ប្រធានាធិបតី​ចិន​នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង​១២ និង​៣០​នាទី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង នឹង​មកដល់​ទឹកដី​កម្ពុជា នា​វេលា​ម៉ោង​១២៖៣០​នាទី​ថ្ងៃត្រង់ នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា នា​ថ្ងៃទី​១៣-១៤ ខែតុលា ឆ្នាំ​២០១៦​។​
​មន្ត្រី​រាជរដ្ឋាភិបាល​បញ្ជាក់ថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន នឹង​ចុះ​កិច្ចព្រមព្រៀង និង​ពិធីសារ​សំខាន់ៗ​យ៉ាងតិច​ចំនួន​២៨​។ នេះ​គឺជា​គម្រោង​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​លើកដំបូង​សម្រាប់ លោក ស៊ី ជីន​ភីង ក្នុងនាម​លោក​ជា​ប្រធានាធិបតី​ចិន​។​
​សូម​អាន​នូវ​ប្រវត្តិ​សង្ខេប​របស់លោក ស៊ី ជីន​ភីង ៖
​ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) ត្រូវបាន​ជ្រើសតាំង​ជា​អគ្គម​គ្គុ​ទ្ទេស ក៍​កំពូល​របស់​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១២ ។ កាលនោះ ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) ដែលមាន​វ័យ​៥៩​ឆ្នាំ ត្រូវបាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន នៅក្នុង​សន្និសីទ​ពេញអង្គ​លើក​ទី​១ នៃ​សមាជ​បក្សកុម្មុយនិស្ត​ចិន លើក​ទី​១៨ ហើយ​ឯកឧត្តម​ក៏បាន កាន់​មុខតំណែង​ជា​ប្រធាន​គណៈកម្មាធិការ យោធា​នៃ​គណៈកម្មាធិការ មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ផងដែរ ។​
​នៅ​ខែមីនា​ឆ្នាំ​២០១៣ ឯកឧត្តម​ត្រូវបាន​ជ្រើសតាំង ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​និង ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​របស់ ប្រទេស​ចិន​នៅក្នុង​សន្និសីទ លើក​ទី​១​នៃ​សភា​តំណាង ប្រជាជន​ចិន​ទូទាំងប្រទេស​នីតិកាល​ទី​១២ ។​
​ជីវិត​ក្រលំបាក​ក្នុង​យុ​វ័យ​
​ឯកឧត្តម ស៊ី ជីន​ភី (Xi Jinping)​កើត​នៅ​ខែមិថុនា ឆ្នាំ​១៩៥៣ នៅ​ស្រុក Fuping ខេត្ត Shanxi ភាគ​កណ្តាល​ប្រទេស​ចិន ។ ឪពុក​របស់​ឯកឧត្តម​ឈ្មោះ Xi Zhongxun​។ លោក Xi Zhongxun ជា​អ្នកនយោបាយ​ជាន់ខ្ពស់ របស់​បក្សកុម្មុយនិស្ត​ចិន ធ្លាប់​កាន់​មុខតំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ចិន ។ លោក Xi Zhongxun បាន​រង​ភាពអយុត្តិធម៌​អស់​រយៈពេល​១៦​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៦២ ។ ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) ធ្លាប់​ត្រូវបាន​គេ​ប្រមាថ​មើល ងាយ​និង​រើសអើង​ដោយសារ​រឿង អយុត្តិធម៌​របស់​ឪពុក​ឯកឧត្តម ហើយ​ឯកឧត្តម​ក៏​ធ្លាប់ ត្រូវបាន​គេ​រិះគន់​ជា​សាធារណៈ ធ្លាប់​រង​ភាពអត់ឃ្លាន ធ្លាប់ជា​មនុស្ស​ដើរ​អនាថា រហូតដល់​ធ្លាប់​ត្រូវ​ចាប់ ឃុំ​ទៀតផង ។​
