ខេត្តមណ្ឌលគិរី៖ឪពុក និងកូន៣នាក់រួមនឹងអ្នកភូមិជនជាតិភាគតិចម្នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរីរឿងបាញ់សម្លាប់ និងដឹកជញ្ជូនសាច់សត្វទន្សោងទម្ងន់ជាង១០០គីឡូក្រាមមួយក្បាលកាលពីម្សិលមិញ។
ប្រធានព្រៃការពារ មណ្ឌលគិរី លោក ឡុង ប៊ុង បានឲ្យដឹងថា កម្លាំងល្បាតព្រៃការពារមណ្ឌលគិរីបានស្ទាក់ចាប់បានអ្នកភូមិជនជាតិភាគតិចព្នង៤នាក់នៅពេលដែលពួកគេកំពុងតែដឹកសាច់សត្វទន្សោងទម្ងន់ ១៤៥ គីឡូក្រាមមួយក្បាលតាមម៉ូតូបីគ្រឿងក្នុងតំបន់ព្រៃការពារស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែកកាលពីវេលាម៉ោងជាងពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃសៅរ៍។
លោក ប៊ុង បញ្ជាក់ថា៖ កម្លាំងល្បាតបានចាប់ពួកគេពេលកំពុងដឹកសាច់សត្វទន្សោងឈ្មោលច្រកបាវចេញពីព្រៃនៅពេលយប់។ យើងចោទប្រកាន់ពួកគេពាក់ព័ន្ធនឹងការសម្លាប់សត្វទន្សោងមួយក្បាលដែលជាប្រភេទមានដោយកម្រហើយបានបញ្ជូនទៅតុលាការហើយ។
មនុស្សទាំងបួននាក់នោះរួមមានឪពុកឈ្មោះ ធីន ក្រាក់ អាយុ ៥៨ ឆ្នាំកូនប្រុសគាត់ពីរនាក់ឈ្មោះ ក្រាក់ សុខាង អាយុ ២៧ ឆ្នាំ និងឈ្មោះ ក្រាក់ ឡេវ អាយុ ១៩ ឆ្នាំហើយអ្នកភូមិម្នាក់ផ្សេងទៀតឈ្មោះ ញ៉ន ម៉ៅ អាយុ ២៥ ឆ្នាំ។
លោក ឡុង ប៊ុង បន្តថា ពួកជនសង្ស័យបានសារភាពថាពួកគេបានឃើញសត្វទន្សោងនោះត្រូវរបួសហើយបាននាំគ្នាចាក់សម្លាប់នឹងកាំបិតហើយបានពន្លះសាច់ដឹកតាមម៉ូតូយកទៅក្នុងភូមិដើម្បីចែកគ្នាបរិភោគ។ប៉ុន្តែ មិនមែនយកទៅធ្វើការជួញដូរនោះទេ។ លោកថាបន្ទាប់ពីរឹបអូសសាច់សត្វទន្សោងនោះត្រូវបានដុតកម្ទេចចោលដោយមានការឯកភាពពីព្រះរាជអាជ្ញាសាលាដំបូងខេត្តរីឯក្បាលរបស់វាត្រូវបានរក្សាទុកនៅហ្នឹងទីស្នាក់ការព្រៃការពារមណ្ឌលគិរី។
កាលពីខែមីនាកន្លងមកសត្វខ្ទីងមួយក្បាលក៏ត្រូវបានក្រុមទាហាន ៤ នាក់ និងអ្នកភូមិម្នាក់បាញ់សម្លាប់យកសាច់នៅឃុំស្រែហ៊ុយ ស្រុកកោះញែក ដដែលនោះផងដែរ។
លោក ឡុង ប៊ុង បានឲ្យដឹងថា សំណុំរឿងសត្វខ្ទីងនោះត្រូវបានបញ្ជូនទៅតុលាការហើយនៅពេលនេះជនសង្ស័យ និងសាក្សីកំពុងតែត្រូវបានហៅទៅបំភ្លឺជាបន្តបន្ទាប់។
ករណីដាច់ដោយឡែកមួយទៀតកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយុវជនពីរនាក់កាលពីថ្ងៃសុក្របន្ទាប់ពីពួកគេបានវ៉ៃសម្លាប់សត្វឈ្លូសមួយក្បាលនៅក្នុងតំបន់អភិរក្សអង្គខេត្តសៀមរាបនៅជិតកំពែងខាងកើតប្រាសាទបាយ័នក្នុងភូមិគោកដួង សង្កាត់គោកចក ក្រុងសៀមរាប។
លោក ម៉ាន់ ឈឿន អនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌខេត្តសៀមរាបបានឲ្យដឹងថាសត្វឈ្លូសញី និងឈ្មោលពីរក្បាលបានរត់ចូលក្នុងភូមិដើម្បីរកទឹកផឹកហើយត្រូវអ្នកភូមិប្រទះឃើញក៏ដេញវ៉ៃងាប់ឈ្លូសមេមួយក្បាលនោះ។ រីឯឈ្លូលឈ្មោលត្រូវក្រុមអភិរក្សសង្គ្រោះពីអ្នកភូមិទាន់ពេលវេលាហើយយកទៅលែងទៅក្នុងព្រៃធម្មជាតិវិញ។
លោកបញ្ជាក់ថា៖ «រដូវនេះវាក្តៅខ្លាំងហើយរីងទឹកតាមថ្លុកត្រពាំងអូរអស់ទៅអ៊ីចឹងហើយវាចេញពីព្រៃមករកទឹកផឹក។ វាក៏ប៉ះនឹងកូនក្មេងនាំគ្នាដេញចាប់បានទាំងពីរក្បាលហើយវ៉ៃងាប់អស់មួយទៅ។ សមត្ថកិច្ចឃើញទាន់ក៏យកបានមួយមកវិញ។ កុំអីគេសម្លាប់ទាំងពីរហ្នឹងហើយ»។
ទោះបីយ៉ាងណាលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានឲ្យដឹងកាលពីម្សិលមិញថាអាជ្ញាធរមានសមត្ថកិច្ចគ្រាន់តែបានធ្វើការអប់រំយុវជនទាំងពីរនាក់នោះហើយបានដោះលែងទៅវិញបន្ទាប់ពីព្រមបង់ប្រាក់ផាកពិន័យមួយចំនួន។
លោកថា យុវជនទាំងពីរនាក់ដែលមានអាយុប្រមាណ ១៥ ឬ ១៦ ឆ្នាំនោះបានចុះចាប់សត្វឈ្លូសនោះបន្ទាប់ពីត្រូវសត្វឆ្កែក្នុងភូមិដេញសត្វនោះធ្លាក់ទឹកទន្លេ។
បើតាមព័ត៌មានចុងក្រោយកាលពីព្រលប់ម្សិលមិញជនជាប់ចោទ ៣ នាក់ត្រូវតុលាការសម្រេចឃុំខ្លួនលើកលែងតែជនជាប់ចោទឈ្មោះ ធីន ក្រាក់ ម្នាក់ប៉ុណ្ណោះត្រូវបានតុលាការឲ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្នដោយសារតែគាត់មានវ័យចំណាស់តែតម្រូវឲ្យតម្កល់ប្រាក់ ១០ លានរៀល។ នេះបើយោងតាមការឲ្យដឹងពីលោក ឡុង ប៊ុង៕