ការកើនឡើង​កំដៅ​ផែនដី នាំ​ប្រធានាធិបតី​បារាំង​ទៅ​ហ្វីលីពីន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2015 ក+ ក-

​​ថ្ងៃព្រហស្បតិ៍ ទី ២៦ កុម្ភៈ​ នេះលោក​ ប្រធានាធិបតី​បារាំង បាន​ដឹកនាំ​គណៈ ប្រតិភូ​ទៅ​ទស្សនកិច្ច នៅ​ប្រទេស​ហ្វីលីពីន​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុង​គោលដៅ យុទ្ធនាការ​បំផុសបំផុល ឲ្យ​មានការ​គាំទ្រ ក្នុងការ​សម្រេច​ឲ្យ បាន នូវ​កិច្ចព្រមព្រៀង ស្តីពី​បញ្ហា​អាកាសធាតុ និង​ការកើនឡើង​នូវ​កំដៅ​ផែនដី​។ កិច្ចព្រមព្រៀង​នេះ ជា​សេចក្តីសង្ឃឹម​របស់​រដ្ឋា​ភិ​បាល​បារាំង ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​អ្នកដឹកនាំ​កិច្ចពិភាក្សា នៅ​ទីក្រុង​ប៉ារីស នា​ដំណាច់​ឆ្នាំនេះ​។​

​បញ្ហា​អាកាសធាតុ ចំណុច​ស្នូល​នៃ​ទស្សនកិច្ច​៖
​លោក ប្រធានាធិបតី​បារាំង បាន​ដឹកនាំ គណៈប្រតិភូ ទៅដល់​ប្រទេស​ហ្វីលីពីន​ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ កុម្ភៈ​។ ដំណើរ​ទស្សនកិច្ច​នេះ នឹងធ្វើ​ឡើង ក្នុង​រយៈពេល​២​ថ្ងៃ​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​ប្រធានាធិបតី​បារាំង បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច ផ្លូវការ​នៅ​ប្រទេស​ហ្វីលីពីន ចាប់តាំងពី​ប្រទេស​ទាំងពីរ បាន​ភ្ជាប់ ទំនាក់ទំនង​ការទូត ជាមួយគ្នា ក្នុង​ឆ្នាំ ១៩៤៧​។​

​គោលដៅ​នៃ​ទស្សនកិច្ច​នេះ គឺធ្វើឡើង ក្នុង​យុទ្ធនាការ បំផុសបំផុល មតិ​អន្តរជាតិ ស្តីអំពី ការកើនឡើង​នូវ​កំដៅ​ផែនដី និង​ការប្រែប្រួល​អាកាសធាតុ​។ បញ្ហា​អាកាសធាតុ​នេះ ជា​បញ្ហា​ចំបង ដែល​រដ្ឋាភិបាល​បារាំង​បាន​យកចិត្ត ទុកដាក់ ជាពិសេស​ឆ្នាំ ២០១៥​នេះ គឺ ជា​ឆ្នាំ​ដែល បារាំង ទទួល​រៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ ស្តីពី​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស​។ រដ្ឋាភិបាល​របស់លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ សង្ឃឹម​យ៉ាងខ្លាំង ថា នៅ​ខែ ធ្នូ​ចុង​ឆ្នាំនេះ បារាំង នឹង​ជំរុញ​ប្រទេស​ដែល​ចូលរួម ក្នុង​សន្និសីទ​នេះ សម្រេច​រួមគ្នា នូវ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ការកើនឡើង​នូវ​កំដៅ​ផែនដី ដែល​ប្រទេស​ទាំងអស់ នៅលើ​លោក​យើង​នេះ កំពុង​ប្រឈមមុខ មិន​ថា​ប្រទេស​ក្រីក្រ រឺ​ប្រទេស​អ្នកមាន​ទេ​។​