​នៅ​ដើមឆ្នាំ​១៩៦៩ ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) ដែលមាន​វ័យ​មិនទាន់​គ្រប់​១៦​ឆ្នាំ​ផង បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅកាន់ តំបន់​ជនបទ​នៃ​ភាគ​ខាងជើង​ខេត្ត Shanxi និង​ធ្វើ​កសិកម្ម​នៅ​ទីនោះ ។ ឯកឧត្តម​បានធ្វើ​ស្រែចម្ការ អូស​ធ្យូងថ្ម វាយ​ទំនប់ រែក​លាមក ពោលគឺ​ការងារ​អ្វី​ក៏ដោយ​ក៏ ឯកឧត្តម​ធ្លាប់ធ្វើ ការលំបាក​អ្វី​ក៏ ឯកឧត្តម​ធ្លាប់​ជួបប្រទះ​ដែរ ។ នា​ឆ្នាំ​១៩៧៥ ឯកឧត្តម​ត្រូវបាន​ជ្រើសរើស ឱ្យទៅ​បន្ត​ការសិក្សា​នៅ​សកលវិទ្យា​ល័យ ឈី​ង​ហួ ។ នៅ​ថ្ងៃ​ចាកចេញ អ្នកភូមិ​បាននាំគ្នា ឈរ​អម​តាមផ្លូវ​ដើម្បី ជូន​ដំណើរ​ឯកឧត្តម ។​
​ការរស់នៅ​តំបន់ ជនបទ​រយៈពេល​៧​ឆ្នាំ មិន​ត្រឹមតែ​បាន​ញ៉ាំងឱ្យ​ឯកឧត្តម ស៊ី ជីន​ភីង បង្កើត​នូវ​ចំណងមិត្តភាព យ៉ាង​ជ្រាលជ្រៅ​ជាមួយ ប្រជាជន​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានធ្វើឱ្យ​ឯកឧត្តម យល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី តំបន់​ជនបទ​របស់​ប្រទេស​ចិន និង​ស្ថានភាព​ពិតប្រាកដ​នៅតាម​មូលដ្ឋាន របស់​ប្រទេស​ចិន​ទៀតផង ដែល​ចំណុច​ទាំងអស់​នេះហើយ បានរួម​បញ្ចូល​យ៉ាង​ស៊ីជម្រៅ​ទៅក្នុង ការស្វែងរក​នៃ​ឆាកជីវិត របស់​ឯកឧត្តម ហើយ​ការធ្វើការងារ​ជាក់ស្តែង ដើម្បី​ប្រជាជន​បាន​ក្លាយជា​គោលដៅ ដ៏​មុតមាំ​របស់​ឯកឧត្តម ។​
​មាគ៌ា​ចូល​បម្រើ​នយោបាយ​
​នា​ឆ្នាំ​១៩៧៩ ក្រោយពី​បញ្ចប់​ការសិក្សា នៅ​សកល​វិទ្យាល័យ​ឈី​ង​ហួ ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) បាន​ចូល​បំពេញការងារ​ជា​លេខាធិការ នៅ​ខុទ្ទកាល័យ​នៃ​ក្រុមប្រឹក្សា កិច្ចការរដ្ឋ​និង​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ យោធា​មជ្ឈិម ។ ចាប់ពី​ឆ្នាំ​១៩៨២​មក ជា​បន្តបន្ទាប់ ឯកឧត្តម ស៊ី ជិន​ភីង (Xi Jinping) បាន​កាន់​មុខតំណែង​ជា លេខាធិការ​នៃ​គណៈកម្មការ បក្ស​ស្រុក​Zhengding ខេត្ត Hebei, អភិបាលរងក្រុង Xiamen ខេត្ត Fujian, លេខាធិការ​នៃ​គណៈកម្មការ បក្ស​ក្រុង Ningde ខេត្ត​Fujian, លេខាធិការ​នៃ​គណៈកម្មការ បក្ស​ក្រុង Fuzhou​ខេត្ត​Fujian, លេខាធិការ​នៃ​គណៈកម្មការ​បក្ស​ខេត្ត Fujian, អភិបាលខេត្ត Fujian, លេខាធិការ​នៃ​គណៈកម្មការ បក្ស​ខេត្ត Zhejiang, លេខាធិការ​នៃ​គណៈកម្មការ ក្រុង​Shanghai, សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ នយោបាយ​មជ្ឈិម​, លេខាធិការ​នៃ​លេខាធិការដ្ឋាន មជ្ឈិម​, អនុប្រធាន​រដ្ឋ​ចិន និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ យោធា​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត ចិន​ជាដើម រហូតដល់​កាន់​មុខតំណែង ជា​អគ្គ​មគ្គុទ្ទេសក៍​កំពូល​របស់ ប្រទេស​ចិន ។​
​ចាប់ពី​ខេត្ត​Shanxi​រហូតដល់​ក្រុង​ប៉េកាំង ពី​ខេត្ត​Hebei​រហូតដល់​ខេត្ត Fujian ពី​ខេត្ត​Zhejiang រហូតដល់​ក្រុង​Shanghai ពី​តំបន់​ក្រីក្រ​នៅ​ភាគ​ខាងលិច​រហូតដល់ មជ្ឈមណ្ឌល​នយោបាយ​និង​វប្បធម៌​ជាតិ ពី​តំបន់​មិនសូវ​អភិវឌ្ឍន៍ នៅ​ភាគ​ខាងកើត​ដល់​តំបន់​រីកចម្រើន តាម​ឆ្នេរសមុទ្រ ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) បាន​កាន់​តួនាទី​នយោបាយ តាម​ភូមិ ស្រុក ក្រុង ខេត្ត និង​កាន់​មុខតំណែង​សំខាន់ៗ នៃ​នយោបាយ​បក្ស​និង​យោធា​មជ្ឈិម ។ ក្នុងអំឡុង​ពេលនោះ ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) បាន​ឆ្លៀតពេល​បន្ត​វិជ្ជា​នៅ​ថ្នាក់ អនុបណ្ឌិត​នៅ​វិទ្យាស្ថាន​នរ​សាស្ត្រ​និង សង្គមសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ឈី​ង​ហួ ពី​ឆ្នាំ​១៩៩៨ ដល់​២០០២ រហូត​បានទទួល​សញ្ញា​ប​ត្រ​ថ្នាក់ បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ ។​
​ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) តែង​និយាយថា ពេល​កាន់​មុខតំណែង​មួយ នៅ​តំបន់​មួយ ត្រូវតែ​ផ្តល់​សុភមង្គល​ដល់​តំបន់​នោះ ត្រូវ​ស្រឡាញ់​ប្រជាជន​ដូចជា ស្រឡាញ់​ឪពុកម្តាយ​របស់ខ្លួន ។ ជានិច្ចកាល ឯកឧត្តម​បានចាត់ទុក​ក្តី​សុបិន របស់​ប្រជាជន​ជា​ក្តី​សុបិន​របស់ខ្លួន ។ ឯកឧត្តម បាន​ថ្លែងថា ការរំពឹង​ចង់បាន​ជីវភាព រស់នៅ​ដ៏​ល្អប្រសើរ​របស់​ប្រជាជន​គឺជា គោលដៅ​ខិតខំ​ប្រឹងប្រែង​របស់​យើង ។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា កម្មាភិបាល​និង​អ្នកដឹកនាំ​ត្រូវតែ​បំពេញការងារ​ជាក់ស្តែង និង​ដើរ​នៅ​ជួរមុខ ។​
​ពេល​កាន់​មុខតំណែង​នៅ​ស្រុក Zhengding ឯកឧត្តម​បាន​ចុះទៅ​ត្រួតពិនិត្យ នៅ​គ្រប់​ភូមិ​ទាំងអស់ នៅ​តំបន់​Ningde ឯកឧត្តម​បាន​ទៅដល់​ភូមិ​ស្រុក ស្ទើរ​ទាំងអស់ បន្ទាប់ពី​កាន់​មុខតំណែង នៅ​ខេត្ត Zhejiang ឯកឧត្តម​បាន​ទៅកាន់​គ្រប់​ស្រុក និង​ក្រុង​ចំនួន​៩០ នៃ​ខេត្ត​ទាំងមូល ។​
