Remi Garde លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ​ក្រុម Aston Villa
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2016 ក+ ក-

​បាល់ទាត់​៖​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Aston Villa បាន​ចុះផ្សាយ​ថា អ្នកចាត់ការ Remi Garde បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​ដោយ​ខ្លួនឯង បន្ទាប់ពី​មានការ​ព្រមព្រៀងគ្នា​ទៅវិញទៅមក​រវាង​ក្លិប និង​រូបគាត់​ផ្ទាល់​។​
​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៤៩​ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មក​ដឹកនាំ​ក្លិប Aston Villa កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក បន្ទាប់ពី​នៅតែ​មិន​អាចជួយ​ស្រោចស្រង់​ក្លិប Aston Villa ឲ្យ​រួច​ផុតពី​តំបន់​ដែល​ត្រូវ​កាត់ចោល​ក្នុង​តារាង​ចំណាត់ថ្នាក់​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​។​
​សេចក្ដីថ្លែងការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ក្លិប Aston Villa ក៏បាន​ធ្វើការ​អរគុណ​ដោយស្មោះ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​នាពេល​កន្លងមក​របស់​អ្នកចាត់ការ Remi Garde ក្នុងពេល​វេលា​ដ៏​ពិបាក​មួយ​ចាប់តាំងពី​អ្នកចាត់ការ​រូបនេះ​ផ្លាស់​មក​ដឹកនាំ​ក្លិប Aston Villa ហើយ​ក្លិប​ក៏បាន​ជូនពរ​ឲ្យ​អ្នកចាត់ការ Remi Garde ទទួលបាន​ជោគជ័យ​នៅពេលដែល​ដឹកនាំ​ក្លិប​ផ្សេងទៀត​។​
​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Aston Villa បាន​បញ្ចា​ក់ថា ក្រោយពី​ការចាកចេញ​ចេញ​របស់លោក Remi Garde ក្លិប​បានដាក់​លោក Eric Black ឲ្យ​ដឹកនាំ​ក្លិប Aston Villa ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន ហើយ​ក្នុងនោះ​ផងដែរ​ក្លិប Aston Villa ក៏​កំពុង​តែមាន​បេក្ខភាព​៣​រូប​ដែល​អាច​នឹងត្រូវ​តែងតាំង​ធ្វើជា​អ្នកចាត់ការ​ផ្លូវការ​រួមមាន អតីត​គ្រូបង្វឹក​របស់​ក្លិប​ទូកក្ដោង Everton គឺ​លោក David Moyes អតីត​គ្រូបង្វឹក​របស់​ក្លិប​ក្ងាន​ព្រៃ Swansea City លោក Gary Monk និង​អតីត​គ្រូបង្វឹក​របស់​ក្លិប​កញ្ជ្រោង Leicester City លោក Nigel Pearson៕

1729016-36578666-2560-1440