​លោក​ប្រធានាធិបតី ហ្វ្រ​ង់​ស័​រ ហូ​ឡង់ អមដំណើរ​ដោយ​មនុស្ស​ល្បីៗ​៖
​អមដំណើរ​ជាមួយ​លោក ប្រធានាធិបតី​បារាំង និង​រដ្ឋមន្ត្រី​បារាំង​មួយចំនួន យើង​សង្កេតឃើញថា មាន​សុទ្ធសឹងតែ​មនុស្ស អ្នកមាន​មុខមាត់ ដែល​ធ្វើការ​យ៉ាងសកម្ម ក្នុងការ​ការពារ​បរិ​ស្ថាន និង​ការពារ​ធនធានធម្មជាតិ​។ ក្នុងចំណោម​នោះ រួមមាន គណៈ​ដឹកនាំ​សង្ឃ Orthodox constantinoble Bartholomée ទីមួយ​។ សង្ឃ​អ័​រ​តូ​ដុ​ក្ស​អង្គ​នេះ ត្រូវគេ​ដាក់​ងារ​ថា ជា​សង្ឃ​បៃតង គឺ​ដោយសារតែ​សកម្មភាព នឹង​ការ​ខំប្រឹងប្រែង​របស់​ព្រះអង្គ ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ និង​ជីវចំរុះ​។ មន្ត្រី​របស់​អង្គការសហប្រជាជាតិ ដែល​ធ្វើការ​លើ​ផ្នែក ទប់ស្កាត់​ការឡើង​កំដៅ​ផែនដី និង​បំរែបំរួល​អាកាសធាតុ ក៏បាន​ចូលរួម​ក្នុង​ទស្សនកិច្ច​នេះដែរ​។ លោក Nicolas Hulot សកម្មជន​ការពារ​បរិស្ថាន ដ៏​ល្បី​របស់​បារាំង នឹង​ត្រូវបាន​បារាំង​តែងតាំង ជា​អ្នកតំណាង​ពិសេស​របស់​រដ្ឋាភិបាល ក្នុង​ការងារ​បរិស្ថាន ក៏មាន​វត្តមាន​ផងដែរ​។​

​អ្វី ដែល​ពិសេស មួយទៀត​ដែរ គឺមាន​តារាភាពយន្ត​ស្រី បារាំង​ពីរ​នាក់ ដែលមាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​មែនទែន គឺ​នាង Marion Cotillard និង​នាង Mélanie Laurent ក៏បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ​។ តារា​ស្រី​ហូលីវូដ​ទាំងពីរ​នាក់​នេះ បាន​ចំណាយ​ប្រាក់ និង​ពេលវេលា​ជាច្រើន ក្នុងការ​បំផុសបំផុល មតិសាធារណៈ ឲ្យ​ជួយ​ការពារ​បរិស្ថាន ព្រមទាំង​រួមគ្នា​ទប់ស្កាត់​ការកើនឡើង​នូវ​កំដៅ ផែនដី​។​

​ហេតុអ្វី ហ្វីលីពីន​ជា​ប្រទេស​គោលដៅ​របស់​បារាំង ក្នុង​យុទ្ធនាការ​នេះ​?
​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បារាំង សម្រេច​ជ្រើស​រើសយក​ប្រទេស​ហ្វីលីពីន ជា​គោលដៅ នៃ​យុទ្ធនាការ​របស់ខ្លួន គឺ​ដោយសារ​ហ្វីលីពីន ជា​ប្រទេស ដែល​ប្រឈមមុខ និង​រង​ឥទ្ធិពល​ខ្លាំងជាងគេ ដោយសារតែ​ការប្រែប្រួល អាកាសធាតុ​នេះឯង​។ ផល​អវិជ្ជមាន ដែល​បង្កឡើង​ដោយ​ការកើនឡើង​នូវ​កំដៅ​ផែនដី គឺ​វា​ស្តែងឡើង​តាមរយៈ គ្រោះធម្មជាតិ​ធ្ងន់ធ្ងរ ដូចជា​ខ្យល់​ភ្ជុះ គ្រោះ​រញ្ជួយ​ដី គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាដើម​។​

​ហ្វីលីពីន ជា​ប្រទេស ប្រជុំ​កោះ នៅ​កណ្តាល​សមុទ្រ ដែលមាន​កោះ​សរុប ទាំង​តូច​ទាំង​ធំ ប្រមាណ​ជា ៧០០០​ពាន់​កោះ ហើយ​មាន​ប្រជាជន ១០០​លាន​នាក់​។ ដោយសារតែ​ប្រទេស​នេះ នៅក្នុង​សមុទ្រ ចំ​កន្លែង​ដែលមាន​ការឆ្លងកាត់​នូវ​ចំហាយ​ក្តៅ ដែល​ភាយ​ចេញពី​ក្នុង សមុទ្រ បង្ក​ទៅជា​ខ្យល់ព្យុះ​ទី​ហ្វុ​ង យ៉ាង​សាហាវ​។ ក្នុង​មួយឆ្នាំៗ ចន្លោះ​ពី​ខែ មិថុនា ដល់​ខែវិច្ឆិកា ហ្វីលីពីន​ទទួលរង ខ្យល់ព្យុះ មិនតិចជាង ២០​ដង​ទេ​។​

