បរទេស៖ កាលពីថ្ងៃចន្ទទី៥មករា ម្សិលមិញនេះ ថ្លៃប្រេងនៅលើទីផ្សារក្រុងញីវយ៉ក សហរដ្ឋអាមេរិកស្រាប់តែចុះដល់កម្រិតទាបដែលមិនធ្លាប់មានឡើយបើគិតក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ចំណែកកំណើនផលិតផលប្រេងរបស់មហាអំណាចប្រេងដូចជា រុស្ស៊ី និងអ៊ីរ៉ាក់ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាមានទំហំលើសឆ្ងាយពីសេចក្តីត្រូវការ។
មកដល់រសៀលថ្ងៃដដែល ប្រេងម៉ាក WTI លក់នៅលើទីផ្សារក្រុង ញីវយ៉ក សម្រាប់ប្រគល់ឲ្យភាគីដែលទិញគឺនៅក្រោយខែកុម្ភៈ បានចុះអស់១,៥៦ដុល្លារ រហូតដល់៥១,១៣ដុល្លារ ក្នុង១បារីល ឬ១ធុង បរិមាណ ១៥៩លីត្រ ដែលជាតម្លៃទាបបំផុត បើគិតពីខែឧសភាឆ្នាំ២០០៩មក។
តាមអ្នកវិភាគនៃទីភ្នាក់ងារ Again Capital តម្លៃនេះកំពុងរំកិលទៅ កម្រិត៥០ដុល្លារក្នុង១ធុង ដ្បិតមូលហេតុមកពីប្រទេសធំៗខាងនាំប្រេងចេញបែបយ៉ាងរុស្ស៊ីនិង អ៊ីរ៉ាក់ ចេះតែបង្កើនគ្មានឈប់បរិមាណជីកបូមនៃឥន្ធនៈនេះ។
ជាក់ស្តែងនៅរុស្ស៊ីតាមដែលក្រសួងថាមពល បានប្រកាសឲ្យដឹង៣ថ្ងៃមុនបរិមាណប្រេងជីក បាននៅរុស្ស៊ី ក្នុងឆ្នាំ២០១៤ ទើបកន្លងផុតទៅ បានស្ទុះដល់ទំហំ ១០,៩លានបារីលក្នុង១ថ្ងៃឬ ០,៥% ច្រើនជាងក្នុងឆ្នាំ២០១៣ ហើយឡើងដល់តួលេខជាឯត្តទគ្គកម្ម គិតក្នុង ប្រវត្តិប្រទេសរុស្ស៊ីសម័យថ្មីគឺដល់ទំហំ ៥២៧លានតោនឯណោះ។ ជាការប្រៀបធៀប សហភាពសូវៀតទាំងមូលកាលពីឆ្នាំ១៩៨៧ចេះជីកបានប្រេងជាមធ្យម ក្នុង១ថ្ងៃ គឺ១១,៤លានបារីល។
រួចទោះបីប្រេងបន្តចុះថ្លៃលើទីផ្សារពិភពលោកក្តី ក៏រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី Alexandre Novak ថ្លែងថា អាជ្ញាធររុស្ស៊ីនឹងពុំពិនិត្យមើលឡើយ លទ្ធភាពបន្ថយការជីកបូមប្រេង របស់ ប្រទេសខ្លួន។ ចំណែកលោក ឧបទី១នៃនាយករដ្ឋមន្ត្រីរុស្ស៊ី Igor Shuvalov លំអិតថា ការបន្ថយ បរិមាណប្រេងដែលជីកបាននោះគឺ ”មិនឆ្លើយស្របនឹងផលប្រយោជន៍ជាតិ” របស់រុស្ស៊ីឡើយ។
ករណីអ៊ីរ៉ាក់ តាមអ្នកនាំពាក្យផ្លូវការរបស់ក្រសួងប្រេងកាត លោក Assem Jihad ការនាំចេញ នៃប្រេងក្នុងខែធ្នូកន្លងទៅ បានឡើងដល់កម្រិតខ្ពស់បំផុត គិតពីឆ្នាំ១៩៨០មក ទោះបី ការធ្លាក់ចុះខ្លាំងនៃតម្លៃវា បានបន្ថយខ្ទង់ចំណូលនៃថវិកាជាតិ បើប្រៀបទៅនឹងប៉ុន្មានខែចុងក្រោយក្តី។
តម្រូវការប្រេងបានថយចុះជាលំដាប់ បណ្តាលមកពីវិស័យឧស្សាហកម្មក្នុងប្រទេសចិនដែលមានទំហំសេដ្ឋកិច្ចជាប់លេខទី២ក្នុងលោក បានបន្ថយកំណើនផលិតផលខ្លួនមិនខុសគ្នាពីកំណើនដ៏ខ្សោយនៃសេដ្ឋកិច្ចនៅតំបន់ដែលចាយប្រាក់យូរ៉ូនោះឡើយ៕