មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា កម្ពុជា កំពុងរង់ចាំដោះស្រាយដោយសន្តិវិធីជាមួយភាគីថៃ ទាក់ទិននឹងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានកាត់ក្តីឲ្យកម្ពុជា ឈ្នះក្តីករណីប្រាសាទព្រះវិហារ និងដីជុំវិញតំបន់ប្រាសាទព្រះវិហារ នៅពេលនយោបាយរបស់ប្រទេសថៃ បកទៅរកភាពប្រសើរឡើងវិញនាពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលអំពីបញ្ហាព្រំដែនអះអាងថា កម្ពុជា មិនត្រូវបន្ទន់ជំហររបស់ខ្លួនជាមួយថៃ នោះទេ ហើយក៏មិនត្រូវឲ្យមានវត្តមានរបស់កងទ័ពថៃ ក្នុងទឹកដីខ្មែរនោះដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង អះអាងថា កម្ពុជា កំពុងរង់ចាំស្ថានការណ៍នយោបាយរបស់ថៃ ងាកទៅរកភាពប្រក្រតីវិញ ដើម្បីឈានទៅដល់ការចរចាអនុវត្តសាលដីការបស់តុលាការយុត្តិធម៌ អន្តរជាតិ ដោយសន្តិវិធី៖ «ចំពោះករណីសាលដីការបស់តុលាការទីក្រុង ឡាអេ នេះ កន្លងមក យើងមានការយល់យោគសភាពការណ៍នៅប្រទេសថៃ ដែលគេកំពុងដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គេសិន ជាពិសេសគេកំពុងងាកទៅរកដំណើរការបោះឆ្នោតនៅពេលខាងមុខ។ ដូច្នេះហើយ យើងមានការយល់យោគ យើងរង់ចាំឲ្យមានស្ថានការណ៍នៅប្រទេសថៃ ហ្នឹងឲ្យបានស្រួលបួលដែលអាចភាគីទាំងពីរជួបចរចាគ្នា ដើម្បីអនុវត្តសាលដីកាឲ្យរលូនក្នុងភាពជាអ្នកជិតខាងគ្នា»។
លោកបញ្ជាក់ថា សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ គឺជាច្បាប់អន្តរជាតិដែលមិនមានអាជ្ញាយុកាល។ នោះមានន័យថា ដរាបណាបញ្ហាមិនត្រូវបានដោះស្រាយ សេចក្តីសម្រេចរបស់តុលាការនៅតែមានសុពលភាព។ ប៉ុន្តែអ្នកច្បាប់ឲ្យដឹងថា ការអូសបន្លាយពេលយូរក្នុងការអនុវត្តសាលដីកានេះ វាមិនល្អសម្រាប់ភាគីដែលឈ្នះក្តីនេះឡើយ។
កម្ពុជា និងថៃ បានផ្ទុះសង្គ្រាមព្រំដែនជាមួយគ្នាក្រោយពីប្រាសាទដែលមានអាយុកាល ជាង ១ពាន់ឆ្នាំមួយនេះ ត្រូវបានដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្ស ជាតិ។ ភាគីថៃ បានប្រឹងប្រែងសំអាងលើផែនទីជាឯកតោភាគីថា ដីទំហំ ៤,៦គីឡូម៉ែត្រការ៉េ នៅក្បែរតំបន់ប្រាសាទព្រះវិហារ គឺជាទីតាំងដែលខ្លួនត្រូវគ្រប់គ្រង។ ប៉ុន្តែភាគីកម្ពុជា ពុំទទួលស្គាល់ថាមានតំបន់ ៤,៦ នោះឡើយ។
នៅអំឡុងខែកក្កដា ឆ្នាំ២០០៨ ប្រទេសថៃ បានបញ្ជូនកងទ័ពរបស់ខ្លួនជាច្រើនរយនាក់ ចូលលុកលុយវត្តកែវសិក្ខាគីរីស្វារៈ ក្នុងទឹកដីខ្មែរ ដែលនាំឲ្យមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរផ្ទុះឡើង។
ចាប់តាំងពីតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានចេញសាលក្រមកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ សម្រេចជាឯកច្ឆន្ទថា ប្រទេសកម្ពុជា មានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ នោះមក គេនៅមិនទាន់ឃើញភាគីកម្ពុជា និងភាគីថៃ ធ្វើការចរចាគ្នាជាដុំកំភួន ដើម្បីអនុវត្តសេចក្តីសម្រេចរបស់តុលាការនៅឡើយ។
តុលាការអន្តរជាតិមួយនេះ បានសម្រេចឲ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ មានទាហាន ប៉ូលិស និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទព្រះវិហារ។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជា ធ្លាប់ឈ្នះក្តីករណីប្រាសាទព្រះវិហារ លើប្រទេសថៃ ម្ដងរួចមកហើយក្នុងរាជ្យកាលព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលអំពីបញ្ហាព្រំដែនអះអាងថា កងទ័ពថៃ កំពុងមានវត្តមានលើទឹកដីកម្ពុជា នៅឡើយ ជាពិសេសនៅតំបន់សំបុកឃ្មុំក្នុងខេត្តព្រះវិហារ ខណៈទាហានថៃ ៥នាក់ និងទាហានខ្មែរ ៥នាក់ កំពុងប្រចាំការនៅទីនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវេសន៍ (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា ចំណុចដ៏សំខាន់ចំពោះមុខសម្រាប់កម្ពុជា នៅពេលនេះ គឺធ្វើយ៉ាងណាឲ្យភាគីថៃ ដកកងទ័ពរបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារ និងសងការខូចខាតប្រាសាទបុរាណមួយនេះពីការបាញ់បំផ្លាញរបស់ថៃ កាលពីឆ្នាំ២០០៨៖ «ថៃ ត្រូវតែដកកងទ័ពជាបន្ទាន់ចេញពីតំបន់ប្រាសាទព្រះវិហារ ហើយភាគីថៃ ត្រូវតែសងលើការខូចខាតទាំងឡាយណាដែលខ្លួនបាញ់ប្រហារមកលើ ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨។ អាហ្នឹងជាចំណុចដែលយើងចង់បាន»។
ក្រោយពីសង្គ្រាមកម្ពុជា និងថៃ បានផ្ទុះឡើងដោយសារជម្លោះករណីប្រាសាទព្រះវិហារ នោះមក ការបាញ់គ្នារប៉េះរប៉ោះនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែបន្តកើតឡើង។ ទាហានថៃ ដែលប្រចាំការនៅតាមតំបន់ព្រំដែន បង្កើនការបាញ់សម្លាប់ពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើក្នុងទឹក ដីថៃ ដោយខុសច្បាប់ និងសម្លាប់ជីវិតជនស៊ីវិលស្លូតត្រង់ខ្មែរជាបន្តបន្ទាប់។
កាលពីដើមសប្ដាហ៍កន្លងទៅ យោធាខ្មែរពីរនាក់ត្រូវបានយោធាថៃ បាញ់ឲ្យរបួសជើង។ អំពើហិង្សានេះ កើតឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានសុំទោសខ្មែរជុំវិញការបាញ់សម្លាប់ស្ត្រីខ្មែរម្នាក់ ដែលដើរឆ្លងចូលក្នុងទឹកដីថៃ ដើម្បីរើសផ្សិតយកទៅលក់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ថ្លែងថា រដ្ឋាភិបាលថៃ បានសងសំណងដល់គ្រួសាររបស់ អ្នកស្រី ហន ចែម ដែលត្រូវទាហានថៃ បាញ់សម្លាប់នោះចំនួន ២លានរៀល ប៉ុន្តែកម្ពុជា កំពុងធ្វើការទាមទារសំណងនោះបន្ថែមទៀត៖ «កន្លងមកតាមបណ្ដាញ សារព័ត៌មាន គេបានចុះនូវសម្ដីប្ដីរបស់គាត់ថា ថៃ សងបាន ២លានរៀល។ ក៏ប៉ុន្តែក្រសួងការបរទេសកម្ពុជា បានណែនាំឲ្យអគ្គកុងស៊ុលរបស់យើងនៅខេត្តស្រះកែវ ដើម្បីទាមទារបន្ថែមទៀត ព្រោះប៉ុណ្ណឹងវាតិចតួចណាស់»។
