បាល់ទាត់៖នាវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៨ ខែមីនាស្អែកនេះ ក្រុម Cambodia All Stars នឹងជួបប្រកួតមិត្តភាពជាមួយក្រុម Lao Premier League All Stars ដើម្បីអបអរសាទរខួបទី៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ នៅពហុកីឡដ្ឋានជាតិ។
គ្រូជនជាតិស៊ែបវ័យ៤០ឆ្នាំលោក Nikola Kavazovic ដែលជាគ្រួបង្វឹក Lanexang United នៅលីគកំពូលឡាវនាដើមឆ្នាំ២០១៦នេះ ត្រូវបានតែងតាំងជាគ្រូបង្គោល Lao Premier League All Stars បាននិយាយថា នេះមិនមែនជាលើកទី១ទេ ដែលលោកដឹកនាំក្រុមតទល់នឹងកម្ពុជា ពោលគឺកាលពីឆ្នាំ២០១២ លោកធ្លាប់ដឹកនាំក្រុមខ្លាំងរបស់តាហ្ស៊ីគីស្ថាន Istiqlol លត់ ភ្នំពេញក្រោន របស់កម្ពុជា ៦-០ នៅជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC President’s Cup 2012 ជាឆ្នាំដែលលោកលើកពានក្លិបអាជីពលំដាប់ទី៣ទ្វីបអាស៊ីជាមួយ Istiqlol។ យ៉ាងណាក្ដី កាលណោះជាជំនួបពានរង្វាន់ផ្លូវការ ឯលើកនេះគ្រាន់ជាជំនួបមិត្តភាពរឹតចំណងសាមគ្គីរវាងកម្ពុជានិងឡាវប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១២នោះ លោក Kavazovic ដឹកនាំក្លិបធំជាងគេរបស់តាហ្ស៊ីគីស្ថាន ឈ្នះគ្រប់ប្រកួតនៅ President’s Cup គឺឈ្នះ Markaz Shabab Al-Am’ari របស់ប៉ាឡេស្ទីន ១-០, ឈ្នះ Balkan របស់ទួរមេនីស្ថាន ២-១ នៅក្នុងពូល C នៃជុំបឋម រួចឡើងទៅផ្ដួល Dordoi Bishkek របស់កៀរស៊ីហ្ស៊ីស្ថាន ២-០ នៅជុំចុងក្រោយ មុនបំបាក់ Markaz Shabab Al-Am’ari ជាថ្មី ដើម្បីគ្រងជើងឯក៕
ល្ងាចស្អែក! ក្រុម Cambodia All Stars ប្រកួតជាមួយ Lao All Stars