បាល់ទាត់៖លោក Lee Taehoon គ្រូវបង្វឹកក្រុមជម្រើសជាតិកម្ពុជាដែលគ្រូមួយរូបជួយក្រុមកម្ពុជាអាចកែប្រែប្រវត្តិសាស្ត្រជាច្រើននាពេលកន្លងមកនេះបានប្រកាសថា លោកអាចនឹងឈប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាហើយ។
ការប្រកាសរស់លោក Lee ក្រោយពីការវិលត្រឡប់មកពីការប្រកួត AFF Suzuki Cup ដោយលោកអះអាងថា ក្រុមកីឡាករមិនព្រមស្ដាប់ និងបង្កកំហុសដដែលៗ ប៉ុន្មានប្រកួតមកនេះ។
លោក Lee បានបញ្ជាក់ថា ក្នុងការប្រកួត AFF Suzuki Cup កន្លងទៅនៅវគ្គចែកពូលនេះ កីឡាករកម្ពុជាទាំងអស់ មានតែ២ទៅ៣នាក់ទេ ដែលមានកម្លាំងលេងពេញល្អ ក្រៅពីនោះសុទ្ធខ្សោយកម្លាំងទាំងអស់ ដោយពួកគេហាក់មិនបានថែរក្សាសុខភាពទាល់តែសោះក្រោយពីបានជាប់ឡើងទៅវគ្គចែកពូលមកនោះ។ ទន្ទឹមនោះគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងនេះ រំពឹងថា នៅពេលក្រោយ កីឡាករកម្ពុជាអាចនឹងផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន កុំឱ្យនៅតែដដែលៗទៀត។
គួរបញ្ជាក់ថា លោក Lee Taehoon នឹងអស់កុងត្រាជាមួយក្រុមជម្រើសជាតិនៅខែធ្នូឆ្នាំ២០១៦នេះហើយ។ ទោះបីយ៉ាងណាលោកបញ្ជាក់ថា ទោះជាសហព័ន្ធបាល់ទាត់កម្ពុជាចង់បន្ដកុងត្រាឱ្យ ក៏លោកប្រហែលមិនព្រមទៀតដែរ ព្រោះតែកីឡាករកម្ពុជាទាំងអស់ហាក់មិនព្រមស្ដាប់ការណែនាំរបស់គាត់ទាល់តែសោះ៕