បាល់ទាត់៖ខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Wayne Rooney ត្រូវបានគ្រូបង្វឹកបណ្ដោះអាសន្នជម្រើសជាតិអង់គ្លេស លោក Gareth Southgate ដកចេញពីតំណែងប្រធានក្រុម។
យោងតាមសារព័ត៌មាន The sun បានផ្សាយការសម្រេចដកតំណែងនេះបន្ទាប់ពីកីឡាកររូបនេះផឹកគ្រឿងស្រវឹងជ្រុល ខុសនឹងវិន័យរបស់ក្រុម ក្នុងពិធីជប់លៀងមួយ អំឡុងពេលជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកាលពីថ្ងៃអាទិត្យ។
ដោយឡែកបើតាមសហព័ន្ធបាល់ទាត់អង់គ្លេស (FA) បានឲ្យដឹងថា គ្រូបង្វឹក Southgate បានប្រាប់ឲ្យកីឡាករអង់គ្លេសទាំងអស់ រួមទាំងប្រធានក្រុម Rooney ប្រញាប់ចូលគេង ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំ បែរជាលួចទៅចូលរួមពិធីជប់លៀងអាពាហ៍ពិពាហ៍រហូតដល់ម៉ោង៥ជិតភ្លឺ នៅសណ្ឋាគារ The Grove ថែមទាំងត្រូវបានគេថតជាប់ផឹកស្រវឹងជាមួយស្រីៗ២នាក់ទៀតផង។
គួរបញ្ជាក់ថា FA គ្រោងនឹងប្រកាសតែងតាំងលោក Southgate ជាគ្រូបង្វឹកក្រុមអង់គ្លេសផ្លូវការនៅចុងខែនេះ៕