បាល់ទាត់៖អតីតខ្សែបម្រើកណ្តាលដ៏ឆ្នើមរបស់ក្រុមហង្សក្រហម Liverpool និងប្រធានក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Steven Gerrard បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្រោយពីបានប្រកបអាជីពមួយអស់រយៈពេល១៩ឆ្នាំ។
កីឡាករវ័យ៣៦ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំពិតជាសំណាងណាស់ដែលមានបទពិសោធន៍ច្រើនដ៏អស្ចារ្យនៅក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំមានអាជីពស្ទើរមិនគួរឲ្យជឿមួយ ហើយសូមអរគុណដល់អ្នករាល់គ្នា និងគ្រប់ពេលវេលាដែលខ្ញុំនៅក្លឹប Liverpool ក្រុមជម្រើសជាតិអង់គ្លេស និងក្លឹប LA Galaxy»។
គួរបញ្ជាក់ថា Gerrard ធ្លាប់បានលេងចំនួន៧១០ដង និងធ្លាប់ឈ្នះពានរង្វាន់ធំៗចំនួន៨ផ្សេងគ្នា មុនពេលរូបគេចូលរួមជាមួយក្លឹបរបស់អាមេរិក LA Galaxy កាលពីឆ្នាំ២០១៥។ រូបគេជាកីឡាករជម្រើសជាតិអង់គ្លេសដែលបានបង្ហាញខ្លួនឲ្យជម្រើសជាតិបានច្រើនជាងគេលំដាប់ទី៤គឺបង្ហាញខ្លួនឲ្យជម្រើសជាតិបាន១១៤ដង និងធ្លាប់ទទួលងារជាប្រធានក្រុមក្នុងព្រឹត្តិការណ៍ធំៗ៣ដងក្នុងចំណោមព្រឹត្តិការណ៍ធំចំនួន៦៕