បាល់ទាត់៖ក្រុមបាល់ទាត់ Lazio កំពុងពិចារណាដើម្បីធ្វើការផ្ទេរខ្សែប្រយុទ្ធរបស់ក្រុម AC Milan គឺកីឡាករ Fernando Torres ដែលបច្ចុប្បន្នកំពុងលេងឱ្យក្រុម Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។
អតីតខ្សែប្រយុទ្ធ Liverpool និង Chelsea រូបនេះហាក់ដូចជានឹងវិលត្រឡប់មកប្រទេសអ៊ីតាលីវិញនៅចុងរដូវកាលនេះ នៅពេលដែលកិច្ចសន្យាខ្ចីជើងជាមួយ Atletico ផុតកំណត់ ហើយមានក្លឹបមួយចំនួនកំពុងរង់ចាំគាត់បន្ត។
បើយោងតាមសារព័ត៌មាន Il Corriere della Sera បានឱ្យដឹងថា Lazio កាន់តែកៀកក្នុងការនាំកីឡាករវ័យ ៣២ ឆ្នាំរូបនេះមកចូលរួមក្នុងកីឡដ្ឋាន Stadio Olimpico ពីក្លឹប AC នៅរដូវក្តៅនេះ។
Lazio កំពុងស្វែងរកអ្នកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធជើងចាស់ Miroslav Klose ដែលគាត់ត្រូវបានរាយការណ៍ថា នឹងចាកចេញពីក្លឹបនៅពេលដែលកុងត្រារបស់គាត់ផុតកំណត់។
បន្ទាប់ពីជួបការលំបាកក្នុងការរកគ្រាប់បាល់នៅប្រទេសអេស្ប៉ាញក្នុងរដូវកាលនេះរួចមក Lazio សម្លឹងឃើញខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះជាអ្នកប្រយុទ្ធដ៏ស័ក្តិសមបំផុតដោយសារតែបទពិសោធន៍និងជំនាញរបស់គាត់៕