ស្វែងយល់​ពី​ប្រវត្តិ​នៃ​ពិធីបុណ្យមាឃបូជា​ក្នុង​ព្រះពុទ្ធសាសនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖នៅថ្ងៃ​សៅរ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ត្រូវជា​ថ្ងៃ​១៥​កើត ពេញ​បូរ​ណ៌​មី ខែមាឃ ពុទ្ធសករាជ ២៥៦០ គឺជា​ថ្ងៃ «​មាឃបូជា​» ដែលមាន​សារៈសំខាន់ នៅក្នុង​ពុទ្ធសាសនា ប្រហាក់ប្រហែល នឹង​បុណ្យ​ពុទ្ធសាសនា​ដទៃទៀត​ដែរ រួមមាន​៖ ពិសាខបូជា​, អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​) ។​
​បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។​
​ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន ១,២៥០​អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។​
​នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍​មួយចំនួន​១១ សម្រាប់​ឲ្យ សមាជិក​មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ​ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី​ពុទ្ធសាសនា​។​
​គោលការណ៍​ទាំងនេះ មានឈ្មោះ​ជា ភាសាបាលី​ថា «​ឱវាទ​បាដិមោក្ខ​»​។ បាដិមោក្ខ ជា​ឈ្មោះ​បាលី​ពុទ្ធ​ប្បញ្ញត្តិ ដែលជា​សិក្ខាបទ​មួយៗ សម្រាប់​ឲ្យ​ភិក្ខុ​សូត្រ ក្នុង​ទីប្រជុំ​សង្ឃ​រាល់​កន្លះ​ខែ ៖ ឧទាហរណ៍​រៀន​បាដិមោក្ខ​, សម្ដែង​បាតិមោក្ខ​ជាដើម ដែល​ពុទ្ធសាសនិកជន​ម្មាក់ៗ ត្រូវ​យកមក​សិក្សា ឲ្យ​យល់ដឹង និង​អនុវត្ត ។​
​ថ្ងៃ​មាឃបូជា​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ នៃ​យើង​ទ្រង់​ប្រទាន​ឱវាទ​បាដិមោក្ខ ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុវ័ន ដែលជា​វត្ត​ដំបូងបង្អស់ ក្នុង​ព្រះពុទ្ធសាសនា​ក្នុង​ថ្ងៃនោះ មាន​ហេតុការណ៍​សំខាន់​៤​យ៉ាង​កើតឡើង​គឺ​៖
១៖ ព្រះសង្ឃ​សមណៈ​ទូត ១,២៥០​អង្គ​ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់ បញ្ជូន​ទៅកាន់​តំបន់​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ គោល​ធម៌​បាន​វិលត្រឡប់ មក​ចូលគាល់ ព្រះអង្គ​វិញ​យ៉ាង ព្រមព្រៀងគ្នា (​ស​ព្វេ ខី​ណា​សវា​)​។​
