វ៉ាស៊ីនតោន៖ នៅខែមិនានេះ លោកស្រី មីហ្សែល អូបាម៉ា ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ ប្រទេសកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១១ ដែលត្រូវបានបញ្ចូលក្នុងគម្រោងផ្តួចផ្តើមរបស់អង្គការ Peace Corps ឈ្មោះ «ឲ្យក្មេងស្រីរៀន» (Let Girls Learn Initiative)។
សម្រាប់ប្រជាជនកម្ពុជាជាច្រើននាក់ ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី មីហ្សែល អូបាម៉ា មកកាន់ប្រទេសកម្ពុជានេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងភាពសកម្មនិយមរបស់ស្ត្រីកម្ពុជា និងសិទ្ធិស្មើភាពគ្នាក្នុងការទទួលបានការអប់រំ ហើយក៏អាចជាឱកាសមួយដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។
ដំណើរទស្សនកិច្ចដំបូងបង្អស់របស់ភរិយាប្រធានាធិបតីសហរដ្ឋ«អាមេរិក មកកាន់ប្រទេសកម្ពុជាគឺនៅឆ្នាំ១៩៦៧ នៅពេលដែលលោកស្រី Jackie Kennedy បានទៅទស្សនាប្រាសាទអង្គរវត្ត។ លោកស្រី មីហ្សែល អូបាម៉ា ក៏នឹងស្នាក់នៅខេត្ត សៀមរាបនៃប្រាសាទអង្គរវត្ត ហើយលោកស្រីនឹងជួបពិភាក្សាជាមួយមេដឹកនាំតាមមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកេ្មងស្រីនៅតាមតំបន់ជនបទ ក្រីក្របានជួបប្រទះ។
ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានអាត្រាសិស្សបោះបង់ចោលការសិក្សាខ្ពស់ ក្នុងនោះសិស្សចំនួន៩ភាគរយបានបោះបង់ចោលការសិក្សាថ្នាក់បឋម សិក្សា ហើយប្រមាណ២០ភាគរយទៀតបានបោះបង់ចោលការសិក្សាថ្នាក់មធ្យមសិក្សា។ ក្មេងស្រីជាជាងក្មេងប្រុស ងាយនឹងបោះបង់ចោលការសិក្សា ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ និងជួយកិច្ចការផ្ទះ។
ជាមួយគ្នានោះ ថវិកាជាតិប្រមាណ១២ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រឹងគុណភាពអប់រំ ខណៈដែលគ្រួសារកម្ពុជាជាច្រើនកំពុងបន្តរស់នៅក្នុងភាពក្រីក្រ ទទួលបានការអប់រំទាប និងខ្វះនូវឱកាសរីកលូតលាស់។នេះបើយោងតាម លោកស្រី មូ សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិ និងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ លោកស្រីបានលើកឡើងថា វិស័យអប់រំ ជាពិសេសការអប់រំក្មេងស្រី និងស្ត្រីនៅកម្ពុជានៅតែជាបញ្ហាដ៏ចម្បងមួយ។
លោកស្រីថា៖ «ការដែលលោកជំទាវ មីហ្សែល អូបាម៉ា អញ្ជើញមកនេះ គឺរំលេចឡើងនូវអ្វីដែលជាបញ្ហាដ៏ធំក្នុងវិស័យអប់រំ ជាពិសេសកង្វះខាតនៃការអប់រំសម្រាប់កុមារី និងយុវនារីរបស់យើង»។
