Luis Suarez ត្រូវបាន​កោះហៅ​ចូល​លេង​ឲ្យ​ក្រុម​អ៊ុយ​រ៉ា​ហ្គា​យ​សាជាថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2016 ក+ ក-

​បាល់ទាត់​៖​បន្ទាប់​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដាក់ពិន័យ ពេលនេះ​ខ្សែប្រយុទ្ធ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona គឺ​កីឡាករ Luis Suarez ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ទីលាន​ហ្វឹកហាត់​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​សាជាថ្មី​។
​កីឡាករ​រូបនេះ​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដាក់ពិន័យ​ដោយសារតែ​ខាំ​ស្មា​ខ្សែការពារ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រទេស​អ៊ីតាលី​គឺ​កីឡាករ Giorgio Chiellini ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup កាលពី​ឆ្នាំ​២០១៤ ។​
​កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្គា​យ វ័យ​២៩​ឆ្នាំ​រូបនេះ​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដាក់ពិន័យ​តាំងតែ​ពី​រូបគេ​លេង​នៅក្នុង​ក្លិប​ហង្ស​ក្រហម Liverpool មកម្ល៉េះ​ដោយ​ហាម​មិន​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​ចំនួន ៩​ប្រកួត បន្ទាប់ពី​បានធ្វើ​សកម្ម​ភាពមិន​គប្បី​ទៅដល់​ខ្សែការពារ​របស់​ប្រទេស​អ៊ីតាលី អំឡុងពេល​ការប្រកួត World Cup ឆ្នាំ​២០១៤ នៅក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ដែល​បាន​ធ្វើឡើង​ក្នុងប្រទេស​ប្រេ​ស៊ី​ល ។​
Luis Suarez នឹងត្រូវ​បង្ហាញខ្លួន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្គា​យ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ World Cup វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ​តំបន់​អាមេរិក​ឡាទីន​ក្នុងជំនួប​ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល និង​ប្រទេស​ប៉េ​រូ ។​
​គួរ​បញ្ជាក់ថា ឆ្លងកាត់​ការប្រកួត​ចំនួន​៤​លើក​កន្លងមក​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​រកបាន​ជ័យជម្នះ​៣​លើក និង​ចាញ់​១​លើក មាន​៩​ពិន្ទុ​ដេញតាម​ប្រទេស​អេក្វាទ័រ​ដែល​ស្ថិតនៅ​លេខ​១​ចំនួន​៣​ពិន្ទុ​៕

42b30823-dbe8-48ae-84fa-95a2fcb108a6