ហ្វីលីពីន៖សភាហ្វីលីពីនបានអនុម័តសំណើមួយកាលពីថ្ងៃពុធក្នុងការយកទោសប្រហារជីវិតមកប្រើវិញដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការយកទោសនេះមកប្រើវិញក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះបន្ទាប់ពីវាត្រូវបានលុបចោល។
សេចក្តីព្រាងច្បាប់នេះដែលនឹងអនុញ្ញាតជាចម្បងឲ្យបទល្មើសទាក់ទងនឹងគ្រឿងញៀនត្រូវផ្តន្ទាទោសប្រហារជីវិតនោះគឺបានឆ្លុះបញ្ចាំងពីការសន្យានៃយុទ្ធនាការរបស់លោកប្រធានាធិបតី Rodrigo Duterte ក្នុងការបញ្ចប់ឧក្រិដ្ឋកម្មនិងអំពើពុករលួយ។
ចាប់តាំងពីពេលលោក Duterte ចូលកាន់តំណែងក្នុងខែមិថុនាឆ្នាំមុនមក មនុស្សរាប់ពាន់នាក់ដែលគេសង្ស័យថាជាអ្នកញៀនថ្នាំឬអ្នកចែកចាយត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលិសឬអ្នកការពារច្បាប់ដែលជាផ្នែកមួយនៃការសន្យានោះ។
ដើម្បីក្លាយទៅជាច្បាប់មួយ សេចក្តីព្រាងច្បាប់ប្រហារជីវិតនេះត្រូវតែប្រឈមនឹងការបកស្រាយលើកទីបីនៅក្នុងសភាដែលគ្រប់គ្រងដោយសម្ព័ន្ធភាពរបស់លោកប្រធានាធិបតីមុនពេលឆ្លងទៅព្រឹទ្ធសភាដែលក៏គ្រប់គ្រងដោយអ្នកជិតស្និទ្ធិនឹងលោក Duterte ដូចគ្នា។ បន្ទាប់មក សេចក្តីព្រាងច្បាប់នេះនឹងត្រូវចុះហត្ថលេខាដោយប្រធានាធិបតី។
ក្រោមសំណើនេះ ឧក្រិដ្ឋកម្មដែលគេចាត់ទុកថាសាហាវយង់ឃ្នងនឹងត្រូវទទួលទោសប្រហារជីវិត។ ទាំងនោះរួមមានទម្រង់មួយចំនួននៃការចាប់រំលោភនិងសម្លាប់ព្រមទាំងបទល្មើសគ្រឿងញៀននានាដូចជាការនាំចូល លក់ ផលិត នាំយកនិងចែកចាយគ្រឿងញៀន។
ការកាន់កាប់គ្រឿងញៀននឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។បើយោងតាមសេចក្តីព្រាងច្បាប់នេះបានឲ្យដឹងថា ការផ្តន្ទាទោសប្រហារជីវិតនឹងជាធម្មតាត្រូវបានអនុវត្តដោយការព្យួរក ការបាញ់ប្រហារឬការចាក់ថ្នាំផ្តាច់ជីវិត។នៅពេលដែលវិធានការនេះទៅដល់ព្រឹទ្ធសភា សមាជិកសភាត្រូវបានគេរំពឹងថានឹងត្រូវរង់ចាំការសម្រេចរបស់ក្រសួងយុត្តិធម៌ថាតើវាផ្ទុយពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះចំពោះអនុសញ្ញាអន្តរជាតិដែរឬក៏អត់។
គួរបញ្ជាក់ថា ទោសប្រហារជីវិតត្រូវបានលុបបំបាត់ក្នុងឆ្នាំ១៩៨៧ប៉ុន្តែលោកប្រធានាធិបតី Fidel Ramos បានយកវាមកប្រើវិញនៅក្នុងឆ្នាំ១៩៩៣ដោយលើកឡើងពី “ការគ្រប់គ្រងបទល្មើស”។ ប្រធានាធិបតី Gloria Macapagal Arroyo បានផ្អាកទោសប្រហារជីវិតក្នុងឆ្នាំ២០០៦៕