​បើទោះបីជា​កាន់​មុខតំណែង​នៅ​ក្រុង Shanghai ត្រឹមតែ​រយៈពេល​៧​ខែ​ប៉ុណ្ណោះ​ក្តី ក៏​ឯកឧត្តម​បានធ្វើ​ដំណើរ​ទៅកាន់​ខណ្ឌ​ទាំង​១៩ នៃ​ក្រុង​Shanghai​ទាំងមូល​ផងដែរ ។ បន្ទាប់ពី​ចូល​បំពេញការងារ នៅ​មជ្ឈិម ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត ភូមិភាគ​ស្វយ័ត​និង​ទីក្រុង​ចំនួន​៣១ ។ ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) បាន​គូសបញ្ជាក់ថា​ក្នុងពេល​បំពេញការងារ នៅ​ស្ថាប័ន​បក្ស​និង​នយោបាយ គឺ​គប្បី​ចាត់ទុក​ការផ្តល់​ភាព ងាយស្រួល​ដល់​ប្រជាជន​ជា​រឿង​សំខាន់ ជាងគេ ដើម្បី​ធ្វើជា​រដ្ឋាភិបាល​ដែល​បម្រើប្រជាជន ។ ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) បានកត់សម្គាល់​ឃើញថា ក្នុងនាម​ជា​អ្នកដឹកនាំ ត្រូវតែ​ឈរលើ​មូលដ្ឋាន​នៃ​បច្ចុប្បន្នភាព ហើយក៏​ត្រូវតែមាន​ចក្ខុវិស័យ​វែងឆ្ងាយ​ផងដែរ ។ ដូច្នេះហើយ​បានជា​ក្នុង​ក្រសែភ្នែក​របស់​កម្មាភិបាល និង​មហាជន​ជាច្រើន ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) ជា​អ្នកដឹកនាំ​មួយរូប​ដែលមាន​ស្មារតី​កំណែទម្រង់ ដែល​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​មាន​ភាព​ច្នៃប្រឌិត​ថ្មី ។​
​បន្ទាប់ពី​ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) ឡើងកាន់​មុខតំណែង ប្រទេស​ចិន​បានចាប់ផ្តើម​នូវ​ដំណើរ​ថ្មី នៃ​ការធ្វើកំណែទម្រង់​ដោយ​ស៊ីជម្រៅ និង​បើកចំហ​ដោយ​គ្រប់ ជ្រុងជ្រោយ ។ បច្ចុប្បន្ន កំណែទម្រង់​របស់​ប្រទេស​ចិន បាន​ឈាន​ចូលដល់​ដំណាក់កាល​ពុះពារ ការលំបាក និង​ដំណាក់កាល​គន្លឹះ ដែល​ពាក់ព័ន្ធ​ដល់​ទំនាក់ទំនង និង​ទំនាស់​ផ្នែក​ផលប្រយោជន៍ ក្នុង​ស្រទាប់​ថ្នាក់​ជ្រៅ ។​
​ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) បាន​ប្រើ​វិធាន​ការជំរុញ​សេដ្ឋកិច្ច ឱ្យ​អភិវឌ្ឍ​ដោយ​បរិសុទ្ធ​និង​ជា​និរន្តរភាព កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន ជំរុញ​បុព្វហេតុ​នៃ​ការ​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ និង​កាត់បន្ថយ​ភាពក្រីក្រ ជំរុញ​កិច្ច​កសាង​អេកូ​-​អរិ​យា​ធម៌ ជំរុញ​ការប្រឆាំង​អំពើពុករលួយ និង​ផ្តួចផ្តើម​ភាព​ស្អាតស្អំ គ្រប់គ្រង​បក្ស​យ៉ាង​ម៉ឺងម៉ាត់ និង​លើកកម្ពស់​សមត្ថភាព​ដឹកនាំ របស់​បក្ស​កាន់អំណាច​ជាដើម ។ នា​ឆ្នាំ​២០១៣ ឯកឧត្តម​ស៊ី ជីន​ភីង (Xi Jinping) បាន​លើក​ពី​គំនិត​ផ្តួចផ្តើម​ស្តីពី​ការរួម​គ្នា កសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ និង​បង្កើត​ធនាគារ​វិនិយោគ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​អាស៊ី ដែល​ទទួលបាន​ការគាំទ្រ និង​ចូលរួម​យ៉ាងសកម្ម ។​
