តេនីស៖កីឡាការិនីវាយកូនបាល់ដ៏ឆ្នើមរបស់រុស្ស៊ី Maria Sharapova ត្រូវបានដកតួនាទីជាទូតសុឆន្ទៈរបស់អង្គការសហប្រជាជាតិ ក្រោយរកឃើញថាមានប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡាប្រភេទ Meldonium កាលពីខែមករាដើមឆ្នាំនេះ។
ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ UNDP ប្រកាសមិនឲ្យកីឡាការិនីរូបនេះពាក់ព័ន្ធគ្រប់សកម្មភាពទាំងអស់ចាប់ពីថ្ងៃទី១២ ខែមីនាតទៅ នៅក្នុងអំឡុងពេលបន្តការស៊ើបអង្កេត។លើសពីនេះក្រុមហ៊ុនធំៗមួយចំនួនដែលធ្លាប់ឧបត្ថម្ភមានដូចជា៖ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Nike នាឡិកាដៃស្វីស Tag Heuer និង ក្រុមហ៊ុនរថយន្ត Porsche សុទ្ធតែបានកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងនាងផងដែរ។
ទោះជាយ៉ាងណាម្ចាស់ពាន Grand Slam ៥សម័យ វ័យ២៨ឆ្នាំ បានបកស្រាយថា ការប្រើសារធាតុ Meldonium រយៈពេល១០ឆ្នាំចុងក្រោយមកនេះគឺស្ថិតក្រោមមូលហេតុបញ្ហាសុខភាពប៉ុណ្ណោះ។
គួរបញ្ជាក់ថា Sharapova បានកាន់មុខតំណែងជាទូតសុឆន្ទៈរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ៕