ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋចំនួន៨៦គ្រួសាររស់នៅក្នុងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីថ្ងៃចុងសប្តាហ៍នេះបាននាំគ្នាប្តិតមេដៃប្តឹងទាមទារស្នើឲ្យអាជ្ញាធរនិងមន្ត្រីជំនាញរក្សាដីបឹងធម្មជាតិ (បឹងតាអឿ)ស្ថិតនៅក្នុងភូមិ ឃុំ ខាងលើនិងសុំអោយពន្លឿនក្នុងការដោះស្រាយបញ្ហាទំនាស់ដ៏រ៉ាំរ៉ៃនេះផង។
ប្រជាពលរដ្ឋលើកឡើងថា ករណីទំនាស់ដីបឹង(តាអឿ)ខាងលើនេះក្លាយជាករណីទំនាស់ដ៍រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋក្នុងសហគមន៍ស្មើរនិង៨៦គ្រួសារនិងបុគ្គលម្នាក់ ឈ្មោះ ម៉ាក់ ចាន់ថន បានប្តឹងប្រជាពលរដ្ឋចូលទៅតុលាការខេត្តខណះដែលប្រជាពលរដ្ឋ៨៦គ្រួសារខាងលើទទួលបានការអនុញ្ញាតពីខាងអាជ្ញាធរស្រុក ខេត្តនិងមន្ត្រីសូរិយោដី បានចេញលិខិតអនុញ្ញាតឲ្យពួកគាត់ស្តារបឹងនោះឲ្យមានជម្រៅជ្រៅដើម្បីស្តុបទឹកទុកប្រើប្រាស់នារដូវប្រាំង ខណៈនោះខាងតុលាការបានបញ្ជារឲ្យនគរបាលទៅហាមពួកគាត់មិនឲ្យស្តារបឹងនោះបន្តនិងបានកោះហៅពួកគាត់មកសាកសួរបន្ទាប់មកបង្វែករណីទំនាស់នេះមកឲ្យអាជ្ញាធរជាអ្នកដោះស្រាយវិញ ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា មូលហេតុដែលខាងតុលាការបង្វែករណីទំនាស់ខាងលើឲ្យទៅអាជ្ញាធរជាអ្នកដោះស្រាយនោះគឺប្រហែលខាងតុលាការខេត្ត យល់ឃើញថា បុគ្គលម៉ាក់ ចាន់ថនពុំមានឯកសារឬវត្ថុតាងអ្វីមកសំអាងថាជាដីរបស់ខ្លួនទាល់តែសោះ ។
ប៉ុន្តែពាក់ព័ន្ធទៅនិងករណីទំនាស់ខាងលើ ឯកសារ ឫវត្ថុតាង និងសាក្សីគឺខាងប្រជាពលរដ្ឋមានគ្រប់គ្រាន់រួមទាំងសេចក្តីសម្រេចរួមមួយរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញនៃនគដែនដីរូបនីយកម្មនិងសំណង់ដែលបានសម្រេចរួមរក្សារទុកបឹង(តាអឿ)ជាសម្បត្តិរដ្ឋព្រោះវាជាដីបឹងធម្មជាតិតាំងពីជំនាន់ដើម ។
ពលរដ្ឋបន្តថាក្រោយពីតុលាការខេត្តបានបង្វែករណីទំនាស់ដីបឹងតាអឿខាងលើមកឲ្យអាជ្ញាធរស្រុកដោះស្រាយវិញនោះឃើញថានូវមិនអាចរកដំណោះស្រាយចេញទាល់តែសោះដែលគេដាក់ការសង្ស័យថាប្រហែលជាអាចមានក្រុមមន្ត្រីមួយចំនួនតូចនៅក្នុងរដ្ឋបាលស្រុកនិងមន្ត្រីក្នុងរដ្ឋបាលខេត្តអាចត្រូវរូវគ្នាជាមួយបុគ្គល ម៉ាក់ ចាន់ថន ហើយ ទើបរកដំណោះស្រាយមិនឃើញរហូតក្លាយជាទំនាស់រ៉ាំរ៉ៃមិនចេះចប់បែបនេះ ។
បន្ទាប់ពីមានការប្តឹងតវ៉ារវាងភាគីទាំងពីមិនចេះចប់នោះខាងអាជ្ញាធរស្រុកនិងមន្ត្រីនៃការិយាល័យសូរិយោដីស្រុកសង្កែបានកោះហៅប្រជាពលរដ្ឋម្តងបួនប្រាំនាក់ឲ្យពួកគាត់ចូលមកបំភ្លឺព័ត៌មាននៅសាលាស្រុក។ ក្រោយពីសាកសួរព័ត៌មានពីប្រពលរដ្ឋជាច្រើនគ្រួសារហើយនោះឃើញថាពលរដ្ឋភាគច្រើននៅតែបន្តការទាមទារសុំឲ្យរខាងអាជ្ញាធររក្សារទុក(បឹងតាអឿ)ខាងលើទុកជាសម្បត្តិរដ្ឋដដែល ។
អ្វីដែលគួរឲ្យគត់សម្គាល់នោះ ប្រជាពលរដ្ឋបានលើកឡើងថា ជម្រើសចុងក្រោយរបស់អាជ្ញាធរក្នុងការស្វែងរកដំណោះស្រាយ ករណីទំនាស់ដីធ្លីនោះគឺមានស្ត្រីជាមន្ត្រីម្នាក់ឈ្មោះ សំ ស៊ីយ៉ែន មានតួនាទីជាក្រុមប្រឹក្សារឃុំកំពង់ព្រៀងពេលដែលយកលិខិតអញ្ជើញឲ្យចូលបំភ្លឺព័ត៌មានជូនពលរដ្ឋនោះក៍បានប្រើពាក្យទៅកាន់ប្រជាពលរដ្ឋថា(បើពលរដ្ឋណាមិនចូលខ្លួនទៅកាន់សាលាស្រុកទេលើកក្រោយនិងឲ្យនគបាលមកហៅវិញម្តងហើយអាចឈានទៅដល់តុលាការខេត្ត ឬអាចឡើងទៅដល់តុលាការកំពូលក្រុងភ្នំពេញទៀតផង)។
ពាក់ព័ន្ធទៅនិងករណីខាងលើ លោក សំ ចន្ថា អភិបាលរង ស្រុកសង្កែបានប្រាប់ឲ្យដឹងនៅថ្ងៃចុងសប្តាហ៍នេះថា ខាងអាជ្ញាធរនិងមន្ត្រីសូរិយោដីស្រុកបាននិងកំពុងហៅប្រជាពលរដ្ឋមកដើម្បីសាកសួរនិងប្រមូលព័ត៌មានបន្ថែមជូនទៅអាជ្ញាធរខេត្តដើម្បីឈានទៅរកដំណោះស្រាយសម្រេចក្តីនៅពេលខាងមុខ ។
ចំណែកពាក់ព័ន្ធទៅនិងការលើកឡើងថា មានក្រុមប្រឹក្សារឃុំប្រើរពាក្យមិនសមរម្យទៅកាន់ប្រជាពលរដ្ឋនោះ លោកថា មិនបានដឹងទេលោកនិងហៅបុគ្គលដែលប្រើពាក្យគំរាមពលរដ្ឋនោះមក ដើម្បីសាកសួរ និងនែរនាំដល់គាត់បន្ថែម៕