​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ ដំណើ​រវិ​វ​ឌ្ឍ​និង​សមិទ្ធផល នៃ​កិច្ច​កសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ មួយ​និង​ផ្លូវ​មួយ​ទទួលបាន ផល​ជា​ផ្លែផ្កា​លើសពី​ការរំពឹងទុក រីឯ​សេចក្តីផ្តួចផ្តើម​ស្តីពី​ការ បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី​ក៏បាន​សម្រេច​នា ខែធ្នូ​ឆ្នាំ​២០១៥​ផងដែរ ។ មិន​ថា​ការបំពេញ​ការងារ​នៅតាម​តំបន់ ឬ​នៅ​មជ្ឈិម ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) សុទ្ធតែ​ផ្តោត​ការយកចិត្តទុកដាក់ ខ្ពស់​ដល់​ការងារ​ការទូត និង​រាប់អាន​ជាមួយ​មិត្តភក្តិ​អន្តរជាតិ យ៉ាង​ទូលំទូលាយ ។​
​ពេល​បម្រើ​ការងារ​នៅ​រដ្ឋបាល​តំបន់ ឯកឧត្តម​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស និង​តំបន់​ជាង​៦០​ក្នុង​ទ្វីប​ទាំង​៥ និង​បានទទួល​ជួប​ជាមួយ ភ្ញៀវ​បរទេស​ជាច្រើនរូប ។ ក្រោយពី​ចូល​បំពេញការងារ​នៅ​មជ្ឈិម ឯកឧត្តម​ក៏បាន​ស្វាគមន៍​ភ្ញៀវ​បរទេស​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​ជាច្រើនរូប​ផងដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ឯកឧត្តម​ក៏បាន​ធ្វើការ ប្រាស្រ័យ​ទាក់ទង​យ៉ាង​ទូលំទូលាយ និង​ប្រកបដោយ​មេត្រីភាព ជាមួយ​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន នៃ​បណ្តា​ប្រទេស​លើ​ពិភពលោក ។​
​ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) បានបង្ហាញ​យ៉ាង​ស្មោះ​ចំពោះ ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​នៅក្រៅ​ប្រទេស អំពី​ការយល់ឃើញ​របស់​ប្រជាន​ជន ចិន​ចំពោះ​ប្រទេស​របស់ខ្លួន និង​ពិភពលោក​បច្ចុប្បន្ន ជាមួយគ្នានេះដែរ ឯកឧត្តម​ក៏​រីករាយ​ស្តាប់ នូវ​មតិយោបល់​របស់​សមភា​គី និង​ស្វែងយល់​ពី​គំនិត របស់​ពួកគេ​ផងដែរ ។ អ្នកនយោបាយ​បរទេស​សំខាន់ៗ ជាច្រើន​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង ជាមួយ​ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) សុទ្ធតែ​កត់សម្គាល់​ឃើញថា ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping)​ជា​អ្នកដឹកនាំ ដែលមាន​ជំនឿ​ចិត្ត មាន​ភាពប្រាកដប្រជា ប្រកបដោយ​គតិបណ្ឌិត និង​មាន​មេត្រីភាព ។​
​គ្រួសារ​ដ៏​មាន​សុភមង្គល​
​ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) មានគ្រួសារ​មួយ​ដ៏​មាន សុភមង្គល​និង​ពេញបរិបូរណ៍ ។ ភរិយា​របស់​ឯកឧត្តម​មាន​ឈ្មោះថា​Peng Liyuan ឯកឧត្តម​និង​ភរិយា​ជួបគ្នា ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៨៦ ហើយ​បន្ទាប់មក អ្នក​ទាំងពីរ​ក៏បាន​ជាប់ ចិត្ត​ជាប់​និស្ស័យ​ជាមួយគ្នា ។ ក្រោយពី​រៀបការ ឯកឧត្តម​និង​ភរិយា មានកូន​ស្រី​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់ ។​
