បាល់ទាត់៖យោងតាមការណ៍ចេផ្សាយរបស់កាសែត Rheinische Post បានឲ្យដឹងនាពេលថ្មីៗនេះថា ក្រុមកាំភ្លើងធំ Arsenal បានត្រៀមលុយ ៤៣លានផោន ដើម្បីដាក់ដេញទិញយកខ្សែបម្រើរបស់ ក្រុម Borussia Monchengladbach គឺកីឡាករ Granit Xhaka ដើម្បីជួយក្រុមនៅរដូវកាលក្រោយ។
តាមប្រភពព័ត៌មានពីប្រទេសអាល្លឺម៉ង់ បានអះអាងថា ក្រុមកាំភ្លើងធំ កំពុងតែរៀបចំដាក់សំណើរជាផ្លូវការនឹងកិច្ចព្រមព្រៀងទៅតាមច្បាប់ដាក់ទៅកាន់ក្រុម Borussia Monchengladbach ដើម្បីជំរុញឲ្យមានការដាក់ដេញថ្លៃចំពោះកីឡារូបនេះឲ្យកាន់តែល្បឿន។
ក្រុមបាល់ទាត់មួយក្នុងប្រទេសបានអះអាងបន្តទៀតថា ការដាក់ដេញថ្លៃរបស់កាំភ្លើងធំ Arsenal គឺជាប្រធានបទដែលក្រុម Borussia Monchengladbach នឹងលើកយកពិចារណានាពេលខាងមុខនេះ។
គួរបញ្ជាក់ថា លោក Arsene Wenger កំពុងតែមានគោលបំណងក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិស្វីសរូបនេះ ខណៈពេលកីឡាករ Mathieu Flamini នឹង Mikel Arteta កំពុងមានបំណងក្នុងការចាក់ចេញពីក្រុមនារដូវក្តៅខាងមុខនេះ៕