ភ្នំពេញ ៖ នៅឆ្នាំ២០១៧នេះ ក្រសួងផែនការ នឹងអនុម័តលើគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពហៅកាត់ថា(SDGs)ទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាហៅកាត់ថា (CSDGs) ដែលនឹងចាប់ផ្តើមអនុវត្តន៍គោលដៅអភិវឌ្ឍន៍ទាំងនេះពីឆ្នាំនេះតទៅ ដើម្បីធានាបានថា ការអភិវឌ្ឍប្រកបដោយចិរភាព ក្នុងប្រទេសកម្ពុជាមាននិរន្តរភាព។
ស្របពេលគ្នានេះ អង្គការសីលការ អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា នៅថ្ងៃទី២៩ខែសីហានេះ បានរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពី ទស្សនៈវិស័យរបស់អង្គការសង្កមស៊ីវិល ទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាដោយផ្តោតលើការបង្ហាញពីបច្ចុប្បន្នកម្មលើ SDGs និង CSDGs ដោយធ្វើការពន្យល់ពីយន្តការរបស់អង្គការសង្គមស៊ីវិលដែលមានស្រាប់ក្នុងការផ្សារភ្ជាប់រវាង គោលដៅអភិវឌ្ឍនិងការបញ្ជ្រាបចំណេះដឹងយេនឌ័រទៅក្នុងអន្តរវិស័យរបស់អង្គការសង្គមស៊ីវិល។
លោក តឹក វណ្ណរ៉ា នាយកប្រតិ្តបតិ្តនៃវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រកបដោយចីរភាពជាការអភិវឌ្ឍមួយដែលបំពេញនូវតម្រូវការរបស់មនុស្សនាពេលបច្ចុប្បន្នហើយមិនធ្វើអោយប៉ះពាល់ដល់លទ្ធភាពប្រើប្រាស់អ្នកជំនាន់ក្រោយ។ ដូច្នេះការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ ទាំងរដ្ឋាភិបាល វិស័យឯកជន និង អង្គការសង្គមស៊ីវិលគឺជារឿងសំខាន់មួយ ដើម្បីធ្វើឱ្យប្រទេសមានការរីកចម្រើន។
នាយកប្រតិបត្តិរូបនេះបន្តថា គោលដៅអភិវឌ្ឍន៏ដែលប្រកបទៅដោយនិរន្តរភាពឬគោលដៅជាសកលគឺជារបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបទៅដោយនិរន្តរភាពដែលបានអនុម័តដោយមេដឹកនាំពិភពលោកនៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនោះ។ ក្នុងរយៈពេល១៥ឆ្នាំបន្ទាប់ គោលដៅថ្មីទាំងនេះ ដែលអនុវត្តចំពោះប្រទេសទាំងអស់នៅលើសកលលោក នឹងខំប្រឹងប្រែងបញ្ចប់គ្រប់ទម្រង់នៃភាពក្រីក្រ ការប្រយុទ្ធប្រឆាំងនឹងវិសមភាព និងការដោះស្រាយបញ្ហាអាកាសធាតុជាដើម។
លោកបញ្ជាក់ថា គោលដៅអភិវឌ្ឍន៏ដែលប្រកបទៅដោយនិរន្តរភាពដាក់ចេញជា១៧ គោលដៅដើម្បីសម្រាប់ការអនុវត្តពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ ដែលគោលដៅទាំងនោះនឹងបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់ បញ្ចប់ភាពស្រេកឃ្លាន សម្រេចសន្តិសុខស្បៀង ធ្វើឲ្យប្រសើរនូវចំណីអាហារ លើកកម្ពស់វិស័យកសិកម្មលើកកម្ពស់សុខភាពប្រព័ន្ធអប់រំធ្វើឲ្យសម្រេចនូវសមភាពយេនឌ័រ លើកកម្ពស់កំណើនសេដ្ឋកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ លើកកម្ពស់ឧស្សាហូបនីកម្ម និងគាំទ្រការច្នៃប្រឌិតជាដើម។
លោកស្រី ធីតា ឃឹះ នាយិការអង្គការ សីលការ បានលើកឡើងថា បញ្ហាយេនឌ័រ បានធ្លាក់ចូលទៅគ្រប់គោលដៅ ពិសេស ភាពក្រីក្រ។ យ៉ាងណាលោកស្រីមើលឃើញថា ការយល់ដឹងនៃការធ្វើសុច្ចនាករ និងការធ្វើឱ្យសុច្ចនាករមានទិសដៅនិមួយៗ នៅមានភាពរអាករអួលច្រើន សម្រាប់រដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យផែនការដាក់ចេញមានការយឺតយ៉ាវ ធ្វើឱ្យសង្គមស៊ីវិលមានការព្រួយបារម្ភ និងទាមទារឱ្យមានការចូលរួមពិភាក្សាគ្នាឱ្យបានគ្រប់ភាគី។ ប៉ុន្តែសង្គមស៊ីវិលបានមើលឃើញថា រដ្ឋាភិបាល បាននិងកំពុងប្តេជ្ញាចិត្ត ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យសម្រេចបានតាមផែនការ របស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០៣០៕