ភ្នំពេញ:លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធកម្ចាត់គណបក្សនយោបាយណាមួយ ដែលចង់ធ្វើបដិវត្តន៍ផ្លាស់ប្ដូររដ្ឋាភិបាលតាមរយៈអំណាចប្រជាពលរដ្ឋ។ ប៉ុន្តែទន្ទឹមគ្នានោះ ប្រមុខដឹកនាំរដ្ឋាភិបាលក៏ព្រមានឲ្យកងកម្លាំងប្រដាប់អាវុធត្រូវរក្សា អព្យាក្រឹតភាពរវាងគណបក្សនយោបាយ។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ ទី២៥ ម្សិលមិញថា រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យគណបក្សនយោបាយណាមួយដឹកនាំធ្វើបដិវត្តន៍ទម្លាក់រដ្ឋាភិបាលពីអំណាចដូចនៅពិភពអារ៉ាប់ និងទ្វីបអឺរ៉ុបឡើយ។ លោកចោទប្រកាន់គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិថា បានដឹកនាំបដិវត្តន៍អំណាចពលរដ្ឋដើម្បីទម្លាក់រដ្ឋាភិបាលក្រោយការ បោះឆ្នោតកាលពីឆ្នាំ២០១៣ ហើយបដិវត្តន៍នោះអាចនឹងទទួលបានជោគជ័យ ប្រសិនបើកងកម្លាំងប្រដាប់អាវុធ និងយោធាមិនការពាររដ្ឋាភិបាលទេនោះ។
លោក ហ៊ុន សែន៖ «ដូច្នោះហើយបានជាខ្ញុំសន្និដ្ឋានថា បាតុកម្មថ្ងៃទី១៥ ១៦ និង ១៧ កញ្ញា ឆ្នាំ២០១៣ ជាការធ្វើតេស្តសាកល្បងនៃកងកម្លាំងប្រដាប់អាវុធចំពោះរដ្ឋាភិបាល ប្រហែលជាអស់លោកបានដឹងហើយថា មុនពេលបាតុកម្មគេដើរចែកផ្កា និងនំចំណីឲ្យកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអាចអព្យាក្រឹតបានតែចំពោះបក្សនយោបាយ ប៉ុន្តែមិនអាចអព្យាក្រឹតម្ខាង បក្សនយោបាយ និងម្ខាងរដ្ឋាភិបាលទេ»។
ប៉ុន្តែលោក ហ៊ុន សែន អះអាងថា ប្រសិនបើកងកម្លាំងប្រដាប់អាវុធ និងយោធា មិនការពាររដ្ឋាភិបាលនោះទេ លោកនឹងបញ្ចេញកងកម្លាំង ពិសេសដើម្បីការពាររដ្ឋាភិបាល។ លោកស្នើឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវការពាររដ្ឋាភិបាល៖ «ចាំ មើលកងទ័ពយើងយ៉ាងម៉េច? គ្រាន់បើ! អរគុណ! ស្មានតែទុកលោកឯងអី តែលោកឯងមិនធ្វើមានអ្នកដទៃទៀតធ្វើហើយ កុំឆ្ងល់ពេក»។
អត្ថាធិប្បាយរបស់លោក ហ៊ុន សែន គឺផ្ទុយទៅនឹងការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងសមាជកាលពីដើមខែកុម្ភៈ ដែលបានដាក់បញ្ចូលសមាជិកកងកម្លាំងយោធា កងរាជអាវុធហត្ថ ប៉ូលិស ច្រើនជាង ៨០នាក់ទៅក្នុងគណៈកម្មាធិការកត្តាលគណបក្សប្រជាជនកម្ពុជា។ ចំនួនសមាជិកនៃកម្លាំងគ្រប់គ្រងបញ្ជាការលើកងសន្តិសុខដែលជាសមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើនចំនួនបីដង គឺពី ៣៦នាក់ទៅយ៉ាងតិចណាស់ ១១៦នាក់។
មន្ត្រីយោធា នគរបាល និងកងរាជអាវុធហត្ថដែលទទួលតួនាទីថ្មីក្នុងបក្សប្រជាជនកម្ពុជា សុទ្ធតែពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដូចជាអគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ លោក ម៉ក់ ជីតូ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក រ័ត្ន ស្រ៊ាង អគ្គស្នងការរង និងជាស្នងការប៉ូលិសរាជធានីភ្នំពេញ លោក ជួន សុវណ្ណ និងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។
ច្បាប់ស្ដីពីគណបក្សនយោបាយនៅកម្ពុជា បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធមិនត្រូវលំអៀង ឬមាននិន្នាការប្រឆាំងនឹងគណបក្សណាមួយឡើយ។ ច្បាប់នេះ ក៏បានហាមមិនឲ្យគណបក្សនយោបាយបង្កើនរចនាសម្ព័ន្ធបក្សក្នុងស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែប្រភពជាច្រើនបានបញ្ជាក់ប្រាប់អង្គការសិទ្ធិមនុស្សថា មេបញ្ជាការយោធាបានបង្កើតបណ្ដាញបក្សកាន់អំណាចក្នុងស្ថាប័នយោធា ប៉ូលិស និងកងរាជអាវុធហត្ថ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងការចរចានយោបាយបង្កើតច្បាប់បោះឆ្នោតថ្មី តំណាងគណបក្សប្រជាជនកម្ពុជា បានស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីតុលាការត្រូវអនុញ្ញាតឲ្យចូលរួមឃោសនាបោះឆ្នោតបាន ថ្វីត្បិតតែច្បាប់បោះឆ្នោតបច្ចុប្បន្នមិនអនុញ្ញាតឲ្យអ្នកទាំងនោះ ជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតក្តី។
នេះមិនមែនជាលើកទីមួយទេដែលលោក ហ៊ុន សែន ព្រមានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធកម្ចាត់ផែនការបដិវត្តន៍នៅកម្ពុជា ប្រឆាំងនឹងគណបក្សនយោបាយ។ កាលពីថ្ងៃទី២៤ កុម្ភៈ លោក ហ៊ុន សែន ក៏បានព្រមានប្រើប្រាស់កាំជ្រួចប្រភេទ BM21 បាញ់កម្ទេចសកម្មជនការពារបរិស្ថាននៅតំបន់អារ៉ែង ប្រសិនបើសកម្មជនទាំងនោះបង្កើតតំបន់អបគមន៍។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន ឡើយ ប៉ុន្តែអះអាងថា
កងកម្លាំងប្រដាប់អាវុធមិនទាន់មានអព្យាក្រឹតភាពឡើយ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំឲ្យកងកម្លាំងប្រដាប់អាវុធឲ្យមានឯករាជភាព និងអព្យាក្រឹតភាពនៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត៖ «ខ្ញុំយល់ ឃើញថា យើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើឲ្យកងទ័ពមានអព្យាក្រឹត ព្រោះយើងមិនដោះស្រាយឲ្យប្រទេសយើងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទេ យើងនឹងងាកទៅរកអនុស្សាវរីយដ៏ជូរចត់ ដូចពីអតីតកាល។ គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ គឺកងយោធពលខេមរភូមិន្ទជាកងទ័ពរបស់ជាតិ មិនមែនកងទ័ពរបស់គណបក្ស»។
បច្ចុប្បន្នមន្ត្រីជាន់ខ្ពស់ដឹកនាំកងទ័ពកំពុងមានតួនាទីក្នុង គណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា រួចហើយ រួមមានអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ លោក គន់ គីម និង មាស សុភា អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា។
អង្គការសិទ្ធិមនុស្សរកឃើញថា អង្គភាពជាច្រើនដែលគ្រប់គ្រងដោយគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រវត្តិរំលោភសិទ្ធិមនុស្ស ការបាញ់សម្លាប់បាតុករ បង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង ឃាតកម្មនយោបាយ ធ្វើទារុណកម្ម ការចាប់ឃុំខ្លួនយ៉ាងអនាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងរត់ពន្ធមនុស្ស៕RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានស្ទឹងមានជ័យ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។