បាល់ទាត់៖ប្រធានក្លិប Lyon លោក Jean-Michel Aula បានបញ្ជាក់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាជាមួយក្រុម Manchester United ក្នុងការនាំយកខ្សែប្រយុទ្ធ Memphis Depay លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ហើយ។ នេះបើតាមប្រភពពី BBC រាយការណ៍កាលពីថ្ងៃពុធម្សិលមិញនេះ។
កីឡាករសញ្ជាតិហូឡង់រូបនេះ បានប្រាប់លោក Jose Mourinho ថារូបគេបានសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Old Trafford ក្នុងខែនេះប្រសិនបើការផ្តល់ជូននូវតម្លៃខ្លួនសមរម្យក្រោយពីមិនសូវជោគជ័យនៅរដូវកាលនេះ។
ការព្រមព្រៀងគ្នានេះកើតឡើងបន្ទាប់ពីបិសាចក្រហមបានច្រានចោលសំណើ២លើករួចមកហើយពីសំណាក់ក្រុមជើងឯក French Ligue 1 ២សម័យ ដោយលើកទី១ឲ្យថ្លៃ១១លានផោននិងឡើងរហូតដល់១៦លានផោន។
គួរបញ្ជាក់ថា Depay បានផ្ទេរចេញពី PSV មកកាន់ Old Trafford កាលពីខែឧសភា ឆ្នាំ២០១៥ ក្នុងតម្លៃ៣១លានផោន និងគិតមកដល់ពេលនេះស៊ុតកីឡាករវ័យ២២ឆ្នាំទាត់បញ្ចូលទី៧គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៥៣ប្រកួត៕