គម្រោងផ្តួចផ្តើមឈ្មោះ «ឲ្យកេ្មងស្រីរៀន» (Let Girls Learn initiative) បានសហការជាមួយនឹងកិច្ចខំប្រឹងប្រែងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីគម្រោងអភិវឌ្ឍន៍អន្តរជាតិ (USAID) និងរបស់អង្គការ Peace Corps ដើម្បីជួយឲ្យក្មេងស្រីបានចូលរៀននៅទូទាំងសាកលលោក។«តាមរយៈកិច្ចខំប្រឹងប្រែងរបស់លោកស្រីភរិយាប្រធានាធិបតីសហរដ្ឋ អាមេរិក ដោយសហការជាមួយនឹងអង្គការ Peace Corps គម្រោងផ្តួចផ្តើមថ្មីនេះនឹងឧបត្ថម្ភគម្រោងអប់រំ ដែលបង្កើតឡើង និងដឹកនាំដោយសហគមន៍ ដើម្បីកេ្មងស្រីបានរៀនជុំវិញពិភពលោក»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានសហរដ្ឋអាមេរិក។
គម្រោងនេះនឹងពង្រឹងអំណាចមេដឹកនាំតាមសហគមន៍ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងតាមរយៈការស្វែងរកដំណោះស្រាយក្នុងសហគមន៍ រួមមានការផ្តល់វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យានៅតាមបណ្ណាល័យ។ គម្រោងនេះនឹងបង្កើតជាមូលនិធិដើម្បីការអប់រំក្មេងស្រី និងពង្រីកក្រុមអ្នកស្ម័គ្រចិត្តរបស់អង្គការ Peace Corps ដើម្បីការអប់រំក្មេងស្រី។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការ សីលការ ដែលជាអង្គការដើម្បីអភិវឌ្ឍន៍ដោយស្មើភាព បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី មីហ្សែល អូបាម៉ា អាចនឹងជួយជំរុញឲ្យមានការកែទម្រង់ប្រព័ន្ធអប់រំកម្ពុជា និងជួយឲ្យក្មេងស្រីអាចចូលរៀនកាន់តែច្រើន។
លោកស្រីបានលើកឡើងថា៖ «ដូច្នេះ ការទស្សនកិច្ចរបស់លោកជំទាវ មីហ្សែល អូបាម៉ា គឺជាការងារសំខាន់ ដើម្បីផ្តោតឲ្យមានការយកចិត្តទុកដាក់ទៅលើកម្មវិធីហ្នឹងផង និងទៅដល់អ្នកដែលធ្វើការងារដទៃទៀត ឲ្យធ្វើយ៉ាងណាឲ្យយកចិត្តទុកដាក់ទៅលើស្ត្រី និងកុមារីនៅក្នុងប្រទេសកម្ពុជាយើង»។
បន្ថែមលើនេះ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែគូសបញ្ជាក់ពីការចាំបាច់ពង្រឹងការ អប់រំសម្រាប់ក្មេងស្រីនៅកម្ពុជាតែប៉ុណ្ណោះទេ។ សម្រាប់សកម្មជន និងសិស្សនិស្សិតវិញ ដំណើរទស្សនកិច្ចនេះក៏ផ្តល់ជាឱកាសឲ្យស្ត្រីជាអ្នកដឹកនាំដ៏ ឆ្នើមក្នុងសង្គមមួយចំនួនអំពាវនាវឲ្យមានការអន្តរាគមន៍ពីលោកស្រី មីហ្សែល អូបាម៉ា ចំពោះបញ្ហាមួយចំនួនដែលស្ត្រីកម្ពុជាកំពុងតែជួបប្រទះ។
សហគមន៍ស្ត្រីជាមេដឹកនាំក្នុងសង្គមស៊ីវិលគ្រោងនឹងដាក់ញត្តិមួយ ទៅជូនលោកស្រី មីហ្សែល អូបាម៉ា ដើម្បីអំពាវនាវឲ្យមានការដោះលែងសកម្មជននារីចំនួន១២នាក់ ដែលកំពុងតែជាប់ឃុំ ដោយសារតែរដ្ឋាភិបាលកម្ពុជាចាត់វិធានការដើម្បីបង្ក្រាបរាល់ការ ធ្វើបាតុកម្ម និងការប្រឆាំង។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី មីហ្សែល អូបាម៉ា មកកាន់ប្រទេសកម្ពុជាក៏ជាឱកាសមួយឲ្យលោកស្រីបានស្វែងយល់ពី ស្ថានភាពស្ត្រីនៅកម្ពុជា ដែលមិនទាន់ទទួលបានសិទ្ធិពេញលេញស្មើនឹងបុរសទាក់ទងនឹងការធ្វើ សេចក្តីសម្រេចចិត្ត ជាពិសេសគឺសកម្មជននារីដែលប្រឈមនឹងការគាបសង្កត់សិទ្ធិនៃការ បញ្ចេញមតិ។