លោកបន្តថា កម្ពុជា នៅមិនទាន់ដឹងនៅឡើយទេអំពីចំណាត់ការជាក់លាក់របស់ថៃ ក្នុងការនាំខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវតុលាការនោះ។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) កន្លងមកបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ដើមឆ្នាំ២០១៤ យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន ១២៣នាក់ហើយត្រូវបានក្រុមយោធាថៃ បាញ់ប្រហារ។
ក្រុមសិទ្ធិមនុស្សក្នុងស្រុកអះអាងថា ការសុំទោសរបស់ភាគីថៃ ចំពោះការប្រហារជីវិតពលរដ្ឋមិនអាចស៊ីសងគ្នាបានទេ ល្គឹកណាជនដៃដល់ត្រូវបាននាំខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា នៅព្រងើយកន្តើយក្នុងការរកយុត្តិធម៌ជូនពលរដ្ឋរបស់ខ្លួន៖ «រឿង នេះខ្ញុំមានការខកចិត្តដែរដែលឮថា រដ្ឋាភិបាលខ្មែរមិនបានយកចិត្តទុកដាក់ក្នុងការជំរុញឲ្យភាគីថៃ បើកការស៊ើបអង្កេត និងយកជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ពីព្រោះថា នៅក្នុងច្បាប់ជាតិ ក៏ដូចជាច្បាប់អន្តរជាតិដែរ អ្នកដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវទទួលទោសព្រហ្មទណ្ឌ»។
ក្រសួងការបរទេសកម្ពុជា កន្លងមក បានត្រឹមតែបញ្ជូនកំណត់ទូតតវ៉ារបស់ខ្លួនទៅកាន់រដ្ឋាភិបាលថៃ ប៉ុណ្ណោះ ហើយកម្ពុជា ក៏មិនមានយន្តការអ្វីផ្សេងទៀតដែរ ក្នុងការប្ដឹងរដ្ឋាភិបាលជុំវិញករណីអំពើហិង្សាទាំងនេះ។
កាលពីអំឡុងទសវត្សទី៨០ ថៃ ក៏ធ្លាប់បានប្រើអំពើហិង្សាធ្ងន់ធ្ងរក្នុងការបាញ់សម្លាប់ជនភៀស ខ្លួនខ្មែរ នៅពេលយោធាថៃ ដឹកយកចាក់ទម្លាក់ពីលើខ្នងភ្នំដងរែក ចូលចម្ការមីនក្នុងទឹកដីកម្ពុជា។
របាយការណ៍របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) បានចេញផ្សាយនៅឆ្នាំ១៩៩៧ ថា យោធាថៃ បានភ្ជង់ និងរុញទម្លាក់ជនភៀសខ្លួនខ្មែរប្រមាណ ៤ម៉ឺន ៥ពាន់នាក់ មានកូនក្មេង មនុស្សចាស់ជរា និងស្ត្រីមានផ្ទៃពោះ ពីលើខ្នងភ្នំព្រះវិហារ ចូលចម្ការមីននៅដំណាច់ខែតុលា ឆ្នាំ១៩៧៩ ដែលបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់ ហើយរាប់រយនាក់ទៀតបាត់ខ្លួន។ រហូតមកដល់ពេលនេះ ការបាញ់សម្លាប់ពលរដ្ឋខ្មែរ និងការបាញ់បំផ្លាញប្រាសាទបុរាណខ្មែរដោយយោធាថៃ ក៏នៅមិនទាន់ឃើញមានការទូទាត់សំណងសមរម្យ និងការបញ្ចប់និទ្ទណ្ឌភាពនោះនៅឡើយទេ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សឲ្យដឹងថា បើទោះជាពលរដ្ឋខ្មែរចូលកាប់ឈើក្នុងទឹកដីថៃ ដោយខុសច្បាប់ក៏ដោយចុះ តាមច្បាប់អន្តរជាតិ ពួកគេមិនត្រូវរងការបាញ់សម្លាប់យ៉ាងព្រៃផ្សៃដូចសត្វធាតុនោះ ឡើយ។
ទោះជាយ៉ាងណាក៏ដោយចុះ រហូតមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ចាត់វិធានការអ្វីជាដុំកំភួន និងម៉ឺងម៉ាត់ជាមួយរដ្ឋាភិបាលថៃ ដើម្បីបញ្ចប់អំពើឧក្រិដ្ឋពីសំណាក់យោធាថៃ មកលើពលរដ្ឋខ្មែរនៅឡើយទេ៕ rfa
ទិដ្ឋភាពនៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃបើក សវនាការស្ដាប់ការ បកស្រាយផ្ទាល់មាត់រវាងភាគីកម្ពុជា និងថៃ ស្ដីពីបញ្ហាព្រះវិហារ នៅថ្ងៃទី១៥ មេសា ឆ្នាំ២០១៣។