​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ខ្លះ មាន​ល្បឿន​លឿន​ខ្លាំងណាស់ ដូចជា​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ខ្យល់ព្យុះ​ទី​ហ្វុ​ង ឈ្មោះ ហៃ​យ៉ាន់ (Haiyan) មាន ល្បឿន ២៣០​គីឡូ​មែត្រ​ក្នុង​មួយ​ម៉ោង ហើយ​បានសម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជា ៧៣៥០​នាក់​។ នេះ​យើង​នៅ​មិន​រាប់ ពី​ការ​ខួច​ខាត​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ផង​។ តាម​ការវិភាគ​របស់​អ្នកជំនាញ​ផ្នែក​អាកាសធាតុ ខ្យល់ព្យុះ ដែល​បក់បោក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ មាន​ចំនួន​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ម្តងៗ​កាន់តែ​ធ្ងន់​ទៅ​។ តាម​ធម្មតា កាលណា​មាន​ខ្យល់ព្យុះ​ខ្លាំង គឺ​តែងតែមាន​ភ្លៀង​ខ្លាំង​ដែរ ហើយ​តែ​កាលណា​មាន​ភ្លៀង​ខ្លាំង នោះ​ច្បាស់​ជាមាន​ទឹកជំនន់ ជាមិនខាន​។​

​ចំណុច​មួយទៀត ដែល​ជំរុញ​ឲ្យ បារាំង​ជ្រើស​រើសយក​ហ្វីលីពីន ជា​គោលដៅ គឺ​ដោយសារ តែ​បារាំង ពេញចិត្ត​លើ​គោលជំហរ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដែល​ដឹកនាំ​ដោយ លោក Benigno Aquino​។ បារាំង​សរសើរ​រដ្ឋាភិបាល​ហ្វីលីពីន ថា​មាន​ឆន្ទៈ​មុតមាំ ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការកើនឡើង​នូវ​កំដៅ​ផែនដី ដែលជា​មូលហេតុ ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​ប្រឈមមុខ​នឹង​គ្រោះធម្មជាតិ មិន​ស្រាកស្រាន្ត​។ ថ្វីត្បិតតែ​ប្រទេស​នេះ បាន​ជួប​គ្រោះ​អកុសល​ជា​ញឹកញាប់​ពិតមែន ប៉ុន្តែ​ប្រទេស​នេះ នៅតែមាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ​។ កំណើនសេដ្ឋកិច្ច​នេះ បាន​ក៏​ដោយសារ​គោលនយោបាយ សម​ហេតុផល​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដោយ​ផ្តល់​អាទិភាព​ដល់​ការការពារ បរិស្ថាន និង​ធនធានធម្មជាតិ​។​

​ការ​ស្រូបយក​ផល​ចំណូល​ពី​ធនធានធម្មជាតិ មិនមែន​ធ្វើឡើង ដោយ​ប្រមូល​ផល ដូចជា​ការកាប់​ព្រៃឈើ យកទៅលក់​នោះទេ​។ ផ្ទុយទៅវិញ ហ្វីលីពីន បានផ្តល់​អាទិភាព ទៅដល់ ការអភិវឌ្ឍន៍​ដោយ​លៃ​យ៉ាងណា ឲ្យ​ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ផ្សេងៗ ទទួលបាន​ផល​កំរៃ ពី​ធនធានធម្មជាតិ​។ មួយវិញទៀត គោលនយោបាយ ផ្លាស់ប្តូរ​បន្តិច​ម្តងៗ ក្នុងការ​ប្រើប្រាស់​ថាមពល ដែល​មិនមែនជា​ថាមពល ដែល​ដើរ​ដោយ​ប្រេងសាំង ជា​គំរូ​មួយ​ដ៏​ល្អ​ដល់​ប្រទេស​ផ្សេងទៀត​។​

​លោក​ប្រធានាធិបតី​បារាំង ធ្លាប់បាន​ថ្លែងថា ហ្វីលីពីន​ជា​ប្រទេស​គំរូ និង​ជា​ដៃគូ​ដ៏​ពិសេស ក្នុងការ​បំផុសបំផុល ឲ្យ​ពិភពលោក​យកចិត្តទុកដាក់ លើ​បញ្ហា​អាកាសធាតុ​។ បារាំង​ពេញចិត្ត​សម្តី​ប្រធានាធិបតី​ហ្វីលីពីន ដែល​ធ្លាប់​និយាយថា ប្រទេស ទាំងអស់ ត្រូវ​ឈប់​មើលបំណាំ​គ្នា ចោទ​គ្នា​ទៅវិញទៅមក​ថា អ្នកណា​បំពុលបរិស្ថាន ច្រើនជាង​អ្នកណា​។ ផ្ទុយទៅវិញ គ្រប់គ្នា​ត្រូវ​ទទួលស្គាល់ និង​ប្រឹងប្រែង​ទាំងអស់ គ្នា ដើម្បី​កុំ​ឲ្យ​ផែនដី​ចេះតែ​ឡើង​កំដៅ តទៅទៀត ព្រោះថា គ្រោះធម្មជាតិ និង​ផលប៉ះពាល់​មិនមែន មានតែ​ហ្វីលីពីន​ទេ ដែល​រងគ្រោះ​តែឯង​។​