លោកស្រីបានបន្ថែមថា៖ «ដំណើរទស្សនកិច្ចរបស់គាត់នេះ គឺប្រៀបបីដូចជាសារមួយដល់រដ្ឋាភិបាលឲ្យពិចារណាក្នុងការដោះលែង ស្ត្រីទាំងដប់នាក់ ដែលគាត់នៅជាប់ពន្ធនាគារ ពីព្រោះពួកគាត់មិនមែនមានភាពពិសពុលធ្វើឲ្យរាជរដ្ឋាភិបាលដួលរលំ ទេ។ ពួកគាត់គឺជាស្ត្រីដេលមានស្ថានភាពរស់នៅយ៉ាងលំបាកតោកយាក»។
អ្នកស្រី យោម បុប្ផា ដែលជាសកម្មជនដីធ្លី ដែលធ្លាប់បានជាប់ពន្ធនាគារមួយរយៈពេលយូរ ដោយសារតែការធ្វើបាតុកម្មទាមទារសិទ្ធិដីធ្លីរបស់អ្នកស្រី និងសហគមន៍បឹងកក់ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី មីហ្សែល អូបាម៉ា បានជំរុញទឹកចិត្តឲ្យអ្នកស្រីបន្តតស៊ូស្វែងរកសិទ្ធិដីធ្លី តាមរយៈភាពសកម្មនិយមរបស់អ្នកស្រី។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់លោកជំទាវ សូមឲ្យជួយដល់ស្ត្រីខ្មែរយើងដែលកំពុងតែរងអយុត្តិធម៌ដោយជាប់ ពន្ធនាគារ ដោយសារការពារដី និងផ្ទះរបស់គេ។ នេះជាការអំពាវនាវពីខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះនៅតំបន់បឹងកក់ និងតំបន់ផ្សេងៗដោយសារបញ្ហាដីធ្លី»។
ទោះបីជាដំណើរទស្សនកិច្ចនេះមិនមែនជាដំណើរទស្សនកិច្ចបែបការ ទូតក្តី ក៏វាអាចជាឱកាសមួយដើម្បីរឹតបន្តឹងចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ នេះបើយោងតាមមតិរបស់ ឡាវ គីមឡាយ ប្រធានក្រុមប្រឹក្សាយុវជនរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។
គីមឡាយ បានឲ្យដឹងថា៖«ជាពិសេសគឺខ្ញុំយល់ថា វាជាឱកាសមួយ ដែលកម្ពុជាមានមុខមាត់លេចធ្លោនៅក្នុងឆាកអន្តរជាតិ ហើយលើសពីនេះ វាក៏អាចនឹងជាឱកាសមួយ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជាយើង និងសហរដ្ឋអាមេរិកឲ្យកាន់តែប្រសើរឡើង»។
លើសពីនេះ ដំណើរទស្សនកិច្ចនេះក៏ជាការលើកទឹកចិត្តមួយដល់ស្ត្រីកម្ពុជាវ័យ ក្មេង ឲ្យតស៊ូស្វែងរកឱកាសរៀនសូត្រ ដើម្បីក្លាយជាមេដឹកនាំក្នុងសង្គម និងនយោបាយ។ នេះបើយោងតាម យុវនិស្សិត មាស ច័ន្ទសត្យា។ សត្យា ចង់ឲ្យលោកស្រី មីហ្សែល អូបាម៉ា ជួយឧបត្ថម្ភដល់កិច្ចខំប្រឹងប្រែងដើម្បីពង្រឹងភាពដឹកនាំរបស់ ស្ត្រីក្នុងវិស័យនយោបាយ។
សត្យា បានឲ្យដឹងថា៖ «សារទីមួយរបស់ខ្ញុំ គឺសូមឲ្យគាត់ជួយលើកកម្ពស់បន្ថែមទាក់ទងនឹងឋានៈ និងតួនាទីស្ត្រីក្នុងជួរនយោបាយនៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះថាតួនាទីស្ត្រីនៅក្នុងជួរនយោបាយរបស់កម្ពុជានៅមានកម្រិត នៅឡើយ ហើយមិនទាន់មានមេដឹកនាំស្ត្រីច្រើននៅក្នុងជួររដ្ឋាភិបាលយើងទេ»។
ការមកដល់នៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រី មីហ្សែល អូបាម៉ា ភរិយារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិនានេះ បានធ្វើឲ្យបរិយាកាសក្នុងប្រទេសកម្ពុជាពោរពេញទៅដោយក្តីសង្ឃឹម និងការអបអរសាទរលោកស្រីដ៏កក់ក្តៅបំផុត៕ VOA
លោកស្រី មីហ្សែល អូបាម៉ា (Michelle Obama) ភរិយារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា