អន្តរជាតិ ៖ យានអវកាសរបស់អង្គការ NASA គ្រោងនឹងត្រង់ទៅកាន់ព្រះអាទិត្យនៅឆ្នាំក្រោយហើយដាក់ឈ្មោះអ្នកវិទ្យាសាស្ត្រអវកាសម្នាក់ដែលបានសិក្សាអំពីចរន្តខ្យល់ក្នុងគន្លងព្រះអាទិត្យកាលពីជិត៦០ឆ្នាំមុន។
ទីភ្នាក់ងារអវកាសមួយនេះបានប្រកាសកាលពីថ្ងៃពុធថា បេសកកម្មមួយនេះនឹងត្រូវបានដាក់ឈ្មោះតាមលោក Eugene Parker ដែលជាសាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យឈីកាហ្គោ។ ប្រធានបេសកកម្មវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារនេះគឺលោក Thomas Zurbuchen បានកត់សម្គាល់ថា វាជាយានអវកាសរបស់អង្គការ NASA ដំបូងគេដែលត្រូវបានដាក់ឈ្មោះតាមអ្នកស្រាវជ្រាវម្នាក់ដែលនៅមានជីវិត។
ដោយគ្រោងនឹងបាញ់បង្ហោះនៅរដូវក្តៅក្រោយចេញពីទីតាំង Cape Canaveral យាន Parker Solar Probe នឹងហោះហើរក្នុងរយៈចម្ងាយ៤លានម៉ាយល៍នៃផ្ទៃព្រះអាទិត្យចូលទៅក្នុងបរិយាកាសព្រះអាទិត្យ។ នោះនឹងត្រូវបានគេកត់សម្គាល់ថាមានចម្ងាយជិតជាងយានអវកាសណាមួយផ្សេងទៀត។
គោលបំណងគឺដើម្បីសិក្សាអំពីបរិយាកាសខាងក្រៅរបស់ព្រះអាទិត្យនិងយល់កាន់តែច្បាស់អំពីថាតើផ្កាយធ្វើការដោយរបៀបណា។ ក្រុមអ្នកវិទ្យាសាស្ត្រមានសង្ឃឹមថា ទិន្នន័យរបស់វានឹងធ្វើឲ្យប្រសើរឡើងដល់ការព្យាករនៃព្យុះព្រះអាទិត្យនិងព្រឹត្តិការណ៍អាកាសធាតុអវកាសដែលប៉ះពាល់ដល់ជីវិតនៅលើផែនដី ផ្កាយរណបនិងអ្នកអវកាសនៅក្នុងលំហរអាកាស។
Nicola Fox ដែលជាអ្នកវិទ្យាសាស្ត្រនៃគំរោងបេសកកម្មមួយនេះមកពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា យានអវកាស Parker Solar Probe ដែលកាលពីមុនត្រូវបានគេស្គាល់ថា Solar Probe Plus នឹងធ្វើដំណើរផ្សងព្រេងជិតជាងយានអវកាសផ្សេងៗកាលពីលើកមុនរហូតដល់ទៅប្រាំពីរដងឯណោះ។
គួរបញ្ជាក់ថា សេចក្តីប្រកាសនេះបានធ្វើឡើងក្នុងអំឡុងពិធីមួយនៅសាកលវិទ្យាល័យឈីកាហ្គោដើម្បីលើកកិត្ដិយដល់លោក Parker ដែលនឹងឈានដល់អាយុ៩០ឆ្នាំនៅថ្ងៃទី១០ខែមិថុនា៕