ប៉ារីស៖សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA គំរាមចាត់វិធានការក្តៅទៅលើក្រុមជម្រើសជាតិអង់គ្លេស និងរុស្ស៊ី បន្ទាប់ពីមានករណីផ្ទុះអំពើហិង្សារវាងក្រុមអ្នកគាំទ្រប្រទេសទាំងពីរចំពោះលទ្ធផលក្រុមជម្រើសជាតិរបស់ខ្លួនទទួលបាននោះ។ នេះបើយោងតាមសារព័ត៌មាន Dailymail។
សារព័ត៌មានដដែលបន្តថា UEFA ឲ្យដឹងថា ការខកចិត្តនឹងកើតឡើង ចំពោះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងរុស្ស៊ី ប្រសិនបើអ្នកគាំទ្រនៅតែមិនអាចគ្រប់គ្រងស្ថានការណ៍ចំពោះ លទ្ធផលក្រុមជម្រើសជាតិរបស់ខ្លួនទទួលបាននោះ ហើយបេសកកម្មរបស់អង់គ្លេស និងរុស្ស៊ី នឹងត្រូវបានបញ្ចប់ភ្លាមៗ ករណីណាមានផ្ទុះហិង្សាជាលើកទី២ទៀតនោះ។
សូមបញ្ជាក់ផងដែរ ការគំរាមចាត់វិធាការណ៍ក្តៅបែបនេះ គឺបានកើតឡើងនៅក្រោយពេលក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ ជម្រើសជាតិរុស្ស៊ី បានបង្កហិង្សាទៅលើក្រុមអ្នកគាំទ្រអង់គ្លេស ដែលបណ្តាលឲ្យមានមនុស្ស ២០នាក់ចូលពេទ្យ ក្នុងនោះមាន២នាក់រងរបួសធ្ងន់ ក្រោយពេលក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីរាត្រីថ្ងៃសៅរ៍ ទី១១ មិថុនា ប្រកួតសន្សំពិន្ទុក្នុងពូល B ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រទាំងនេះបានប៉ះទង្គិចគ្នារយៈពេល៣ថ្ងៃមកហើយ ក្នុងទីក្រុង Marseille មុនការប្រកួតមកដល់ទៀត៕
UEFA ព្រមានដកសិទ្ធិក្រុមអង់គ្លេស និងរុស្ស៊ីចេញពី Euro 2016