បាល់ទាត់៖កីឡាករ Serge Aurier ខ្សែការពាររបស់ក្លឹប Paris Saint Germain ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទបង្កហិង្សាលើមន្ត្រីប៉ូលិស។
ខ្សែការពារសញ្ជាតិកូតឌីវ័រវ័យ២៣ឆ្នាំរូបនេះ បានតុលាការចោទប្រកាន់ពីបទ វាយទៅលើជនរងគ្រោះមួយកែង ខណៈពេលខ្លួនចេញពីកន្លែងស៊ីផឹកមួយនៅទីក្រុងប៉ារីសកាលពីខែឧសភា ប៉ុន្តែកីឡាកររូបនេះមានសិទ្ធិប្តឹងឧទ្ធរណ៍។ Serge Aurier មិនបានឆ្លើយទទួលកំហុសចំពោះការចោទប្រកាន់នេះទេ ហើយកីឡាកររូបនេះគួរតែអាចលេងបានក្នុងជំនួបរវាងក្រុម PSG និងក្រុម Ludogorets ក្នុងក្របខណ្ឌ CL នៅថ្ងៃពុធនេះ។
មេធាវី របស់ខ្សែការពារ Serge Aurier លោក Claire Boutard de la Combe បាននិយាយថា “យើងនឹងឡើងឧទ្ធរណ៍។ គាត់គ្មានកំហុសទេតុលាការគួរតែទម្លាក់បទចោទនេះ”។ Serge Aurier ត្រូវបានពិន័យ៥២១ផោននិងបង់ប្រាក់សម្រាប់ក្តី១.៣០០ផោនផងដែរ៕