ឥណ្ឌូនេស៊ី​សង់​ជញ្ជាំង​សមុទ្រ​យក្ស​ឡើងវិញ​ការពារ​ក្រុង​ហ្សា​ការ​តា​មិន​ឲ្យ​លិច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2016 ក+ ក-

​ឥណ្ឌូនេស៊ី​៖​រដ្ឋមន្ត្រី​ម្នាក់​បាន​និយាយថា ប្រទេស​ឥណ្ឌូនេស៊ី​នឹង​បន្ត​ការរានដី​ឡើងវិញ​ដែល​នឹង​ជួយ​ការពារ​ទីក្រុង​ហ្សា​ការ​តា​ពី​ការ​លិច​ក្រោម​នីវ៉ូ​ទឹកសមុទ្រ​។ នេះ​ជាការ​លើកឡើង​មួយ​បន្ទាប់ពី​ការងារ​ត្រូវបាន​ផ្អាក​កាលពី​ប្រាំ​ខែ​មុន​ដោយសារតែ​ក្តីបារម្ភ​ពី​បញ្ហា​បទ​ប្បញ្ញត្តិ​និង​បរិស្ថាន​។​
​ហ្សា​ការ​តា​ដែលជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​នានា​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​លើ​ពិភពលោក​គឺ​ឋិត​នៅ​លើដី​ល្បប់​ហើយ​កំពុង​លិច​ក្នុង​កម្រិត​លឿន​ជាង​ទីក្រុង​ផ្សេងទៀត​នៅក្នុង​ពិភពលោក​។​
​ក្រុង​ហ្សា​ការ​តា​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​ការការពារ​របស់ខ្លួន​ជាមួយនឹង​ជញ្ជាំង​សមុទ្រ​ប្រវែង​១៥​ម៉ា​យ​និង​ជួសជុល​ប្រព័ន្ធ​ប្រឡាយទឹក​ដែល​បាក់បែក​។​
​រដ្ឋាភិបាល​បានសម្រេច​ចិត្ត​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ឲ្យ​អនុញ្ញាត​ធ្វើការ​ដើម្បី​បន្ត​ដំណាក់កាល​ដ៏​សំខាន់​មួយ​នៃ “​ជញ្ជាំង​សមុទ្រ​យក្ស​” ដែលមាន​គោលបំណង​ដើម្បី​ពង្រឹង​ភាគ​ខាងជើង​នៃ​ទីក្រុង​ហ្សា​ការ​តា​ខណៈ​កែលម្អ​រូបភាព​របស់​ទីក្រុង​នេះ​ឲ្យ​ទៅជា​ទីក្រុង​មាត់ទឹក​ដូច​ប្រទេស​សិង្ហ​បុរី​។​
​រដ្ឋមន្ត្រីក្រសួង​សម្របសម្រួល​ដែនសមុទ្រ​លោក Luhut Pandjaitan ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​អង្គា​រថា “​ប្រសិនបើ​ជញ្ជាំង​សមុទ្រ​យក្ស​នេះ​មិនត្រូវ​បានធ្វើ​ឲ្យ​ហើយ​ទេនោះ វា​នឹង​បង្កើត​ផលប៉ះពាល់​ដ៏​ធំ​លើ​ទីក្រុង​ហ្សា​ការ​តា​ដែល​ទាក់ទង​ទៅនឹង​ការ​ជ្រៀតចូល​ទឹកប្រៃ​”​។​
​រួមបញ្ចូល​នៅក្នុង​ផែនការ​មេនេះ​គឺ​ការកសាង​កោះ​សិប្បនិម្មិត​ចំនួន​១៧​នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​ក្រុង​ហ្សា​ការ​តា​ជា​កន្លែង​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មាន​ផែនការ​សាងសង់​ផ្សារ​ទំនើប​និង​ទាក់ទាញ​ស្រដៀង​គ្នា​ទៅនឹង​កោះ Sentosa របស់​សិង្ហ​បុរី​។​
​ប៉ុន្តែ​ការងារ​លើ​គម្រោង​នេះ​ត្រូវបាន​ផ្អាក​នៅ​ខែមេសា​បន្ទាប់ពី​មានការ​ខ្វែងគំនិត​គ្នា​រវាង​រដ្ឋាភិបាល​និង​អភិបាលក្រុង​ហ្សា​ការ​តា​ចំពោះ​បញ្ហា​ថា​តើ​អ្នកណា​ដែលមាន​អំណាច​ក្នុង​ការចេញលិខិត​អនុ​ញ្ញា​ត្តិ​។ អ្នកនេសាទ​មួយចំនួន​ក៏បាន​ធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ការរាន​យក​ដី​ផងដែរ​ដោយ​និយាយថា វា​នឹង​កាត់បន្ថយ​ផល​នេសាទ​របស់​ពួកគេ​៕

capture-png1_4