តម្លៃ​សំបុត្រ​វគ្គ​ផ្ដាច់​ព្រាត់ Champions League ដំឡើងថ្លៃ​១៤%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2016 ក+ ក-

បាល់ទាត់​៖​សហព័ន្ធ​បាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប UEFA បាន​ដំឡើង​តម្លៃ​សំបុត្រ ១៤% សម្រាប់​អ្នក​ចូល​ទស្សនា​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រា​ត់នៃ ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់ Champions League នៅ​រដូវ​កាល​នេះ​។
​ ​សំបុត្រ សម្រាប់​អ្នក​ចូល​ទស្សនា​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រា​ត់នៃ ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់ Champions League ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ប្រទេស​អ៊ីតាលី​នា​ថ្ងៃទី​២៨ ខែមីនា ក្នុង​ពហុ​កីឡដ្ឋាន San Siro ដែលជា​ពហុ​កីឡដ្ឋាន​រួម​របស់​ក្លិប AC Milan និង Inter Milan បានដាក់​លក់​ហើយ​ក្នុងនោះ​តម្លៃ​សំបុត្រ​ដែល​ថ្លៃ​បំផុត​មានតម្លៃ ៣៤៣​ផោន (​ស្មើនឹង ៤៧៨,៧៤ ដុល្លារ​) ពោល​កើនឡើង ៤០​ផោន ឬក៏​ស្មើនឹង ១៣% នេះ​បើ​ធៀប​ជាមួយនឹង​ឆ្នាំមុន​។
​ ​ចំណែក សំបុត្រ​ដែលមាន​តម្លៃ​មធ្យម​សម្រាប់​ព្រឹត្តិការណ៍ Champions League គឺ​សំបុត្រ​មួយ​តម្លៃ ២៥០​ផោន កើនឡើង ៣២​ផោន ស្មើនឹង ១៤% ហើយ​សម្រាប់​សំបុត្រ​ថោក​បំផុត​គឺ​មួយ​មានតម្លៃ ១២៥​ផោន និង ៥៥​ផោន ។
​ ​ពហុ​កីឡដ្ឋាន San Siro អាច​ផ្ទុក​អ្នក​ចូល​ទស្សនា​បាន​ចំនួន ៧១,៥០០ នាក់ ហើយ​សម្រាប់​សំបុត្រ​ដែល​ត្រូវ​លក់​ឲ្យ​អ្នកគាំទ្រ​របស់​ក្រុម​ទាំងពីរ​ដែល បាន​ឡើងមក​វគ្គ​ផ្ដាច់​ព្រាត់​នេះ​មាន​ចំនួន ២០,០០០​សំបុត្រ ហើយ​ក្រុម​ដែល​ទទួលបាន​ជើងឯក​នឹង​ទទួលបាន​ទឹកប្រាក់ ១៥​លាន​អឺរ៉ូ ស្មើនឹង ១៦,២៨​លាន​ដុល្លារ​។
​ សូមបញ្ជាក់ថា វគ្គ​ផ្ដាច់​ព្រាត់ Champions League កាលពី​រដូវ​កាល​មុន​បាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ពហុ​កីឡដ្ឋាន Berlin Olympic Stadium ដែលជា​ពហុ​កីឡដ្ឋាន​របស់​ក្លិប​បាល់ទាត់ Hertha Berlin ដោយ​ផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៧៤,៤៧៥​នាក់ ហើយ​ជើងឯក​បាន​ទៅលើ​ក្លិប​អ្នកមាន​បុណ្យ Barcelona ដោយបាន​យកឈ្នះ​លើ​ក្លិប​សេះបង្កង់ ២-១៕

art10.1