ៉េខាងត្បូងបាននាំមុខជប៉ុនមុន ១គ្រាប់ ស៊ុតដោយកីឡាករ Kwon Chang-Hoon ធ្វើឲ្យកូរ៉េខាងត្បូងនាំមុខជប៉ុនបណ្ដោះអាសន្នក្នុងតង់ទីមួយ ដោយលទ្ធផល ១ទល់នឹង០។ ចូលដល់តង់ទីពីរ នាទីទី ៤៧ កីឡាករ Jin Seong-Uk បានស៊ុត១គ្រាប់ទៀត ជួយឲ្យកូរ៉េខាងត្បូងនាំមុខជប៉ុន ២-០ មុន។ យ៉ាងណាក្ដី ជប៉ុនបានតាមស្មើវិញ ដោយស៊ុតបញ្ចូលទីកូរ៉េខាងត្បូង ២គ្រាប់ផ្ទួនៗ នៅនាទីទី ៦៧ ដោយកីឡាករ Takuma Asano និងនាទីទី ៦៨ ដោយកីឡាករ Shinya Yajima ។
រហូតដល់នាទី ទី៨១ ជប៉ុនបានស៊ុតបំប៉ោងសំណាញ់ទីកូរ៉េខាងត្បូងមួយគ្រាប់ទៀត ដោយកីឡាករ Takuma Asano។ ចប់ការប្រកួតU23 ជប៉ុន យកឈ្នះ U23 កូរ៉េខាងត្បូង ៣ ទល់នឹង ២ ក្លាយជាជើងឯកពានរង្វាន់ AFC U-23 Championship ឆ្នាំ២០១៦៕