Arsenal ធ្លាក់​ពី FA Cup ក្រោម​ថ្វី​ជើង Watford
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​ជើងឯក​ចាស់ Arsenal បាន​ធ្លាក់​ចេញពី​កម្មវិធី FA Cup បន្ទាប់ពី​ចាញ់​ក្រុម Watford ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ចប់​មិញ​នៅ​ទឹកដី​ខ្លួនឯង​។​
២​គ្រាប់​ក្រុម​ភ្ញៀវ​សុទ្ធតែ​កើតឡើង​នៅក្នុង​តង់​ទី​២ ពោលគឺ​នាទី ៥០ និង​៦៣ តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​របស់ កីឡាករ Ighalo និង Guedioura​។ រីឯ​១​គ្រាប់​របស់​ម្ចាស់ផ្ទះ Arsenal រកបាន​ដោយ ខ្សែប្រយុទ្ធ ដែល ទើប​ប្ដូរ​ចូល Danny Welbeck នៅ​នាទី​៨៨​។​
​រាប់ទាំង​បរាជ័យ​យប់មិញ​ផង Arsenal ពេលនេះ​ចាញ់​នៅ​ទឹកដី Emirates ៣​ប្រកួត​ជាប់​គ្នា ជា​កំណត់ត្រា​អាក្រក់​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ បន្ទាប់ពី​ពួកគេ​ធ្លាប់​ជួប​លទ្ធផល​បែបនេះ​ចុងក្រោយ​ក្នុង​ឆ្នាំ ២០០៦ កាល​លេង​នៅ កីឡដ្ឋាន​ចាស់ Highbury​។​
​ឆ្លងកាត់​ការប្រកួត​កន្លង​បាន​រកឃើញ​៣​ក្រុម​ហើយ​ដែល​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួមមាន Crystal Palace, Everton និង Watford ខណៈដែល​១​ក្រុម​ទៀត​ត្រូវ​រង់ចាំ​ការ​ឈ្នះ​រវាង Man Utd និង West Ham ក្នុងការ​ប្រកួត​សាជាថ្មី​។​
​គួរ​បញ្ជាក់ថា Manchester United បាន​ត្រឹម​ស្មើគ្នា ១-១ ជាមួយ​ក្រុម West Ham កាលពី​យប់មិញ​នេះ ដូច្នេះ​ត្រូវ​ប្រកួត​ម្ដងទៀត (Replay) នៅ​ទឹកដី​របស់ West Ham វិញ​៕

88751419_odion_ighalo_getty