ស្វីស៖សមាគមសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានដើម្បីមកជំនួសតំណែងប្រធានចាស់លោក Sepp Blatter ដែលបានប្រកាសចុះចេញពីតំណែងកាលពីដើមខែ មិថុនា ឆ្នាំ២០១៥ដោយសារវិបត្តិ ពុករលួយផ្ទុះឡើយខ្លាំងក្លា។
តាមប្រភពសារព័ត៌មាន BBC បានផ្សាយថា មានបេក្ខជន៥រូបដែលសុទ្ធសឹងតែកាន់តំណែងធំក្នុងសមាគមសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានថ្មីរាត្រីស្អែកនេះ នៅទីស្នាក់កណ្តាលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស។
ប្រភពបន្តថា នេះជាការបោះឆ្នោតជ្រើសរើសប្រធានទី៩ ក្នុងអាណត្តិទី២៨ ដើម្បីបន្តដឹកនាំស្ថាប័នដែល មិនគិតពីប្រាក់កំរៃ ដែលធ្វើការសំខាន់ទៅលើកីឡាបាល់ទាត់ទាំងផ្នែកយុវជន បាល់ទាត់នារី និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ជាដើមដែលមានរយៈពេល៤ម្តងដូចគ្នា។
គួរបញ្ជាក់ថា ប្រធានស្តីទី FIFA លោក Sepp Blatter រួមជាមួយប្រធាន UEFA លោក Michel Platini ពុំត្រូវបានអនុញ្ញាតឲ្យឈរ ឈ្មោះឡើយ ដោយសារត្រូវក្រុមប្រឹក្សាវិន័យព្យួរមុខតំណែងរហូតដល់ទៅ៦ឆ្នាំដូចគ្នា ខណៈដែលអគ្គលេខាធិការ FIFA លោក Jerome Valcke ព្យួរមុខតំណែងរហូតដល់១២ឆ្នាំឯណោះ ខណៈដែលសមាជិកទាំង២០៩ប្រទេសរបស់ FIFA និងមន្ត្រីកំពូលៗ សុទ្ធតែមានសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីទាំងអស់៕