ប្រដាល់៖យោងតាមលោក Michael Koncz ដែលជាទីភា្នក់ងាររបស់ Pacquioa បានថ្លែងប្រាប់ Channel News Asia កាលពីម្សិលមិញថាអតីតស្តេចប្រដាល់សកលលំដាប់ទី២ ពិភពលោក Manny Pacquiao នឹងត្រឡប់មកកាន់សង្វៀនសាជាថ្មីម្តងទៀតប្រកួតទល់នឹងជើងខ្លាំងជនជាតិអាមេរិក Jessie Vargas នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក Michael Koncz បានបន្តថា អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៨សម័យ Pacquiao បានប្រកាសជាច្រើនលើកច្រើនសា ថាគេនឹងវិលមកកាន់សង្វៀនប្រដាល់វិញ នាពេលឆាប់ៗនេះ ហើយការឡើងសង្វៀនសារជាថ្មីរបស់ Pacquiao នឹងប៉ះ Vargas ដែលធ្លាប់ប្រកួតបាន ២៨ដង ឈ្នះ២៧ដង ចាញ់១ដង និងមិនដែលស្មើឡើយ។
គួរបញ្ជាក់ថា Pacquiao បានប្រកាសចូលនិវត្តន៍ភ្លាមៗ បន្ទាប់ពីទទួលបានជ័យជំនះដោយពិន្ទុទៅលើសត្រូវចាស់ជនជាតិអាមេរិក Timothy Bradley កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៦ នៅលើសង្វៀន MGM Grand Arena នៅអាមេរិក៕