កីឡា ៖ កម្ពុជានឹងបញ្ជូនកីឡាការិនី ០៣រូប ទៅចូលរួមការប្រកួតជើងឯកប្រដាល់សកលនារី ទ្វីបអាស៊ី ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ នៅប្រទេសវៀតណាម ។ នេះបើយោងតាមការឲ្យដឹងពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។
កីឡាការិនី៣រូបដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងបញ្ជូនទៅចូលរួមនោះរួមមានកីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦០ kg ,កីឡាការិនី អេព្រីយ៉ានុត ភូថង ប្រភេទទម្ងន់ ៥៧ kg និង កីឡាការិនី នៅ ស្រីពៅ ប្រភេទទម្ងន់ ៥៤ kg ហើយបច្ចុប្បន្ននេះកីឡាការិនីទាំង៣រូបនេះកំពុងធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ជាមួយ លោកគ្រូបង្វឹក វ៉ែន សុផល នៅសាលហ្វឹកហាត់ក្រុមជម្រើសជាតិប្រដាល់ នៅក្នុងពហុកីឡដ្ឋានជាតិ ។
តាមការបញ្ជាក់របស់សហព័ន្ធបានឲ្យដឹងថាក្រុមកីឡាការិនីប្រដាល់សកលកម្ពុជា នឹងចេញដំណើរទៅចូលរួមប្រកួតជើងឯកអាស៊ីនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះដែលដឹកនាំដោយ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