បាល់ទាត់៖ក្រុមកាំភ្លើងធំ Arsenal មានសង្ឃឹមខ្ពស់ថាកីឡាករ Mesut Ozil និងកីឡាករ Alexis Sanchez យល់ព្រមកិច្ចព្រមព្រៀងរយៈពេលជាយូរនៅឯកីឡដ្ឋាន Emirates ដើម្បីបញ្ចប់មន្ទិលសង្ស័យជុំវិញអនាគតរបស់ពួកគេ។
ខ្សែបម្រើ Ozil របស់អាល្លឺម៉ង់ និងខ្សែប្រយុទ្ធសញ្ជាតិឈីលី Sanchez នៅសល់កិច្ចសន្យាពីរឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នជាមួយនឹងក្រុមកាំភ្លើងធំ។
ការចរចានេះ ត្រូវបានបើកចំហកាលពីខែឧសភាអំពីការពន្យារកិច្ចសន្យា ដើម្បីរក្សាទុកកីឡាករទាំងពីរនៅពហុកីឡាដ្ឋាន Emirates សម្រាប់រយៈពេល៥ឆ្នាំទៀត។ ការចរចានេះត្រូវបានផ្អាកទៅវិញ ដោយសារតែកីឡាករទាំងពីរជាប់បំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ អំឡុងរដូវក្តៅ។
Sanchez គឺជាគោលដៅផ្ទេរនៅរដូវក្តៅរបស់ក្លឹប Juventus ប៉ុន្តែកីឡាកររូបនេះបានបង្ហាញចេតនាយ៉ាងច្បាស់ថា ខ្លួនចង់បន្តអនាគតជាមួយក្លឹប Arsenal តទៅទៀត៕