ក្រុងរីយ៉ូ៖ភ្លើងគប់ដែលជាសញ្ញាបើកសម្ពោធការប្រកួតកីឡាអូឡាំពិកពិភពលោក ឆ្នាំ២០១៦ដែលប្រទេសប្រេសស៊ីលធ្វើជាម្ចាស់នោះត្រូវបានដង្ហែមកដល់ទីកន្លែងចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីចាកចេញពីទីក្រុង Geneva ប្រទេសស្វីស នារសៀលថ្ងៃទី៣ ខែឧសភា។
យោងតាមសារព័ត៌មាន BBC បានផ្សាយថា ភ្លើងគប់ ត្រូវបានដង្ហែតាមជើងហោះហើរត្រង់ពីទីក្រុង Geneva នៃប្រទេសស្វីស មកកាន់ទីក្រុង Brasilia របស់ប្រេស៊ីល ដែលមានការទទួលស្វាគមន៍ពីប្រធានាធិបតី Dilma Rousseff រួមជាមួយ អត្តពលិកចំនួន ១២០០០នាក់ផងដែរ ដែលត្រូវចាប់ផ្តើមធ្វើការដង្ហែជុំវិញទីក្រុងចំនួន ៣០០នៅ ទូទាំងប្រទេស ប្រេស៊ីលក្នុងរយៈពេល៩៥ថ្ងៃ មុនការប្រកួតកីឡាអូឡាំពិក ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣១ ឆ្នាំ២០១៦ នេះ នឹងមានអត្តពលិកសរុបចំនួន ១០៥០០នាក់ មកពី ២០៦ប្រទេសចូលរួមប្រកួតដណ្តើមមេដាយទៅលើ ២៨ប្រភេទកីឡា នៅទីតាំងចំនួន៣៣កន្លែងទូទាំងប្រទេស ប្រេស៊ីល ជាមួយនឹងប្រភេទកីឡាបាល់ទាត់ចាប់ផ្តើមមុនគេ នាថ្ងៃទី៣ សីហា៕