២៖ ព្រះសង្ឃ​ទាំងអស់​សុទ្ធតែជា​ឯ​ហិ​ភិក្ខុ ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បំបួស ឲ្យ​ដោយផ្ទាល់​ដែល ហៅថា ឯ​ហិ​ភិក្ខុ​ឧបសម្បទា​(​ស​ព្វេ ឯ​ហិ​ភិក្ខុ​កា​) ។​
៣៖ ព្រះសង្ឃ​ទាំងអស់​សុទ្ធតែជា​ព្រះអរហន្ត​បាន​អភិញ្ញា ៦ គឺ សម្តែងឫទ្ធិ​បាន​,​ត្រចៀក​ទិព្វ​, ភ្នែក​ទិព្វ​, កំណត់​ដឹងចិត្ត​អ្នកដទៃ​, បាន​រលឹកជាតិ​បាន និង​អស់​អាសវៈ​មកជួប​ប្រជុំគ្នា​ក្នុង​វត្ត​វេឡុវ័ន ដោយ​មិនបាន ណាត់​មត់​ទុកជាមុន (​ស​ព្វេ អ​និ​ម​ន្តិ​តា​) ។​
៤៖ ថ្ងៃ​ដែល​ព្រះសង្ឃ​ទាំងអស់​ជួបប្រជុំគ្នា​នោះ ត្រូវ​នឹង​ថ្ងៃពេញបូណ៌មី​ខែមាឃ (​មាឃ​ន​ក្ខ​ត្តេ បុ​ណ្ណ​ច​ន្ទោ​)​។​
​ហេតុការណ៍​ជួបប្រជុំគ្នា​ខាងលើនេះ ហៅ​ម្យ៉ាង​ទៀតថា​ចតុរង្គសន្និបាត​គឺ កិច្ចប្រជុំ​ប្រកបដោយ​អង្គ​៤​។​
​ចតុរង្គសន្និបាត​នេះ​ប្រារព្ធ​ធ្វើ​នៅក្នុង​វត្ត​វេឡុវ័ន ក្នុង​ក្រុង​រាជគ្រឹះ​នៃ​មគធរដ្ឋ​របស់​ព្រះបាទ​ពិម្ពិសារ ក្រោយពី​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិ​ញាណ​កន្លង​ហើយ​បាន ៩​ខែ គឺ មុន ព​.​ស​.៤៥​ឆ្នាំ​។​
​មូលហេតុ​សំខាន់​ដែល ព្រះសង្ឃ​សមណៈ​ទូត​ទាំងនោះ មកជួប​ប្រជុំគ្នា​ក្នុង​វត្ត​វេឡុវ័ន​នោះ ព្រោះ​ថ្ងៃពេញបូណ៌មី​ខែមាឃ​នោះ ត្រូវ​នឹង​ថ្ងៃ​សិវរាត្រី​របស់​សាសនាព្រាហ្មណ៍ ក្នុង​ថ្ងៃ​សិវរាត្រី​នេះ សាសនិក​ព្រាហ្មណ៍ តែង ប្រារព្ធ​ពិធី​លាងជម្រះ​បាប​បូជា​ព្រះ​សិវៈ ព្រោះហេតុនោះ​ព្រះសង្ឃ​ទាំងនោះ​ទើប​ធ្វើដំណើរ​ទៅ​គាល់​ព្រះ បរម សាស្តា​ដែល​ទ្រង់​ធ្វើ​ពុទ្ធដំណើរ​ចេញ ពី​ល្អាង​សុករ​ខា​តា​មក​គង់ប្រថាប់ នៅក្នុង​វត្ត​វេឡុវ័ន សូម​ជម្រាប ថា ព្រះសង្ឃ​ដែល​ធ្វើដំណើរ​ទៅ​ផ្សព្វផ្សាយ​ពុទ្ធធម៌​នោះ មិនមែន​ធ្វើដំណើរ​ទៅ​ព្រម​គ្នា​ទាំង ១,២៥០ អង្គ នោះទេ ប៉ុន្តែ​ធ្វើដំណើរ​ទៅ​តែមួយ​អង្គឯង​ប៉ុណ្ណោះ មានន័យថា ធ្វើដំណើរ​ទៅ​ដាច់ដោយឡែក​ពីគ្នា ការ ដែល​ព្រះសង្ឃ​អង្គ​នីមួយៗ ធ្វើដំណើរ​ទៅ​វត្ត​វេឡុវ័ន​ដោយ​មិន បាន​ណាត់​ទុកជាមុន​ដូចជា​ណាត់​តាម​ទូរស័ព្ទ ឬ ឥ​ន្ធើ​ណិ​ត​ជាដើម ទើប​ចាត់ជា​ហេតុការណ៍​អស្ចារ្យ ។​
​តើ​ព្រះសង្ឃ​ទាំង ១,២៥០​អង្គ​នោះ​ចេញ​មកពី​ប្រភព​ណាខ្លះ​?
