Mahrez ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2017 ក+ ក-

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាល់​ហ្សេ​រី​របស់​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City កីឡាករ Riyad Mahrez បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៦ (African Player of the Year 2016 ) ។​
​កីឡាករ​វ័យ ២៥​ឆ្នាំ​រូបនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ជួយ​ឲ្យ ក្រុម​កញ្ជ្រោង​ព្រៃ​ឈ្នះ​ជើងឯក Premier League រដូវ​កាល ២០១៥-២៦ ដោយបាន​ស៊ុត​បញ្ចូល​ទី​ចំនួន ១៧ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃ​គួ​បាន​១០​លើក​ក្នុង​បង្ហាញខ្លួន​៣៧​ប្រកួត​។​
Riyad Mahrez បានឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៦ បន្ទាប់ពី​ឈ្នះឆ្នោត​លើ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្លឹប Borussia Dortmund និង​ខ្សែបម្រើ​ល្បឿន​លឿន Sadio Mane របស់​ក្លឹប​ហង្ស​ក្រហម Liverpool​។​
​ក្នុងចំណោម​បេក្ខភាព​៣​នាក់​ចុងក្រោយ តារា​ជើង​ញាក់​របស់​ក្រុម​កញ្ជ្រោង​ខៀវ Leicester ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ ៣៦១​សំឡេង​, ម្ចាស់​ពាន​កាល​ឆ្នាំ​២០១៥ Aubameyang ទទួលបាន ៣១៣​សំឡេង និង Mane របស់​ហង្ស​ក្រហម បាន​ចំណាត់ថ្នាក់​លេខ​៣ បាន​១៨៦​សំឡេង​។​
​ក្រោយ​បានទទួល​ពានរង្វាន់​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ Mahrez បាន​និយាយ «​វា​ជា​កិត្តិយស​ធំ​, ខ្ញុំ​សប្បាយចិត្ត​និង​រីករាយ​។ ខ្ញុំ​សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ទាំងអស់​ក្រុម Leicester និង​ប្រទេស​អាល់​ហ្សេ​រី ។​«​ខ្ញុំ​សូម​ជូនពរ​ទៅ​គ្រួសារ​របស់ខ្ញុំ​និង​អស់អ្នក​ដែល​គាំទ្រ​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​»៕

567ecab6ae14e_mahrez