​ហ្វីលីពីន នឹង​ជួយ​បារាំង ឲ្យ​បាន​ជោគជ័យក្នុង​សន្និសីទ​ពិភពលោក​ស្តីពី​អាកាសធាតុ​៖
​លោក​ប្រធានាធិបតី​បារាំង​ធ្លាប់បាន​ប្រាប់ថា បារាំង​មាន​តួនាទី ប្រមែ​ល​ប្រមូល​ការគាំទ្រ នឹងចូលរួម របស់​សហគមន៍​អន្តរជាតិ​ទាំងអស់គ្នា ក្នុងការ​ស្វែងរក​ឲ្យ​បាន​នូវ​កិច្ច ព្រមព្រៀង​ជា​ផ្លូវការ​មួយ​នៅ​ចុង​ឆ្នាំនេះ​។ លោក​ថា ដោយ​សង្កេតឃើញ គ្រោះអាសន្ន​កន្លងមកនេះ ជាពិសេស​នៅ​ហ្វីលីពីន​តែម្តង គឺ​លោក​មានការ​ភ័យខ្លាច​ខ្លាំងណាស់ ខ្លាច បើសិនជា​យើង​បន្ត​អូស​ដំណើរ​តទៅទៀត វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​។ គាត់​មានប្រសាសន៍ថា បារាំង​ចង់ បន្សល់ទុក​នូវ​ស្នាដៃ ក្នុង​អាណត្តិ​របស់លោក​។​

​ដូច្នេះហើយ បានជា​បារាំង បានផ្តល់​ក្តីសង្ឃឹម ទៅលើ​ហ្វីលីពីន ក្នុង​ការជួយ​ស្វែងរក​ការគាំទ្រ ក៏ដូចជា​ជួយ​បំផុសបំផុល ព្រោះថា ការពិត​ជាក់ស្តែង នៃ​ផលវិបាក​ដែល​បង្កឡើង​ដោយ ការបញ្ចេញ​ជាតិពុល ទៅក្នុង​អាកាស គឺមាន​ហ្វីលីពីន​ជា​ភស្តុតាង​ស្រាប់​។ ដូច្នេះ​ប្រទេស​ដ៏ទៃទៀត​គួរណា​តែ យក​បញ្ហា​នេះ ទៅ​ពិចារណា ដើម្បី​កុំ​ឲ្យ​រងគ្រោះ​ដូច​ហ្វីលីពីន​។ ថ្ងៃ​សុក្រ ទី​២៧ កុម្ភៈ តារាភាពយន្ត​បារាំង នាង Marion Cotillard នឹង​អាន​សេចក្តីអំពាវនាវ ដ​ង្ហើ​យ​ហៅ របស់​ហ្វីលីពីន ទៅកាន់​ពិភពលោក​ទាំងមូល ឲ្យ​រួបរួមគ្នា ក្នុងការ​កាត់បន្ថយ​ការកើនឡើង​កំដៅ​ផែនដី​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បារាំង​ក៏មាន​គម្រោង​ចុះហត្ថលេខា​ជាមួយ​ហ្វីលីពីន​ដែរ ហើយ​សុទ្ធ​ជា គម្រោង​ដែល​ពាក់ព័ន្ធ​ទៅនឹង ការងារ​ដែល​ផ្តល់​អាទិភាព ដល់​ការការពារ​បរិស្ថាន និង​ការកាត់បន្ថយ ការកើនឡើង​កំដៅ​ផែនដី នេះ​តែម្តង​។
ឧទាហរណ៍ ដូចជា​គម្រោង​អភិវឌ្ឍន៍ បណ្តាញ​ដឹកជញ្ជូន​សាធារណៈ ដូចជា​ការសាងសង់​ប​ន្ថែ​ម នូវ​ខ្សែ​រថភ្លើង​ក្រោម​ដី នៅ​ក្រុង​ម៉ានីល ព្រមទាំង​ការ​ជម្រុញ​ការ ប្រើប្រាស់​ថាមពល ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ដើរ​ដោយ​ខ្យល់ ព្រមទាំង​ការអភិវឌ្ឍន៍ បណ្តាញ​ប​ន្សុ​ត​ទឹក ដែលមាន​ជាតិពុល ជាដើម​៕RFI

mk9

លោក​ប្រធានាធិបតី ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ពេលទៅដល់​ប្រទេស​ហ្វីលីពីន ក្នុង​ទស្សនកិច្ច ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ​AFP PHOTO / NOEL CELIS