បាល់ទាត់៖ប្រធានក្លិបអ្នមានបុណ្យ Barcelona លោក Josep Maria Bartomeu បានប្រកាសថា ក្លិបនឹងផ្តល់កុងត្រាថ្មីដល់កីឡាករ Lionel Messi រហូតដល់មួយជីវិត និងចង់កីឡាកររូបនេះនៅលេងជាមួយនិងក្រុមមួយនេះរហូតដល់ចូលនិវត្តន៍ពីអាជីពជាអ្នកបាល់ទាត់តែម្តង។
ការចរចាកិច្ចសន្យាជាមួយកីឡាករវ័យ២៩ឆ្នាំរូបនេះលើកិច្ចសន្យាថ្មីសម្រាប់អនាគតរបស់កីឡាកររូបនេះដើម្បីបន្តស្នាក់នៅជាមួយ Barcelona ជារៀងរហូត ប៉ុន្តែកិច្ចសន្យារបស់ Messi ជាមួយនិងក្រុម Barcelona នាពេលបច្ចុប្បន្ននឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០១៨ ខាងមុខនេះ ហើយ Messi ក៏មានគម្រោងនឹងបន្តកុងត្រាថ្មីឆាប់ៗ។
ប្រធានក្លិបសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំរូបនេះ បាននិយាយប្រាប់ទូរទស្សន៍ ESPN ថា៖ “Messi ចង់នៅជាមួយ Barcelona ប៉ុន្មានឆ្នាំក៏បានដែរ អាស្រ័យលើគាត់។ គាត់ជាកីឡាករល្អបំផុតលើលោកក្នុងប្រវត្តិសាស្ត្រ ដែលបានលេងឲ្យ Barca។ យើងរីករាយណាស់ ដែលមានគាត់…គាត់សំខាន់ណាស់សម្រាប់ក្លឹប និងសម្រាប់អ្នកគាំទ្រ”។
Bartomeu បានបញ្ជាក់ “យើងនឹងពិភាក្សាគ្នាជាមួយ Messi នៅខែក្រោយ។ គាត់ដឹងខ្លួនហើយថា គាត់មានកុងត្រានៅទីនេះជារៀងរហូត…គ្មានពេលកំណត់សម្រាប់គាត់ទេ ប៉ុន្តែពេលវេលាកំណត់គឺអាស្រ័យលើគាត់តែប៉ុណ្ណោះ៕