​ប្រភព​នៃ​ព្រះសង្ឃ​ទាំង ១,២៥០​អង្គ​នោះ គឺ ៖
​ក​៖ សិស្សគណ​របស់​ព្រះ​ឧ​រុ​វេ​លក​ស្សបៈ​ចំនួន ៥០០​អង្គ​
​ខ​៖ សិស្សគណ​របស់​ព្រះ​នទី​ក​ស្សបៈ​ចំនួន ៣០០​អង្គ​
​គ​៖ សិស្សគណ​របស់​ព្រះ​គ​យា​ក​ស្សបៈ​ចំនួន ២០០​អង្គ​
​ឃ​៖ សិស្សគណ​របស់​ព្រះ​សារីបុត្រ​និង​ព្រះ​មោគ្គល្លាន​ចំនួន​២៥០​អង្គ​។​
​សរុប​ព្រះសង្ឃ​ទាំងអស់ ១,២៥០​អង្គ​ដោយ​មិន​រាប់បញ្ចូល​ព្រះ​ឧ​រុ​វេ​លក​ស្សបៈ​,​ព្រះ​នទី​ក​ស្សបៈ​, ព្រះ​គ​យា​ក​ស្សបៈ​, ព្រះ​សារីបុត្រ និង ព្រះ​មោគ្គល្លាន​នោះទេ​បើ​រាប់បញ្ចូល ៥​អង្គ​នេះ​ទៀត​បានជា ១,២៥៥ អង្គ​។​
​ព្រោះ​អច្ឆរិយហេតុ​កើតឡើង ដោយ​មិន​នឹកស្មាន​ដល់​បែបនេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទើប​ទ្រង់​ឆ្លៀតឱកាស​នោះ សម្តែង​ឱវាទ​បាដិមោក្ខ​ដល់​ព្រះសង្ឃ​ចំនួន ១,២៥០​អង្គ​នោះ​ដោយ​ទ្រង់ កំណត់​គោលនយោបាយ ក្នុងការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​៥​ចំណុច​គឺ​៖
​ក​៖ ឧ​ត្ត​ម​គតិ​បាន​ដល់ អំណត់​អត់ធ្មត់​ចាត់ជា​ការតស៊ូ​យ៉ាង​សិ្វ​ត​ស្វា​ញ (​អភ័យ​ទាន​ផ្នែក​នយោបាយ​)​។​
​ខ​៖ គោលបំណង​បាន​ដល់ ព្រះ​និព្វាន​ចាត់ជា​គោលបំណង​ខ្ពង់ខ្ពស់​របស់​ព្រះពុទ្ធសាសនា (​សាធារណៈប្រយោជន៍​)​។​
​គ​៖ វិធី​បដិបត្តិ​បាន​ដល់ មិន​រំលោភ​សិទ្ធិមនុស្ស​និង​សត្វ (​សិទ្ធិមនុស្ស​)​។​
​ឃ​៖ គោលការណ៍​មាន ៣​ចំណុច​គឺ​៖
– មិន​ធ្វើអំពើ​អាក្រក់​ទាំងពួង (​សន្តិសុខ​)
– ធ្វើអំពើ​ល្អ​ឲ្យ​ដល់​ព្រម (​ប្រយោជន៍​សង្គម​)
– ធ្វើ​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់​(​អត្តា​ភិ​វឌ្ឍន៍​)​។​
​ង​៖ វិធីសាស្ត្រ មាន​៦​ចំណុច​គឺ​៖
– មិន​បរិហារកេរ្តិ៍​បុគ្គល​ណា​(​វចីសុចរិត​=​សណ្ហវាចា​,​សច្ចវាចា​,​អ​បិ​សុណ​វាចា​,​ម​ន្តា​វាចា​;​ឃោសនាការ​)
– មិន​ធ្វើទុក្ខបុកម្នេញ​បុគ្គល​ណា (​អហិង្សា ឬ សន្តិវិធី​)
– គោរព​ក្រមសីលធម៌ (​ចរិយាសាស្ត្រ​)
– ស្គាល់ប្រមាណ​ក្នុង​អាហារ (​សេដ្ឋកិច្ច​)
– ង្គុ​យ​ឬ​សិង​ក្នុង​ទី​ស្ងាត់ (​នគរូបនីយកម្ម​)
– ប្រកប​ព្យាយាម​ក្នុង​អធិចិត្ត (​សិក្សាធិការ​)​។​
​ទាំង​៥​ចំណុច​ខាងលើនេះ ចាត់ជា​គោលនយោបាយ​របស់​ព្រះពុទ្ធសាសនា​។​
​ថ្ងៃ​មាឃបូជា​ចាត់ជា​ថ្ងៃ​ព្រះធម៌​, ថ្ងៃ​វិសាខបូជា​ចាត់ជា​ថ្ងៃ​ព្រះពុទ្ធ​, ថ្ងៃ​អាសា​ឡ្ហ​បូជា​ចាត់ជា​ថ្ងៃ​ព្រះសង្ឃ​។​
​តើ​ប្រារព្ធ​ពិធី​មាឃបូជា​បាន​ប្រយោជន៍​អ្វីខ្លះ​?