​លោកស្រី Peng Liyuan មាន​ដើមកំណើត​នៅ ខេត្ត Shandong លោកស្រី​គឺជា​តារាចម្រៀង ដ៏​ល្បីល្បាញ​ដែល​ប្រជាជន​ចិន អ្នកណាៗ​ក៏​សុទ្ធតែ​ស្គាល់ឈ្មោះ របស់លោក​ស្រី​ដែរ ។ លោកស្រី​ធ្លាប់​តំណាង​ប្រទេស​ចិន ទៅ​បំពេញ​ទស្សនកិច្ច និង​ធ្វើការ​សម្តែង​នៅ​ប្រទេស និង​តំបន់​ជាង​៥០​លើ​ពិភពលោក ។ បច្ចុប្បន្ននេះ លោកស្រី Peng Liyuan បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ ការអប់រំ​ផ្នែក​សិល្បៈ ខិតខំ​បណ្តុះបណ្តាល​យុវវ័យ​ឆ្នើម ដែលមាន​ទេពកោសល្យ​ខ្ពស់ និង​ធ្វើ​ការណែនាំ​ដល់​ការផលិត ស្នាដៃ​សិល្បៈ​ប្រណីតៗ ។​
​ក្រៅពី​វិស័យ​សិល្បៈ លោកស្រី Peng Liyuan ក៏បាន​ខិតខំ​ប្រឹងប្រែង​សម្រាប់ បុព្វហេតុ​ដើម្បី​ផលប្រយោជន៍ សាធារណៈ​ក្នុង​រយៈពេល ជា​យូរ​មក​ផងដែរ លោកស្រី​ជា​ឯកអគ្គរដ្ឋទូត​សប្បុរស​ផ្នែក​ជំងឺរបេង និង​ជំងឺអេដស៍​របស់​អង្គការ សុខភាព​ពិភពលោក ជា​អ្នក​ផ្សព្វផ្សាយ​ផ្នែក​អប់រំ​អំពី ការបង្ការ​ជំងឺអេដស៍ ជា​ឯកអគ្គរដ្ឋទូត​សម្រាប់ ការគ្រប់គ្រង​ការជក់បារី និង​ជា​ឯកអគ្គរដ្ឋទូត​សប្បុរស​ដើម្បី​ថ្ងៃស្អែក ស្តីពី​ការបង្ការ​បទឧក្រិដ្ឋរ​បស់ យុវវ័យ​នៃ​ប្រទេស​ចិន​ផងដែរ ។​
​ក្នុង​កែវភ្នែក​របស់លោក​ស្រី Peng Liyuan ស្វាមី​របស់គាត់​ជា​មនុស្ស​ម្នាក់ ដែល​ខុសពី​មនុស្ស​ទូទៅ​ផង ហើយក៏​ជាម​នុស្ស យ៉ាង​សាមញ្ញ​ផងដែរ ។ ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) ចូលចិត្ត​បរិភោគ​ម្ហូប​Shanxi និង Shandong ពេល​ជួបជុំ​ជាមួយ មិត្តភក្តិ​ចូលចិត្ត ពិសា​ស្រា​បន្តិចបន្តួច ដើម្បី​បន្ថែម​បិ​រ​យា​កាស​សប្បាយរីករាយ​។ ឯកឧត្តម​ចូលចិត្ត​ហែល​ទឹក ឡើង​ភ្នំ មើល​ការប្រកួត​បាលបោះ បាល់ទាត់​និង​ប្រដាល់ ហើយ​ជួនកាល​លោក ក៏​ទស្សនា​កម្មវិធី កីឡា​ដែល​ផ្សាយ​បន្ត​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​នៅពេល យប់​ជ្រៅ​ផងដែរ ។​
​ឯកឧត្តម ស៊ី ជីន​ភីង (Xi Jinping) និង​ភរិយា​បានដាក់​ឈ្មោះ​ឱ្យ​កូនស្រី​ថា Mingze ដែល​មានន័យថា​ធ្វើជា​មនុស្ស​ស្អាតស្អំ និង​មាន​ប្រយោជន៍​ដល់​សង្គម ។ នេះ​គឺជា​ក្តីសង្ឃឹម​របស់​ពួកគាត់ ចំពោះ​កូនស្រី​ផង ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​ពី​ឥរិយាបថ គ្រួសារ​ដ៏​សាមញ្ញ​របស់​ពួកគាត់​ផងដែរ៕

aad3709349f73d0aa9d80a33abfedd39