សេចក្តីព្រាង​បទបញ្ជា​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​រង​ការរិះគន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ទាំង​មន្ត្រី​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល​បានធ្វើ​ការរិះគន់​ជា​បន្តបន្ទាប់​ទៅលើ​សេចក្តីព្រាង​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ ខណៈដែល​ការបោះឆ្នោត​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំនេះ​។​
​លោកស្រី ម៉េង សុភា​រី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថែ្ល​ង​ថា គណបក្ស​លោកស្រី​បានដាក់​សំណើ​មួយ​សុំ​ឲ្យ​កែប្រែ​ជិត​៤០​ចំណុច​លើ​សេចក្តីព្រាង​បទបញ្ជា​នោះ ប៉ុន្តែ​ជាង​ពាក់កណ្តាល​នៃ​ចំណុច​នោះ​ត្រូវបាន គ​.​ជ​.​ប ច្រានចោល ហើយ​សុទ្ធសឹង​ជា​ជា​ចំណុច​សំខាន់ៗ ថែមទៀត ។​
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ថ្លែង​ដែរ​ថា គណបក្ស​លោក​ចង់​ឲ្យ គ​.​ជ​.​ប បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​តួនាទី​មេភូមិ​និង​ការ​ចេញមក​ធ្វើ​សកម្មភាព​នយោបាយ​រប​ស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រួមទាំង​ការអនុវត្ត​ច្បាប់​ទៅលើ​អ្នក​ល្មើសច្បាប់​បោះឆ្នោត ព្រោះ​អង្គការ​សង្គម​ស៊ីវិល​មិនមាន​ម៉ោង​ស្នូល​នោះទេ ។ អញ្ចឹង​ពួកគេ​មាន​ពេលវេលា​ច្រើន​ក្នុង​ការចូលរួម​ឃោសនា​នយោបាយ ។​
​ចំណែក​លោក សួន យុ​ធ្យា មន្ត្រី​ផ្នែក​ច្បាប់​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​បានបង្ហាញ​ការយល់ឃើញថា​សេចក្តីព្រាង​នេះ​នៅមាន​ភាពខ្វះ​ចន្លោះ​ច្រើន​ក្នុងនោះ​រួមមាន​ការរាប់​សន្លឹកឆ្នោត ហិរញ្ញវត្ថុ​នយោបាយ​នៃ​ការឃោសនា និង​ការដោះស្រាយ​បណ្តឹង​។ លោក​បញ្ជាក់ថា​ចំណុច​មួយចំនួន​ខាងលើ​នេះ​បានចែង​ធ្វើ​ឲ្យ​មិន​ច្បាស់លាស់ ។​
​យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានបញ្ជាក់​ថា រាល់​បញ្ហា និង​កង្វល់​របស់​អ្នកនយោបាយ និង​សង្គម​ស៊ីវិល ទៅលើ​សេចក្តីព្រាង​នេះ គឺ គ​.​ជ​.​ប នឹង​ពិចារណា ដាក់​ប​ញ្ជូ​ល​ទៅក្នុង​សេចក្តីព្រាង​នីតិវិធី​នេះ ។ លោក​បន្ថែមថា ពីមួយ​ជំពូក​ទៅមួយ​ជំពូក​គឺ​យើង​នឹង​ពិភាក្សាគ្នា​លំអិត ហើយ​ការពិភាក្សា​នេះ​ទៀត​ក៏ គ​.​ជ​.​ប នឹង​ទ​ទូល​យក​ដើម្បី​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ច្បាប់ និង​ពិនិត្យ​ទៅលើ​ថ្ងៃ​បោះឆ្នោត​ផង អ្វីដែល​ទទួលយកបាន​គឺ​គ​.​ជ​.​ប នឹង​ទទួលយក​ទៅក្នុង​នីតិវិធី​នៃ​ការបោះឆ្នោត​នេះ​
​គួរ​បញ្ជាក់ថា សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ មាន​១៥​ជំពូក ត្រូវបាន​តាក់តែង​ដោយ គ​.​ជ​.​ប កាលពី​ឆ្នាំ​២០១៦ ហើយ​ត្រូវ​បានដាក់​ឲ្យ​មានការ​ចូលរួម​យោបល់​ជា​បន្ត​បន្ទាប់ពី​គណបក្ស​និង​សង្គម​ស៊ីវិល៕

elect-25-05-16-2-copy