​ប្រយោជន៍​នៃ​ថ្ងៃ​មាឃបូជា​គឺ​៖
១៖ ពុទ្ធសាសនិកជន​បាន​យល់ដឹង​យ៉ាង​ត្រឹមត្រូវ ដល់​សារៈសំខាន់​នៃ​ថ្ងៃ​មាឃបូជា​នេះ​។​
២៖ យល់ដឹង​គោល​ធម៌ និង​គោលជំហរ​របស់​ព្រះពុទ្ធសាសនា​។​
៣៖ បណ្តុះ​សទ្ធា​ជ្រះថ្លា​កាន់តែ​ភិយ្យោភាព​ឡើង ក្នុង​គោល​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​។​
៤៖ បាន​បដិបត្តិ​តួនាទី​របស់​ពុទ្ធសាសនិក​ជន ក្នុង​ថ្ងៃ​មាឃបូជា​នេះ​។​
៥៖ បាន​ជួយ​ជ្រោមជ្រែង​ព្រះពុទ្ធសាសនា ឲ្យ​ស្ថិតស្ថេរ​ចេរកាល​យូរអង្វែង​។​
​ថ្ងៃ​មាឃបូជា​ចាត់ជា​គ្រឿង​ពិសោធ និង​វាស់វែង​គុណភាព​នៃ​ពុទ្ធសាសនិកជន ឲ្យ​ឃើញថា​បុគ្គល​ណា​ជា​ពុទ្ធសាសនិកជន​សកម្ម ឬ អសកម្ម​នៅថ្ងៃនេះ​ឯង ប្រៀបដូចជា​កញ្ចក់​ឆ្លុះ​បំភ្លឺ​មុខ​ដូច្នោះ​។​ព្រោះហេតុនោះ បើ​បាន​ឋានៈ​ជា​ពុទ្ធសាសនិកជន ហើយ​មិនត្រូវ​វ្ហោះវ្ហើយ​កន្តើយ​នឹង​កាតព្វកិច្ច​របស់ខ្លួន​នោះទេ ត្រូវ​ព្យាយាម​លើកស្ទួយ​ឋានៈ​ពុទ្ធសាសនិកជន​របស់​ខ្លួន​ឲ្យ សកម្ម​ឡើង​ការធ្វើដំណើរ​ទៅកាន់​វត្ត ឬ មណ្ឌល​ពុទ្ធ សាសនា​មិនមែនជា​ការងារ​ធ្ងន់ធ្ងរ​ឡើយ​។ ផ្ទុយទៅវិញ ជាការ​ជួយ​លើកស្ទួយ​គុណភាព​ជីវិត​ផ្នែក​ចិត្ត វិញ្ញាណ​របស់ខ្លួន​ឲ្យ​ប្រសើរឡើង តាម​គោលការណ៍​ចំណុច​ទី​២​ថា ធ្វើអំពើ​ល្អ​ឲ្យ​ដល់​ព្រម ពោលគឺ​បណ្តុះ​ចិត្ត​ឲ្យ​ស្ថិតក្នុង​បុណ្យ​កុសល​នោះឯង​។​
​ស​ង្ឃឺ​ម​ថា យើង​ម្នាក់ៗ​អាច​ទាញយក​ប្រយោជន៍​បាន​ខ្លះ ពី​ថៃ្ង​មាឃបូជា​នេះ​នឹង​អញ្ជើញ​នាំគ្នា​ធ្វើ​បុណ្យទាន រក្សាសីល និង​សមាធិ​សម្អាតចិត្ត​របស់ខ្លួន​ក្នុង​ថៃ្ង​នេះ ដើម្បី​បូជា និង​រំលឹក​ចំពោះ​គុណ ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត​ព្រះពុទ្ធសាសនា សម្រាប់​ជា​មា​គ៌‌ា​ជីវិត​ដល់​ពួកយើង​ទាំងអស់គ្នា​៕(​អត្ថបទ FN)

fn-2017-02-10-14-17-16-2