ក្រចេះ៖ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ឋិតនៅតាមដងផ្លូវជាតិលេខ ៧៣ ប្រមាណជា៣០ភាគរយ បានប្រកបរបរដាំដំណាំប៉ិកួៈ ក្រៅពីរបរកសិកម្មធ្វើស្រែ ចម្ការ និងដំណាំរួមផ្សំផ្សេងៗ។
លោកអ៊ំស្រី ច័ន្ធូ កសិករដាំដំណាំប៉ិកួៈ នៅភូមិព្រែកសាម៉ាន់ បានឲ្យដឹងថា ដំណាំប៉ិកួៈ គឺគេចាប់ផ្ដើមធ្វើដីដាំតាំងពីអំឡុងខែវិច្ឆិកា និងខែតុលា ទៅតាមទឹកដែលស្រក ព្រោះដាំប៉ិកួៈនៅដើមរដូវ វាអាចទទួលបានទិន្និផលខ្ពស់ ។ អ៊ំស្រី បានបន្តថា ដំណាំប្រភេទនេះ អាចប្រមូលផលបានក្នុងរយៈពេល៣ខែ ដោយត្រូវថែទាំស្រោចទឹកឲ្យបានទៀងទាត់ ច្រើនរឹតតែល្អ ព្រោះវាត្រូវការទឹកច្រើនបំផុត ។ នៅក្នុងរយៈពេលបីខែនេះ គេត្រូវកាត់ទង់វា ទៅតាមដំណាក់កាលនីមួយៗដើម្បីឲ្យម៉ើមវាធំល្អ និងមានរស់ជាតិផ្អែមឆ្ងាញ់ នៅពេលកាត់ទង់វាគេត្រូវប្រុងប្រយ័ត្នផងដែរ ព្រោះបើកាត់ខុសបច្ចេកទេស នោះវានឹងអសារបង់មិនខាន់ ។
ទន្ទឹមនឹងការប្រមូលផលនោះដែរ អ៊ំស្រី បន្តថា ទីផ្សារតំលៃរបស់វា គឺមានការប្រែប្រួលផងដែរ ដោយពេលខ្លះ ក្នុង១គីឡូ លក់បានតម្លៃ១ពាន់រៀល ខ្លះទៀតក៏លក់បាន ៧ទៅ៨រយរៀលជាដើម ។ បើមានគេកម្មង់ច្រើនវិញ ក្នុង១គីឡូលក់បាន ៦ ទៅ៨រយរៀលប៉ុណ្ណោះ។ អ៊ំស្រី ច័ន្ធូ បានបន្ថែមឲ្យដឹងទៀតថា សព្វថ្ងៃការលក់ដូរដាច់ជាធម្មតា ដោយមានអ្នកដំណើរតាមឡាន ម៉ូតូ ឈប់ទិញជាហូរហែ ។
ជាមួយគ្នានោះ លោក មេឃុំព្រែកសាម៉ាន់ បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជា៣០ភាគរយៈ នៃប្រជាពលរដ្ឋ១០០ភាគរយ ដែលបានប្រកបរបរដាំដំណាំប៉ិកួៈនេះ ក្រៅពីរបរកសិកម្មធ្វើស្រែ ចម្ការ និងដំណាំរួមផ្សំផ្សេងៗទៀត ។ លោក បានឲ្យដឹងបន្តថា ដំណាំប៉ិកួៈនេះ គឺត្រូវបានប្រជាពលរដ្ឋរបស់គាត់ធ្វើតាំងពីយូរឆ្នាំណាស់មកម្ល៉េះ ប៉ុន្តែត្រូវបញ្ឈប់ដោយសាររបប ប៉ុល ពត និងបាននាំគ្នាធ្វើឡើងវិញនៅក្រោយឆ្នាំ១៩៧៩រហូតមកទល់នឹងបច្ចុប្បន្ននេះ។ លោកបានបញ្ជាក់ថា តាមរយៈការប្រកបរបរនេះ បានជួយឲ្យពួកគាត់មានជីវភាពកាន់តែធូរធារប្រសើឡើងមួយកម្រឹតបន្ថែមទៀត និងបានជួយកាត់បន្ថភាពក្រីក្ររបស់ប្រជាពលរដ្ឋធ្វើឲ្យពួកគាត់អាចមានលទ្ធភាពបញ្ជូនកូនឲ្យទៅរៀនបានខ្ពង់ខ្ពស់ទៀតផង៕